ដោយៈសុផល/ភ្នំពេញ:ក្នុងករណីផ្លាកលេខយានជំនិះបាក់ រហែក រលុបអក្សរឬលេខ ឬត្រូវប្តូរថ្មី ត្រូវការឯកសារអ្វីខ្លះ ដើម្បីប្តូរបានផ្លាកលេខថ្មី?

យោងតាមក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា៖ផ្លាកលេខយានជំនិះបាក់ រហែក រលុបអក្សរឬលេខ ឬត្រូវប្តូរថ្មី អាចធ្វើការស្នើសុំប្តូរផ្លាកលេខថ្មីបាន ប៉ុន្តែរក្សាស៊េរី និងលេខនៅដដែល ហើយចំពោះផ្លាកលេខ ដែលរលុប ឬឆ្កូតតិចតួចអាចកំណត់អត្តសញ្ញាណយានជំនិះបាន មិនតម្រូវឱ្យធ្វើការប្តូរនោះទេ។

ការស្នើសុំប្ដូរ បណ្ណ និង/ឬផ្លាកលេខសម្គាល់យានជំនិះដែលជាកម្មសិទ្ឋិរូបវន្តបុគ្គល ឬក្រុមហ៊ុន ត្រូវបំពេញបែបបទ និងភ្ជាប់ជាមួយនូវសំណុំឯកសារ ដូចខាងក្រោម៖

– ពាក្យស្នើសុំ (ដែលមានបិតកាល់លេខតួ ឬលេខសាក់ស៊ី ដែលចម្លងជាក់ស្តែងពីយានជំនិះ)

– អត្តសញ្ញាណម្ចាស់កម្មសិទ្ឋិករណី (ជារូបវន្តបុគ្គល)

. ពលរដ្ឋខ្មែរ៖ ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ច

. ជនបរទេស៖ ច្បាប់ថតចម្លងលិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាព ដោយមានផ្តិតស្នាមមេដៃរបស់សាម៉ីខ្លួន និងច្បាប់ដើមលិខិតបញ្ជាក់ទីលំនៅបច្ចុប្បន្នចេញដោយស្ថាប័នមានសមត្ថកិច្ច

– អត្តសញ្ញាណម្ចាស់កម្មសិទ្ឋិករណី (ជាក្រុមហ៊ុន)

. ច្បាប់ថតចម្លងវិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម ដែលមានបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ច

. ច្បាប់ថតចម្លងបណ្ណប៉ាតង់ ដែលមានបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ច

– បណ្ណសម្គាល់យានជំនិះដែលត្រូវប្តូរ (ករណីបណ្ណសម្គាល់ រហែក ខូច ឬរលុបមើលមិនឃើញ)

– ផ្លាកលេខសម្គាល់យានជំនិះដែលត្រូវប្តូរ រ (ករណីបណ្ណសម្គាល់ រហែក ខូច ឬរលុបមើលមិនឃើញ)

– វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ច្បាប់ថតចម្លង (ករណី ត្រីចក្រយានយន្ត និងរថយន្ត)។

ចំណែកទាក់ទងនឹងកម្រៃសេវាសាធារណ ក្រសួងសាធារណការបានឱ្យដឹងថា៖បណ្ណសម្គាល់ទោចក្រយានយន្ត ឬត្រីចក្រយានយន្ត ចំនួន ៣១ ០០០រៀល។ បណ្ណសម្គាល់ទោចក្រយានយន្ត ឬត្រីចក្រយានយន្ត(ក្រុមហ៊ុន) ៥០ ០០០រៀល។ផ្លាកលេខសម្គាល់ទោចក្រយានយន្ត ឬត្រីចក្រយានយន្ត ៣១ ០០០រៀល។

ផ្លាកលេខរថយន្តធុនស្រាល (ផ្លាកម្ខាង)៣៨ ០០០រៀល។ផ្លាកលេខរថយន្តធុនស្រាល (ផ្លាក1គូ) ៦៥ ០០០រៀល។ផ្លាកលេខរថយន្តធុនស្រាល (ផ្លាកម្ខាង) លេខពិសេសផ្ទាល់ខ្លួន១២០ ០០០រៀល។ផ្លាកលេខរថយន្តធុនស្រាល (ផ្លាក1គូ)លេខពិសេសផ្ទាល់ខ្លួន ២៤០ ០០០រៀល។ផ្លាកលេខរថយន្តធុនធំ (ផ្លាកម្ខាង)៥២ ០០០រៀល។ផ្លាកលេខរថយន្តធុនធំ (ផ្លាក1គូ)៧០ ០០០រៀល។ផ្លាកលេខរថយន្តធុនធំ (ផ្លាកម្ខាង)លេខពិសេសផ្ទាល់ខ្លួន ១៥០ ០០០រៀល

។ ផ្លាកលេខរថយន្តធុនធំ (ផ្លាក1គូ)លេខពិសេសផ្ទាល់ខ្លួន ៣០០ ០០០រៀល។ផ្លាកលេខខ្នាតធំ (ផ្លាកម្ខាង)លេខពិសេសផ្ទាល់ខ្លួន១២០ ០០០រៀលនិង ផ្លាកលេខខ្នាតធំ (ផ្លាក1គូ)លេខពិសេសផ្ទាល់ខ្លួន ១៨០ ០០០រៀល៕