​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ការ​លុតជង្គង់​ម្ខាង​សុំ​រៀបការ​នៅ​មិនទាន់​អស្ចារ្យ​នៅឡើយ​ទេ​។ ផ្ទុយ​មកវិញ គូស្នេហ៍​ខ្លះ​បាន​ជះ​លុយ​រហូតដល់ ២០ ម៉ឺន​ផោន​លើ​សំណើ​សុំ​រៀបការ​ហើយ​នោះ​មិន​រាប់​​បញ្ចូល​ចិញ្ចៀន​ផង​ទេ​។

​ថ្លែងប្រាប់ MailOnline Travel ក្រុមហ៊ុន​រៀបចំ​ការសុំ​រៀបការ​ដ៏​ប្រណីត​ចំនួន​បួន​បាន​លាតត្រដាង​នូវ​ការ​ភ្ជាប់ពាក្យ​ថ្លៃ​ហួសហេតុ​បំផុត ដែល​ពួកគេ​បាន​បំពេញ​ជូន​អតិថិជន​ក្នុងនោះ​អនាគត​​កូនកំលោះ​ក្រមុំ​បាន​ចុះ​ពី​ឧទ្ធម្ភាគចក្រ មើល​ការបាញ់​កាំជ្រួច​ពី​នាវា​ប្រណីត និង​ដក​ចិញ្ចៀនពេជ្រ​ចេញពី​ផ្ទាំង​ទឹកកក​នៅ​ប្រទេស​អ៊ី​ស្លង់​សម្រាប់​ជា​ផ្នែក​មួយ​នៃ​និន្នាការ​ពិសេស​សម្រាប់​ការសុំ​រៀបការ​​ដ៏​ថ្លៃ​និង​ពោរពេញ​ដោយ​ប្រណីតភាព​។​

​នៅពេល​និយាយ​ដល់​ការសុំ​រៀបការ​ដ៏​ហ៊ឺហា​ជាមួយនឹង​គម្រោង​ធ្វើដំណើរ ក្រុមហ៊ុន Black Tomato ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍​និង​ញូវយ៉ក​គឺជា​អ្នក​នាំមុខ​គេ​នៅលើ​ទីផ្សារ​មិនអាច​ប្រកែក​​បាន​នោះឡើយ​។

​រាល់​ការសុំ​រៀបការ​នីមួយៗ​រៀបចំ​ដោយ​ក្រុមហ៊ុន Black Tomato គឺ​ធ្វើឡើង​នៅ​ទីកន្លែង​លំហែកាយ ដែល​ក្រុមហ៊ុន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០០៥​នេះ ជ្រើសរើស​យ៉ាង​យកចិត្តទុកដាក់​បំផុត​។

​សហ​ស្ថាបនិក​លោក ថម ម៉ា​ឆាន (Tom Marchant) បាន​បង្ហើប​ថា ការភ្ជាប់​ពាក្យ​ដ៏​លេចធ្លោ​បំផុត​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​គឺ​បាន​កើតឡើង​នៅ​ប្រទេស​ម៉ុង​ហ្គោលី​នៅពេលដែល​ពួកគេ​បាន​បញ្ជូន​​គូស្នេហ៍​មួយគូ​ឱ្យទៅ​បរបាញ់​សត្វ​ជាមួយ​អ្នកប្រមាញ់​ក្នុងស្រុក​ជនជាតិ​កា​ហ្សាក់​ស្ថាន​ម្នាក់ (​ជា​ជនពនេចរ​តាម​បែប​ប្រពៃណី​នៅ​អាស៊ី​កណ្តាល​) ដែល “​ឥន្ទ្រី​បង្ហាត់​យ៉ាង​ល្អ​ឥតខ្ចោះ​” របស់​គាត់​បាន​ជួយ​គាត់​​បរបាញ់​សត្វ​កញ្ជ្រោង​ពណ៌​ក្រហម​និង​ស ។ លោក​ថម​បាន​រំលឹកថា “​បន្ទាប់​ពី​ឥន្ទ្រី​បាន​ប្រទះឃើញ​សត្វ​កញ្ជ្រោង​ពី​ចម្ងាយ សត្វ​ស្លាប​ដ៏​ខ្លាំងពូកែ​នេះ​ហោះ​ទៅ​វាយប្រហារ​ភ្លាម ប៉ុន្តែ​ជា​ជាង​ត្រឡប់​មក​វិញ​ជាមួយ​សាកសព​កញ្ជ្រោង វា​បាន​ត្រឡប់​មក​វិញ​ជាមួយ​នឹង​ចិញ្ចៀន​ភ្ជាប់ពាក្យ​”​។

​នៅពេលដែល​ក្រុម​ការងារ​បាន​ដឹងថា​គូស្នេហ៍​មួយគូ​ផ្សេង​ទៀត​មាន​ចំណង់​ចំណូលចិត្ត​ក្នុងការ​មុជទឹក​មើល​បាតសមុទ្រ ពួកគេ​បាន​បង្កើត “​ការសុំ​រៀបការ​ដ៏​រំភើប​” ដែល​ពាក់ព័ន្ធ​នឹង​គូស្នេហ៍​នេះ “​លោត​” ពី​ឧទ្ធម្ភាគចក្រ​ចូលទៅ​ក្នុង​អន្លង់​សមុទ្រ​ឈ្មោះ Great Blue Hole ដែល​ជា​អន្លង់​សមុទ្រ​ដ៏​ល្បីល្បាញ​នៅ​ឆ្នេរសមុទ្រ​របស់​ប្រទេស​បេលីស (Belize) ។ លោក​ថម​និយាយថា​”​ពួកគេ​បាន​រុករក​ប្រព័ន្ធ​​ថ្ម​ប៉ប្រះ​ទឹក​នៅ Blue Hole ជា​លក្ខណៈ​ឯកជន​ពេញលេញ ហើយ​បន្ទាប់មក​បាន​រៀបចំ​កា​រ​ភ្ជាប់ពាក្យ​សម្រាប់​ពួកគេ​”៕