ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ លោកស្រី ឌិ​ត នី​តា ភរិយា លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​លោកស្រី ម៉ុម ថា​នី រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បាន​អញ្ជើញ​ចូលរួម អបអរសាទរ​ទិវា​កុមារ​អន្តរជាតិ ១​មិថុនា ខួប​លើក​ទី​៧៣ ក្រោម ប្រធានបទ «​វិនិយោគ​លើ​និរន្ត​ភាព​ធនធានធម្មជាតិ ជីវៈចម្រុះ ជាការ​វិនិយោគ លើ​អនាគត​កុមារ​គ្រប់រូប​”​។​

​ពិធី​នេះ ត្រូវបាន​រៀបចំឡើង នា​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២២ នា​ទីស្តីការ​ក្រសួងបរិស្ថាន ដើម្បី​អបអរ​សារ​ទរ ទិវា​កុមារ​អន្តរជាតិ ១​មិថុនា តែ​ត្រូវបាន​ពន្យារពេល មក​ប្រារព្ធ​នៅ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២២ នេះ​វិញ​។​

​គួរ​បញ្ជាក់ថា ពិធី​នេះ​មានការ​ចូលរួម​ពី មន្ត្រី​របស់​ក្រសួងបរិស្ថាន និង​កុមារ​ដែលជា​កូនៗ​របស់ មន្ត្រី​ក្រសួងបរិស្ថាន ជាច្រើនរូប ដោយ​ក្តី​សប្បាយរីករាយ និង​ប្រកបដោយ​ភាពស្និទ្ធស្នាល ក្នុងនាម​ជា​គ្រួសារ​តែមួយ​។​

​ក្នុង​ពិធី​នេះ គេ​ឃើញ​មានការ​សម្តែង​របស់​កុមារ ដូចជា​ការដើរ​បង្ហាញ​ម៉ូត ដែល​សុទ្ធសឹង​អប់រំ ពី​ការចូលរួម​ការពារ​ប​រិ​ស្ថាន និង​អប់រំ​កុមារ​ឱ្យ​យល់ដឹង​ពី​សង្គម ដើម្បីឱ្យ​ពួកគេ ក្លាយជា​ធនធានមនុស្ស ដ៏​មាន​សក្តានុពល ទៅ​ថ្ងៃ​ខាងមុខ​។ ក្រៅពីនេះ ក៏មាន​ការរៀបចំ ល្បែង​កម្សាន្ត ជាច្រើន​ទៀត ដើម្បីឱ្យ​កុមារ មក​ចូលរួម បាន កម្សាន្ត ដើម្បី​បង្កើត​បរិយាកាស សប្បាយរីករាយ នៅក្នុង​ពិធី​នេះ​ផងដែរ​។​

​ក្រៅពីនេះ ក៏មាន​គ្រូពេទ្យ​ជំនាញ សុខភាព​មាត់​ធ្មេញ បាន​ឡើង​ថ្លែង ដើម្បី​ផ្សព្វផ្សាយ​អប់រំ ពី​ការថែរក្សា​សុខភាព​មាត់​ធ្មេញ ដើម្បីឱ្យ​កុមារ និង​ពិសេស​ឪពុកម្តាយ បាន​យល់ដឹង​ជ្រួតជ្រាប ក្នុងការ​ថែរក្សា​សុខភាព​មាត់​ធ្មេញ ឱ្យបាន​ល្អ ចៀសវាង​បង្ក​ការប៉ះពាល់ នៅ​ថ្ងៃ​អនាគត ដែលនាំឱ្យ​ជួប​ផល​លំបាក ដល់​កុមារ​។​

​គួរ​បញ្ជាក់ថា នា​ក្នុងឱកាស​នោះដែរ លោកស្រី ឌិ​ត នី​តា និង​លោកស្រី ម៉ុម ថា​នី រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បាន​ចែក​សម្ភារៈ​សិក្សា និង​សម្ភារ​ប្រើប្រាស់​ចាំំ​បាច់ មួយចំនួនទៀត ជូន​ដល់​កុមារ ដែល​បានមក​ចូលរួម ក្នុង​កម្មវិធី​នេះ សម្រាប់​ទុក​សិក្សា និង ប្រាស់​ប្រាស់​ប្រចាំថ្ងៃ ជាច្រើន​នាក់​ទៀតផង​។​

​កម្មវិធី​នេះ បានរៀបចំ​ដោយមាន​ការបង្ហាញ​វីដេអូ​ខ្លី ស្តីពី​ការអប់រំ​បរិស្ថាន ចំណេះដឹង សុខភាព​មាត់​ធ្មេញ និង​ការធ្វើ​អនាម័យ​។ ការ​ទស្សនា តាម​ស្តង់​មន្ទីរពិសោធន៍ (​មីក្រូ​ទស្សន៍​) Poster លើ​តុ​ស្តីពី​ការញែក​សំរាម និង​ធុង​សំណល់​គ្រោះ​ថា្នក់​ស្តង់​ធនធាន​ជីវៈចម្រុះ (​សំណាក​ជីវៈចម្រុះ​) ស្តង់​អប់រំ​បរិស្ថាន និង​ធនធានធម្មជាតិ ស្តង់​បង្ហាញ​ពី​ផូស៊ីល ស្តង់​កម្សាន្ត សម្រាប់​កុមារ​គូរ​មុខ​, កាច់​ប៉េងប៉ោង , គំនូរ និង​ផាត់​ពណ៌​រូបភាព​, ផ្គុំ​រូប ល្បែង​បោះ​បាល់ និង​បណ្តើ​របាល់ និង​ស្តង់​និទានរឿង​បែប​អប់រំ (story telling) អំពី​ធនធានធម្មជាតិ និង​ជីវៈចម្រុះ ផងដែរ ៕/V​