​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ គណបក្ស​ប្រជាជន​កម្ពុជា ជានិច្ចកាល​តែងតែ​គិតគូរ អំពី​សុខុមាលភាព របស់​ប្រជាពលរដ្ឋ តាមរយៈ​ការដាក់ចេញ នូ​ផែនការ យុទ្ធសាស្ត្រ​នានា ជាក់ស្តែង ដូចជា​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ស្តីពី​ការគ្រប់គ្រង និង​បង្ការ​ភាព​ពិការភ្នែក ២០២១-២០៣០ នេះ​ជាដើម​។ នេះ​ជាការ​បញ្ជាក់​របស់លោក ស សុខា រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​ពិធី​ប្រគល់​វ៉ែនតា ជូន​បងប្អូន ប្រជាពលរដ្ឋ ចំនួន ២០០ នាក់ ក្នុងស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ដោយ​ឥតគិតថ្លៃ នា​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២២ ។​

​លោក ស សុខា បាន​បន្តទៀតថាៈ ក្នុងន័យនេះ ការរៀបចំ​កម្មវិធី​វាស់​កាត់ និង​ប្រគល់​វ៉ែនតា ជូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​ថ្មពួក ដោយ​ឥតគិតថ្លៃ​នេះ ពិតជា​បានរួម​ចំណែក​ឆ្លើយតប ទៅនឹង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ដែល​បាន​ដាក់ចេញ ដោយ​ក្រសួងសុខាភិបាល ក្នុងការ​ទប់ស្កាត់ និង​បង្ការ​ភាព​ពិការភ្នែក នៅ​កម្ពុជា ។​

​រដ្ឋលេខាធិការ​ក្រសួង​អប់រំ រូបនេះ បាន​គូសបញ្ជាក់ថាៈ កម្មវិធី​ជួបជុំ​ប្រគល់​វ៉ែនតា​នេះ ក៏ដូចជា​កម្មវិធី​ជួបជុំ​ផ្សេងៗ​ទៀត ពិតជា​មិនអាច​ប្រព្រឹត្តទៅបាន ដោយ​រលូន​នោះឡើយ ប្រសិនបើ​ប្រទេសជាតិ គ្មាន​សុខសន្តិភាព មាន​ជម្លោះ​ប្រដាប់អាវុធ​កើតឡើង រួមទាំង​ការ​រាតត្បាត នៃ​ជំងឺ​កាច​សាហាវ​កូ​វីដ​-១៩ នោះ ។ ទោះបី​មួយរយៈ​ចុងក្រោយ​នេះ កម្ពុជា​ត្រូវ​រំខាន ដោយ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ក្តី ក៏ប៉ុន្តែ​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ បានដាក់​ចេញ​នូវ​វិធានការ ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ ក្នុងការ​ទប់ស្កាត់ មិន​ឲ្យ​ជំងឺ​ដ៏​កាច​សាហាវ​នេះ អាច​គំរាមកំហែង ដល់​សុខុមាលភាព របស់​ប្រជាពលរដ្ឋ បាន​ទៀតឡើយ​។ ជាក់ស្តែង រហូតមកដល់​ពេលនេះ កម្ពុជា​របស់​យើង ពុំបាន​រកឃើញ​មាន​ករណី​ឆ្លង​ថ្មី នៃ​វីរុស​កូ​វីដ​-១៩ ទៀត​នោះឡើយ ក្នុង​រយៈពេល​ជាង ១​ខែ មកនេះ ។​

​ជាមួយគ្នានេះ លោ​កស សុខា ក៏បាន​អំពាវនាវ ៤​ចំណុច ដល់​លោកយាយ លោកតា ពុក​ម៉ែ បងប្អូន​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ដូចខាងក្រោម ៖
១. សូម​យកចិត្តទុកដាក់ ថែទាំ​សុខភាព ឲ្យ​គត់មត់ ដើម្បី​បង្ការ​ជំងឺ​ផ្សេងៗ ក្នុង​រដូវវស្សា​នេះ ជាពិសេស​បង្ការ​ជំងឺឆ្លង ដែល​បណ្តាលមកពី​ការប្រើប្រាស់​ទឹក​មិន​ស្អាត ឬ​ចំណីអាហារ ដែល​មិនបាន​ចម្អិន​ឲ្យ​បាន​ត្រឹមត្រូវ ។​
២. សូម​យកចិត្តទុកដាក់​តាមដាន និង​ពិនិត្យ​ភ្នែក​របស់ខ្លួន អោយបាន​ជាប្រចាំ ឬ​ក្នុងករណី សង្ស័យ ឬ​មាន​រោគសញ្ញា ពាក់ព័ន្ធ​នឹង​ភ្នែក​កើតឡើង ។​
៣. សូម​បង្កើន​ការយកចិត្តទុកដាក់ ចំពោះ​សុខភាព​ភ្នែក របស់​កុមារ​តូចៗ កុំ​បណ្តោយ​ឲ្យ លេង​ទូរស័ព្ទ ឬ​លេង​ហ្គេម​ហួស​កំរិត ដែល​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​ភ្នែក​នៅពេល​ខាងមុខ ។​
៤. សូម​បន្តទៅ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ ឲ្យ​បាន​គ្រប់​ដូ​ស តាម​ការណែនាំ​របស់ ក្រសួងសុខាភិបាល ជាពិសេស​មន្ទីរ ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​រាជធានី ខេត្ត ក៏ដូចជា​អាជ្ញាធរ​ស្រុក ក្រុង ខណ្ឌ ឃុំ សង្កាត់ ជាដើម​។​

​គួរ​បញ្ជាក់ថា តាម​របាយការណ៍​រប​ស់ គណៈកម្មការ​ជាតិ​សុខភាព​ភ្នែក ទៅលើ​ការស្រាវជ្រាវ ថ្មីៗ​នេះ អត្រា​នៃ​ភាព​ពិការភ្នែក បាន​ធ្លាក់ចុះ​ពី ០,៣៨ មក ០,៣៧% ក្នុងចំណោម​ពលរដ្ឋ ទូទៅ និង​ពី ២,៨% មក ២,៥% ចំពោះ​ពលរដ្ឋ​កម្ពុជា ដែលមាន​អាយុ​ចាប់ពី ៥០​ឆ្នាំ​ឡើងទៅ ។ ក្រៅពីនេះ ប្រទេស​កម្ពុជា​យើង បានសម្រេច​នូវ​សមិទ្ធផល​ដ៏​ធំធេង​មួយទៀត គឺ​ការលុបបំបាត់ ជំងឺ​ត្រាក់កូម ឬ​ជំងឺ​អៀស៊ីភ្នែក ឱ្យអស់ តាំងពី​ឆ្នាំ​២០១៥ មក ដែល​ទទួលស្គាល់ ដោយ​អង្គការ​សុខភាព​ពិភពលោក ។ នេះ​បើ​យោងតាម​របាយការណ៍ របស់ ក្រសួងសុខាភិបាល ពេល​ប្រកាស​ផ្សព្វផ្សាយ ផែនការ​យុទ្ធសាស្ត្រ​ជាតិ ស្តីពី​ការគ្រប់គ្រង និង​បង្ការ​ភាព​ពិការភ្នែក ២០២១-២០៣០ កាលពីពេល​ថ្មីៗ​នេះ​៕/V​