​ដោយៈ​សុផល​/ភ្នំពេញ​៖ ណាហ្គា​វើ​លដ៍ បានផ្តល់​រង្វាន់​ដល់​អត្ត​ព​លិ​ក​មេដាយមាស គ្រូបង្វឹក និង​ប្រតិភូ​គណៈកម្មការ​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា​នូវទឹកប្រាក់​សរុប ៨៨.​០​០​០$ (​ប្រាំបី​ម៉ឺន​ប្រាំបី​ពាន់​ដុល្លារ​អាម៉េរិក​)​ដែលជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​ឧបត្ថម្ភ​“​ណាហ្គា​វើ​លដ៍​ឆ្ពោះទៅរក​មេដាយមាស​”​ជាមួយ​គណៈកម្មការ​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា ខណៈ​កាលពី​ស៊ី​ហ្គេម​ឆ្នាំ​២០១៩ ណាហ្គា​វើ​លដ៍​ក៏បាន​ឧបត្ថម្ភ​ដល់​អត្ត​ព​លិ​ក​មេដាយមាស​សរុប ៣៦.០០០$ (​បី​ម៉ឺន​ប្រាំមួយ​ពាន់​ដុល្លារ​អាម៉េរិក​)​ផងដែរ។

​ប្រទេស​កម្ពុជា បានឈ្នះ​មេដាយ​ច្រើន​បំផុត​បំបែក​ឯតទគ្គ​កម្ម​រប​ស់​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១ ក្នុងពេល​ថ្មីៗ​នេះ​ដោយ​រកបាន​មេដាយមាស ៩ គ្រឿង ប្រាក់ ១៣ គ្រឿង និង​សំរឹទ្ធិ ៤១ គ្រឿង​ដែល​សរុប​ស្មើនឹង​មេដាយ ៦៣ គ្រឿង​។ កាលពី​ស៊ី​ហ្គេម​លើក​ទី​៣០ ក្នុង​ឆ្នាំ​២០១៩ កម្ពុជា​បានឈ្នះ​មេដាយមាស ៤ គ្រឿង ប្រាក់ ៦ គ្រឿង និង​សំរឹទ្ធិ ៣៦ គ្រឿង រីឯ​ស៊ី​ហ្គេម​លើក​ទី​៣១ អត្ត​ព​លិ​ក​កម្ពុជា​បានឈ្នះ​មេដាយមាស ៩ គ្រឿងក្នុង​វិញ្ញាសា​ឃី​ក​បុក​ស៊ី​ង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ប៉េតង់​វាយ​គូ​ចម្រុះ​បុរស​នារី​២​នាក់​ទល់​២​នាក់ ប៉េតង់​៣​នាក់​ទល់​៣​នាក់​នារី តៃ​ក្វាន់​ដូ​ប្រភេទ​ទម្ងន់​ក្រោម​៧៤​គីឡូក្រាម វ៉ូ​វី​ណា​ម​សម្តែង​ការពារ​ខ្លួន​ចម្រុះ​នារី​១​បុរស​៣​មាន​អាវុធ វ៉ូ​វី​ណា​ម​បុរស​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម វ៉ូ​វី​ណា​ម​សម្តែង​ជា​ក្រុម​ការពារ​ខ្លួន​កាំបិត​ធំ​បុរស​២​នាក់ ចំបាប់​បុរស​ប្រភេទ​ទម្ងន់​១២៥​គីឡូក្រាម និង​ប្រដាល់​គុន​ខ្មែរ​ទម្ងន់​៦៣,៥​គីឡូក្រាម​។

​ពិធី​ប្រគល់​រង្វាន់​នេះ មានការ​ចូលរួម​ពី​លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។

​លោកបណ្ឌិត ថោង ខុន បាន​មានប្រសាសន៍ថា “​យើងខ្ញុំ​មាន​សុទិដ្ឋិនិយម​ជាខ្លាំង​នៅពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​លើកដំបូង​នៅ​ឆ្នាំក្រោយ​។ មេដាយមាស​កាលពី​ពេល​ថ្មីៗ​របស់​អត្ត​ព​លិ​ក​របស់​យើង បានផ្តល់​ជំនឿ​ចិត្ត​ថា ក្រុមកីឡា​របស់​យើង និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា កំពុងស្ថិត​នៅក្នុង​គន្លង​មួយ​ដ៏​ត្រឹមត្រូវ​ឆ្ពោះទៅរក​ជ័យជំនះ​ដ៏​ត្រចះត្រចង់​។យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​ណាហ្គា​វើ​ល​ដ៍ដែល​បាននិង​កំពុង​ចូលរួម​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​យើង​មិនដែលខាន និងជួយឱ្យទទួលបាន​ជោគ​ជ័យ​គួរ​ឲ្យ​កត់​សម្គា​ល់​ជាច្រើន​នៅក្នុង​ការប្រកួត​លើ​ឆាក​អន្តរជាតិ​”​។

​សូមបញ្ជាក់ថា កិច្ចព្រមព្រៀង​ឧបត្ថម្ភ​“​ណាហ្គា​វើ​លដ៍​ឆ្ពោះទៅរក​មេដាយមាស​” ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បានចាប់ផ្តើម​ក្នុង​ឆ្នាំ​២០១១ ហើយ​មកដល់​បច្ចុប្បន្ន​មាន​រយៈពេល ១០ ឆ្នាំ​។ ក្នុង​កិច្ចព្រមព្រៀង​នោះ ណាហ្គា​វើ​លដ៍​នឹង​ផ្តល់​រង្វាន់​ជា​ទឹកប្រាក់​ដល់​អត្ត​ព​លិ​ក​មេដាយមាស​ឯកត្តជន​ចំនួន ៦.០០០$ (​ប្រាំមួយ​ពាន់​ដុល្លារ​អាម៉េរិក​) អត្ត​ព​លិ​ក​មេដាយមាស​ក្រុម ១០.០០០$ (​មួយ​ម៉ឺន​ដុល្លារ​អាម៉េរិក​) រីឯ​គ្រូបង្វឹក​ទទួលបាន ១.០០០$ (​មួយ​ពាន់​ដុល្លារ​អាម៉េរិក​) ហើយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ទទួលបាន ១.០០០$ (​មួយ​ពាន់​ដុល្លារ​អាម៉េរិក​) សម្រាប់​មេដាយមាស​ដែល​អត្ត​ព​លិ​ក​បានឈ្នះ​។

​ណាហ្គា​វើ​លដ៍​នឹង​បន្ត​គាំទ្រ​ដល់​ការលើកកម្ពស់ និង​អភិវឌ្ឍ​វិស័យ​កីឡា​ក្នុងប្រទេស​កម្ពុជា​ដោយមាន​កម្មវិធី​សហគមន៍​ជាច្រើន​ផ្តួចផ្តើមឡើង​ដោយ​ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស​ដែលជា​ផ្នែក​ការងារ​សង្គម​របស់​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​។ ណាហ្គា​វើ​លដ៍​ក៏បាន​ឧបត្ថម្ភ​ដោយផ្ទាល់​ដល់​ក្រុម​ជម្រើសជាតិ និង​ការរៀបចំ​ការប្រកួត​បា​ល់​ទាត់ កីឡា​តេ​ន្នី​ស ឃី​ក​បុក​ស៊ី​ង បាល់ឱប បាល់ទះ ក្បាច់គុន​ចម្រុះ និង​ការប្រកួត​ជាច្រើន​ទៀតផង​ដែរ​។ ការចូលរួម​ទាំងនេះ បាន​ជួយ​បង្កើន​គុណភាព​នៃ​ការប្រកួត​លក្ខណៈ​ជាតិ តំបន់ និង​អន្តរជាតិ​ឲ្យ​កាន់តែខ្លាំង​មួយកម្រិត​ទៀត​ដល់​អត្ត​ព​លិ​ករ​បស់​ព្រះរាជាណាចក្រ​កម្ពុជា​៕Ph

សូមអបអរសាទរដល់អត្តពលិកកម្ពុជាដែលបានឈ្នះមេដាយមាស៩គ្រឿងក្នុងព្រឹត្តិការណ៍ កីឡា ស៊ីហ្គេមលើកទី៣១
ណាហ្គាវើលដ៍ បានផ្តល់ទឹកប្រាក់រង្វាន់សរុប ៨៨.០០០$ (ប្រាំបីម៉ឺនប្រាំបីពាន់ដុល្លារអាម៉េរិក) ដល់អត្តពលិកមេដាយមាស គ្រូបង្វឹក និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា
លោកបណ្ឌិតថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងជាប្រធានគណៈកម្មាធិការ​ជាតិ​អូឡាំ​ពិក​​កម្ពុជា និងនាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen ប្រគល់មូលប្បទានបត្រ ១០.០០០$​ ​(មួយម៉ឺនដុល្លារអាម៉េរិក)ដល់ក្រុមអត្តពលិក​មេដាយមាសវ៉ូវីណាម​សម្តែងការពារ​ខ្លួន​ចម្រុះនារី១បុរស៣មានអាវុធ ជ្រិន ប៊ុនឡុង លី បូរ៉ាមី ប្រាក់ សុវណ្ណនី និងប៉ាល់ ឆរស្ម៊ី និង​គ្រូបង្វឹក១.០០០$(មួយពាន់ដុល្លារអាម៉េរិក)អមដោយលោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃ​គណៈ​​​​កម្មាធិការជាតិអូឡាំពិកកម្ពុជា