​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ចា​ស្ទីន ប៊ី​បឺ បាន​បង្ហើប​ថា គាត់​ព្រួយបារម្ភ​ជួប​ការលំបាក​ក្នុងកា​រញ៉ាំ បន្ទាប់ពី​ទទួលរង​នូវ​ការ​វៀច​មុខ​បណ្តោះអាសន្ន​ពី​រោគសញ្ញា​ជំងឺ Ramsay Hunt គឺ​តែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ត្រូវ​បាន​បង្ខំចិត្ត​លុបចោល​កាលបរិច្ឆេទ​នៅក្នុង​កម្មវិធី Justice World Tour របស់​គាត់​ហើយ​បាន​សុំ​ឱ្យ​អ្នកគាំទ្រ​ជួយ​បន់​ស្រល់​ឱ្យ​គាត់​។​

​តារាចម្រៀង​ប៉ុប​វ័យ ២៨ ឆ្នាំ​រូប​នេះ​បាន​ចូល Instagram របស់​គាត់​កាលពី​ថ្ងៃ​សុក្រ​ទី​១០​មិថុនា​ដើម្បី​ចែករំលែក​វីដេអូ​រយៈពេល ៣ នាទី​ដែល​ពន្យល់​ពី​ការធ្វើ​រោគវិនិច្ឆ័យ​ដែល​បង្ហាញ​ជំងឺ​ពាក់​​ព័ន្ធ​សរសៃប្រសាទ ដែល​អាច​នាំ​ឱ្យ​វៀច​មុខ​។​

​យោង​តាម​វេបសាយ Mayo Clinic ការបាត់បង់​ការ​ស្តាប់​និង​ការ​វៀច​លើ​ផ្ទៃមុខ​ដែល​ទាក់ទង​នឹង​រោគសញ្ញា​ជំងឺ Ramsay Hunt គឺ​មាន​លក្ខណៈ​បណ្តោះអាសន្ន ប៉ុន្តែ​ក៏​អាច​ក្លាយជា​អចិន្ត្រៃយ៍​ដែរ​។​

​ភ្នែក​ខាងស្តាំ​របស់​ចា​ស្ទីន​មិន​អាច​ព្រិច​ភ្នែក​បាន​ទេ ហើយ​ផ្នែក​ខាងស្តាំ​នៃ​មុខ​របស់​គាត់​មិន​កម្រើក​បានឡើយ នៅពេល​ដែល​គាត់​ចាប់ផ្តើម​វីដេអូ ដោយ​និយាយថា “​សួស្ដី​អ្នក​ទាំងអស់​គ្នា ចា​ស្ទីន​នៅទីនេះ ខ្ញុំ​ចង់​ប្រាប់​អ្នក​ទាំងអស់​គ្នា​អំពី​អ្វី​ដែល​កំពុង​កើតឡើង​”​។​

“​ជាក់ស្តែង ដូច​ដែល​អ្នក​អាច​មើលឃើញ​ជាមួយនឹង​មុខ​របស់​ខ្ញុំ​។ ខ្ញុំ​មាន​រោគសញ្ញា​ហៅថា Ramsay Hunt ហើយ​មេរោគ​នេះ​ហើយ​ដែល​វាយប្រហារ​សរសៃប្រសាទ​ត្រចៀក​និង​សរសៃប្រសាទ​មុខ​របស់​ខ្ញុំ ហើយ​បណ្តាល​ឱ្យ​មុខ​របស់​ខ្ញុំ​វៀច​”​។​

​ក្រោយមក ចា​ស្ទីន​បាន​ធ្វើ​បច្ចុប្បន្ន​ភាពសា​រ​បង្ហោះ​ដ៏​ក្រៀមក្រំ​នៅលើ Instagram Story របស់គាត់ ខណៈ​គាត់​សរសេរថា “​ការ​ញ៉ាំ​កាន់តែ​ពិបាក​ទៅៗ ពិតជា​ខកចិត្ត​ខ្លាំងណាស់​សូម​បន់ស្រន់​ឱ្យ​​ខ្ញុំ​ផង​”៕

​ចា​ស្ទីន​វៀច​មុខ​ដោយ​សារ​រោគសញ្ញា​ជំងឺ Ramsay Hunt