ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ ប្រមុខការពារជាតិកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ និងរដ្ឋមន្រ្តីក្រសួងការពារប្រទេសចិនបានជួបពិភាក្សាការងារជាមួយគ្នា ក្នុងគោលដៅដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឱ្យកាន់តែប្រសើរឡើងថែមទៀត ដោយឈរលើគោលការណ៍ជឿជាក់គ្នា យោគយល់គ្នា គោរពគ្នា និងផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

ជំនួបពិភាក្សារវាងប្រមុខការពារជាតិទាំងពីរបានធ្វើឡើងនៅក្នុងឱកាសទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៩ នៅប្រទេសិង្ហបុរី នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ នេះ។

យោងតាមហ្វេសប៊ុកផ្លូវការរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានសរសេរយ៉ាងដូច្នេះថា “នៅក្នុងឱកាសទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៩ នៅប្រទេសិង្ហបុរី ខ្ញុំបានជួបពិភាក្សាការងារជាមួយលោក រដ្ឋមន្រ្តីក្រសួងការពារប្រទេសចិន ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការ ភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឱ្យកាន់តែប្រសើរឡើងថែមទៀត ដោយឈរលើគោលការណ៍ជឿជាក់គ្នា យោគយល់គ្នា គោរពគ្នា និងផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក”។

តបតាមការអញ្ជើញរបស់បណ្ឌិត ចន ឈីបមែន អគ្គនាយក និងជាប្រធានប្រតិបត្តិនៃវិទ្យាស្ថានអន្តរជាតិ សម្រាប់សិក្សាយុទ្ធសាស្ត្រ សម្តេច ទៀ បាញ់ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមភូមិន្ទ ទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី១៩ (កិច្ចសន្ទនាសាំងហ្គីឡា) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០-១២ ខែមិថុនា ឆ្នាំ២០២២ នៅប្រទេសសិង្ហបុរី។

កិច្ចប្រជុំកំពូលសម្រាប់ឆ្នាំ២០២២ នឹងមានកិច្ចពិភាក្សាក្នុងសម័យប្រជុំពេញអង្គចំនួន៧ លើប្រធានបទដូចជា ៖ (១) ជំហានបន្ទាប់នៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកសហរដ្ឋអាមេរិក (២) ការគ្រប់គ្រងការ ប្រកួតប្រជែងភូមិសាស្ត្រនយោបាយក្នុងតំបន់ពហុប៉ូល (៣) ការបង្កើតទម្រង់ថ្មីនៃកិច្ចសហប្រតិបត្តិការ សន្តិសុខ (៤) ទំនើបកម្មយោធា និងសមត្ថភាពការពារជាតិថ្មីៗ (៥) ចក្ខុវិស័យរបស់ប្រទេសចិនទៅ លើសណ្តាប់ធ្នាប់តំបន់ (៦) បញ្ហាប្រឈមតាមអ៊ីនធឺណិត និងការវិវត្តនៃបច្ចេកវិទ្យាការពារជាតិ និង (៧) គំនិតថ្មីសម្រាប់ការធានាស្ថិរភាពក្នុងតំបន់។ កិច្ចប្រជុំកំពូលក៏នឹងមានក្រុមពិភាក្សាតូចៗ នៅក្នុង សម័យប្រជុំពិសេសចំនួន៤ ផងដែរ ដែលរួមមាន (i) សន្តិសុខអាកាសធាតុ និងវិស័យការពារជាតិ បៃតង (ii) តួនាទីអាវុធនុយក្លេអ៊ែរក្នុងសន្តិសុខតំបន់ (ii) បញ្ហាមីយ៉ាន់ម៉ា៖ ការស្វែងរកវិធីសាស្ត្រឆ្ពោះ ទៅមុខ និង (iv) សន្តិសុខលម្ហសមុទ្រ៖ ពីក្រមសីលធម៌ឈានទៅទំនាក់ទំនងនៅពេលមានវិបត្តិ។

ក្នុងឱកាសចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី១៩ សម្តេចពិជ័យសេនា ទៀ បាញ់ នឹងអញ្ជើញថ្លែងសេចក្តីថ្លែងការណ៍ប្រកបដោយអត្ថន័យខ្លឹមសារ នៅក្នុងសម័យប្រជុំពេញអង្គទី៤ ស្ដីពី “ទំនើបកម្មយោធា និងសមត្ថភាពការពារជាតិថ្មីៗ” ដោយផ្ដោតលើទស្សនៈលើបញ្ហាប្រឈមនានា ដែលអាចបង្កឡើងដោយការអភិវឌ្ឍវិស័យយោធាយ៉ាងលឿននៅក្នុងតំបន់ និងមុខងារដែលសមត្ថភាព ថ្មីៗទាំងនោះអាចដើរតួនាទីក្នុងការរក្សាតុល្យភាពស្ថិរភាពតំបន់។

ក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២នេះ សម្តេចពិជ័យសេនា ក៏នឹងថ្លែងគូសបញ្ជាក់អំពីគោលជំហររបស់កម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់តួនាទី និងសាមគ្គីភាពអាស៊ាន រួមគ្នាដោះស្រាយបញ្ហាប្រឈមសន្តិសុខនានា ស្របតាមមូលបទ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន “សាមគ្គីភាពដើម្បីសន្តិសុខប្រកបដោយភាពសុខដុម”។

ក្រៅពីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលខាងលើ សម្ដេចពិជ័យសេនា ក៏នឹងមានជំនួបពិភាក្សាការងារទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារជាតិនៃបណ្ដាប្រទេសមួយចំនួន ដូចជា អូស្ត្រាលី សិង្ហបុរី និង សហរដ្ឋអាមេរិក ក៏ដូចជាទទួលការចូលជួបសម្ដែងការគួរសមពីសំណាក់ឥស្សជនសំខាន់ៗ រួមមាន នាយកគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ៕