ដោយៈ សុផល / កែបៈ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ អន្តរជាតិ​កូរ៉េ (​ក​យ​កា​-KOICA) និង​សមាគម​អតីត​កម្មសិក្សាការី កម្ពុជា​-​កូរ៉េ (​ស​.​អ​.​ក​.​ក​-CAMKAA) កាលពី​ថ្ងៃទី​១០ ខែមិថុនា បានរៀបចំ “​សិក្ខាសាលា​សមាជិក​គណៈ​កម្ម​ការប្រតិបត្តិ CAMKAA” នៅ ខេត្ត​កែប ដើម្បី​ពិនិត្យឡើងវិញ នូវ​ផែនការ​ប្រចាំឆ្នាំ និង​ពិភាក្សា អំពី​ការរៀបចំ សកម្មភាព​សង្គម ។​

​លោក នោ ហ្យ​ន់​ជូន (RHO Hyunjun) ប្រធាន​តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ អន្តរជាតិ​កូរ៉េ (​ក​យ​កា​-KOICA) ប្រចាំ​នៅ​កម្ពុជា និង​លោក អ៊ឹម សួរ ប្រធាន​សមាគម​អតីត ម្ម​សិក្សា​ការី​កម្ពុជា​-​កូរ៉េ (​ស​.​អ​.​ក​.​ក​-CAMKAA) និង​ជា​អគ្គលេខាធិការរង ក្រុមប្រឹក្សា អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​អញ្ជើញ​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ ព្រមទាំង​មានការ​ចូលរួម ពី​មន្ត្រី​របស់ ក​យ​កា​-KOICA និង សមាជិក​គណៈកម្មការ​ប្រតិបត្តិ​របស់ CAMKAA ផងដែរ​។​

​សូម​រំលឹកថា សមាគម មានឈ្មោះ​ជា​ផ្លូវការ​ថា សមាគម​អតីត​កម្មសិក្សាការី​កម្ពុ​ជា​-​កូរ៉េ សរសេរ​អក្សរ​កាត់ (​ស​.​អ​.​ក​.​ក​) ជា​ភាសា​អង់គ្លេស Cambodia-Korea Alumni Association សរសេរ​អក្សរ​កាត់​ភាសា​អង់គ្លេស (CAMKAA) គឺជា​សមាគម មិន​ប្រកាន់​និន្នាការ​នយោបាយ ឯករាជ្យ និង​មិន​ស្វែងរក​ប្រាក់ចំណេញ​។ CAMKAA ត្រូវបាន​ចុះបញ្ជី នៅ​ក្រសួងមហាផ្ទៃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ឆ្នាំ​២០០២​។

​សមាគម​នេះ ស្ថិតនៅក្រោម​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ពី​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ (​ក​យ​កា​-KOICA) នៃ​សាធារណរដ្ឋ​កូរ៉េ​។ ដំបូង​ឡើយ សមាគម​នេះ មាន​ឈ្មោះថា “​ក្លឹប​ខ្ញុំ​ស្រឡាញ់​កូរ៉េ​” ឬ​ជា​ភាសា​អង់គ្លេស​ថា “I Love Korea Club”​។​

​សមាគម​អតីត​កម្មសិក្សាការី​កម្ពុ​ជា​-​កូរ៉េ (​ស​.​អ​.​ក​.​ក​-CAMKAA) គឺជា​វេទិកា​មួយ សម្រាប់​សិក្ខាកាម​ទាំងអស់ ជាង ៣.៣៦៨ នាក់ ដែល​ពួកគាត់​បាន​ចូលរួម​ក្នុង​កម្មវិធី បណ្តុះបណ្តាល​របស់ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ (​ក​យ​កា​-KOICA) ដើម្បី​ទ្រទ្រង់ និង​ពង្រឹង​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ ចាប់តាំងពី​ឆ្នាំ​១៩៩៤ រហូតដល់​ឆ្នាំ​២០២០ ហើយ​សមាគម​អតីត កម្មសិក្សាការី​កម្ពុជា​-​កូរ៉េ (​ស​.​អ​.​ក​.​ក​-CAMKAA) បានរៀបចំ​សកម្មភាព​សង្គម​ជាច្រើន សម្រាប់​ការអភិវឌ្ឍ នៅ​មូលដ្ឋាន ក្នុងប្រទេស​កម្ពុជា ដោយ​សហការ​ជាមួយ ការិយាល័យ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ (​ក​យ​កា​) ប្រចាំ​នៅ​កម្ពុជា​។​

“​សិក្ខាសាលា​សមាជិក​គណៈ​កម្ម​ការប្រតិបត្តិ CAMKAA” ត្រូវបាន​ប្រារព្ធ​ឡើង ជា​លើកដំបូង ក្នុងឆ្នាំនេះ ដែលជា​ផ្នែក​មួយ​នៃ​ផែនការ សកម្មភាព​ប្រចាំឆ្នាំ​របស់ CAMKAA ។ ព្រឹត្តិការណ៍​នេះ មាន​គោលបំណង ដូចជា ពិនិត្យឡើងវិញ នូវ​ផែនការ​ប្រចាំឆ្នាំ និង​ពិភាក្សា អំពី​ការរៀបចំ​សកម្មភាព​សង្គម សិក្ខាសាលា​ថ្នាក់​តំបន់ ការជួបជុំ​ប្រចាំឆ្នាំ និង​ពិភាក្សា​អំពី ការបោះឆ្នោត​ជ្រើសរើស សមាជិក​គណៈកម្មការ​ប្រតិបត្តិ CAMKAA ។​

​លោក អ៊ឹម សួរ បាន​មានប្រសាសន៍ថាៈ ឥឡូវនេះ កម្ពុជា​អាច​ទប់ស្កាត់​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ បាន​ហើយ ដូច្នេះ​យើង​មានឱកាស ក្នុងការ​ពង្រីក​សកម្ម​ភាព​សង្គម​បន្ថែមទៀត​។ ដូច្នេះហើយ យើង​រៀបចំ​សិក្ខាសាលា ដើម្បី​ពិនិត្យមើល​សមិទ្ធផល​សំខាន់ៗ នៃ​ឆ្នាំ ២០២០-២០២១ ដើម្បី​ពិភាក្សា អំពី​របៀបវារៈ​សំខាន់ៗ ដូចជា ការរៀបចំ​សកម្មភាព​សង្គម​សិក្ខាសាលា ចែករំលែក​ចំណេះដឹង ពិធី​ជួបជុំ​ប្រចាំឆ្នាំ​២០២២ និង​ការបោះឆ្នោត​ជ្រើសរើស​សមាជិក គណៈកម្មការ​ប្រតិបត្តិ​របស់ CAMKAA​។​

​លោក នោ ហ្យ​ន់​ជូន (RHO Hyunun) បាន​វាយ​តំលៃ​ខ្ពស់ អំពី​សិក្ខាសាលា​នេះ ដោយ​លោក​បាន​មានប្រសាសន៍ថាៈ សមាគម​អតីត​ម្ម​សិក្សា​ការី​កម្ពុជា​-​កូរ៉េ (​ស​.​អ​.​ក​.​ក​-CAMKAA) នឹង​បន្ត​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​។​

​លោក​ក៏បាន​មានប្រសាសន៍ បន្ថែមទៀតថាៈ ការិយាល័យ ក​យ​កា​-KOICA ប្រចាំ​ប្រទេស​កម្ពុជា បាន​នឹង​កំពុង​ជួយ​ដល់​សមាជិក CAMKAA ដើម្បី​អនុវត្ត​នូវ​អ្វី ដែល​ពួកគេ​បាន​សិក្សា ទៅ​ការងារ​ជាក់ស្តែង​របស់​ពួកគេ និង​ផ្តល់ជំនួយ​ដល់​ជន​ងាយ​រងគ្រោះ តាម​បណ្តា​ខេត្ត​នានា​ផងដែរ​។ ក្នុង​ភាពជា​ដៃគូ​ជាមួយ CAMKAA ពួកយើង ក៏បាន​ធ្វើ សកម្មភាព​ជាច្រើន ដើម្បី​លើកកម្ពស់​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​កូរ៉េ និង​កម្ពុជា​។​

​សិក្ខាកាម​ទាំងអស់ បាន​ចូលរួម​យ៉ាងសកម្ម នៅក្នុង​សិក្ខាសាលា​នេះ និង​បានផ្តល់​ការពិភាក្សា យ៉ាង​ផុសផុល ក្នុងអំឡុងពេល​សិក្ខាសាលា ទៅលើ​ប្រធានបទ ដែល​បានលើកឡើង ដែល​នាំ​ឲ្យ សិក្ខាសាលា​នេះ ទទួលបាន​លទ្ធផល ជា​ផ្លែផ្កា​ជាច្រើន​៕/V​