​ដោយ​៖ ម៉េង​ឆៃ / ភ្នំពេញ​៖ នៅក្នុង​សប្តាហ៍​នេះ មាន​ព្រឹត្តិការណ៍​ជាតិ​ជាច្រើន បានកើត​ឡើង​។ ក្នុងនោះ មាន​ព្រឹត្តិការណ៍​លេចធ្លោ​មួយចំនួន ដូចជា ការបោះឆ្នោត​ឃុំ សង្កាត់ និង​បញ្ហា​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក នៅ​សមុទ្រ​រាម ជាដើម​។​

១- គ​.​ជ​.​ប ប្រកាសថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ កាលពី​ថ្ងៃទី​៥ មិថុនា មាន​ពលរដ្ឋ​ចូលរួម​បោះឆ្នោត ជាង ៧ លាន​នាក់

​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ កាលពី​ថ្ងៃអាទិត្យ ទី​៥ ខែមិថុនា ត្រូវបាន គ​.​ជ​.​ប ប្រកាសថា មាន​ប្រជាពលរដ្ឋ បាន​ទៅ​បោះឆ្នោត ជាង ៧ លាន​នាក់ ស្មើនឹង​ជាង ៨០% ក្នុងចំណោម​អ្នក​ដែលមាន​ឈ្មោះ ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត សរុប​ជាង ៩​លាន ២០​ម៉ឺន​នាក់​។ ទន្ទឹមនឹងនេះ ដំណើរការ​នៃ​ការបោះឆ្នោត​ប្រព្រឹត្ត​ឃុំ​សង្កាត់ កាលពី​ថ្ងៃអាទិត្យ នៅ​ទូទាំងប្រទេស ក៏ត្រូវ​បាន គ​.​ជ​.​ប គណបក្ស​ចូលរួម​ការបោះឆ្នោត និង​អ្នកសង្កេតការណ៍​ជាតិ​-​អន្តរជាតិ ប្រកាស​ដាច់ដោយឡែក​ពីគ្នា​ថា បាន​ប្រព្រឹត្តិ​ទៅដោយ ល្អប្រសើរ ប្រកបដោយ​តម្លាភាព និង​ក្នុង​បរិយាកាស សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។ ប៉ុន្តែ​គណបក្ស​ភ្លើងទៀន និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បានលើកឡើង​ផ្សេងគ្នា ពី​ភាពមិនប្រក្រតី​មួយចំនួន ក្នុងពេល​បោះឆ្នោត​។ ប៉ុន្តែ​គណបក្ស​ទាំងពីរ​នេះ បានប្រកាស ទទួលយក​លទ្ធផល​បោះ​ឆ្នោត​ឃុំ សង្កាត់ កាលពី​ថ្ងៃទី​៥ មិថុនា ដោយ​គ្មាន​គម្រោង​ប្រមូលផ្តុំ អ្នកគាំទ្រ ធ្វើបាតុកម្ម​តវ៉ា​អ្វី​ឡើយ​។​

២- អ្នកសង្កេតការណ៍​អន្តរជាតិ ប្រមាណ ២០ ស្ថាប័ន​ធំៗ វាយតម្លៃថា ការបោះឆ្នោត នៅ​កម្ពុជា មាន​យុត្តិធម៌ សន្តិភាព អហឹ​ង្សា និង​គោរព​តាម​ក្បួនច្បាប់​អន្តរជាតិ​

​អ្នកសង្កេតការណ៍​អន្តរជាតិ ប្រមាណ ២០ ស្ថាប័ន​ធំៗ កាលពី​ថ្ងៃទី​៦ ខែមិថុនា បានរួម​គ្នា ធ្វើ​សន្និសីទ​សារព័ត៌មាន បញ្ជាក់​ជំហរ​របស់ខ្លួន ជុំវិញ​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់ នៅ​កម្ពុជា កាលពី​ថ្ងៃទី​៥ ខែមិថុនា ដោយ​ប្រកាសថា ការបោះឆ្នោត​នេះ បាន​បិទ​បញ្ចប់ ដោយ​ជោគជ័យ ក្រោម​បរិយាកាស​ជារួម មាន​យុត្តិធម៌ សន្តិភាព អហិង្សា និង​គោរព​តាម ក្បួនច្បាប់​អន្តរជាតិ​។​

៣-​សម្ដេច​ក្រឡាហោម ស ខេង សរសើរ និង​អរគុណ​កងកម្លាំង​គ្រប់​ប្រភេទ និង​អាជ្ញាធរ ដែល​ចូលរួម​ថែរក្សា​សន្ដិសុខ ក្នុង​ដំណើរការ​បោះឆ្នោត

​កាលពី​ថ្ងៃទី​៧ ខែមិថុនា គណៈបញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍ សម្រាប់​ការបោះឆ្នោត ដែលមាន​សម្តេច​ក្រឡាហោម ស ខេង ជា​ប្រធាន បាន​ថ្លែង​ការកោតសរសើរ និង​អរគុណ ចំពោះ​កងកម្លាំង​គ្រប់​ប្រភេទ និង​អាជ្ញាធរ ដែល​ចូលរួម​ថែរក្សា​សន្ដិសុខ សណ្ដាប់ធ្នាប់ សាធារណៈ និង​សុវត្ថិភាព​សង្គម បានល្អ​ប្រសើរ នៅ​គ្រប់​ដំណាក់កាល នៃ​ការបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៥​នេះ​។ គណៈបញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍ បាន​ចាត់ទុកថា ការបោះឆ្នោត ដំណើរការ​ទៅដោយ​ជោគជ័យ ក្រោម​បរិយាកាស​ស្ងប់ស្ងាត់ សុខសន្តិភាព និង​គ្មាន​អំពើហិង្សា គឺ​បានបង្ហាញ​ទៅកាន់​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ឲ្យ​ឃើញ​ពី​ការប្តេជ្ញាចិត្ត​របស់​កម្ពុ​ជា ក្នុងការ​អនុវត្ត​គោលការណ៍ នៃ​លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ដូច​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​។

៤-​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ធានា​អះអាងថា មូលដ្ឋានទ័ព​សមុទ្រ​រាម មិន​បង្ក​ការ​គំរាម កំហែង ដល់​ប្រទេស​ណាមួយ​ទេ ហើយក៏​មិនមែន​ឱ្យ​ចិន ប្រើប្រាស់​ផ្តាច់មុខ​នោះដែរ

​កាលពី​ព្រឹក ថ្ងៃទី​៨ ខែមិថុនា សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​លោក វ៉ាង វិ​ន​ធាន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា បាន​អញ្ជើញ បើក​ការដ្ឋាន​សាងសង់ រោង​ជាង​ជួសជុល​នាវា ២​គ្រឿង ផែ​សំចត និង​ស្តារ​ឃ្លាំង នៅ​មជ្ឈមណ្ឌល​ទំនើបកម្ម​មូលដ្ឋាន​សមុទ្រ​រាម​។ ក្នុង​ពិធី​នោះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​អះអាងថា មូលដ្ឋានទ័ព​សមុទ្រ​រាម មិនមែន​ប្រគល់ឱ្យ​ចិន ប្រើប្រាស់​ផ្តាច់មុខ ដូច​ការចោទប្រកាន់​នោះទេ​។ សម្តេច​ប្រមុខ​ការពារ ជាតិ ក៏​ធានាថា ការបង្កើន​សមត្ថភាព​មូលដ្ឋានទ័ព​សមុទ្រ​រាម គឺ​គ្មាន​ចេតនា បង្ក​ការ​គំរាម កំហែង​ដល់​ប្រទេស​ណាមួយ​នោះទេ​។​

៥- ប្រមុខ​ការទូត​កម្ពុជា ច្រានចោល​ការចោទប្រកាន់ អំពី​មូលដ្ឋាន​កងទ័ពជើងទឹក​រាម

​ពាក់ព័ន្ធ​នឹង​ការកែលំអ​មូលដ្ឋាន​កង​ទ័ពជើងទឹក​រាម នាពេលនេះ ប្រមុខ​ការទូត​កម្ពុជា លោក ប្រាក់ សុខុន បានបញ្ជាក់​ជាថ្មី​ថា ការកែលំអ​មូលដ្ឋាន កងទ័ពជើងទឹក​រាម​នេះ គឺធ្វើឡើង ដើម្បី​ពង្រឹងសមត្ថភាព កងទ័ពជើងទឹក​រប​ស់​កម្ពុជា ដើម្បី​ការពារ​បូរណភាព​ដែនសមុទ្រ​របស់ ខ្លួន និង​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ឧក្រិដ្ឋកម្ម តាម​ដែនសមុទ្រ​ប៉ុណ្ណោះ​។ កម្ពុជា ក៏​មិនមែន អនុញ្ញាត​ឱ្យមាន​មូលដ្ឋាន ឬ​វត្តមាន​កងទ័ព​បរទេស នៅលើ​ទឹកដី​កម្ពុជា​នោះឡើយ​។ ប្រមុខ​ការទូត​កម្ពុជា បានលើកឡើង​ដូច្នេះ ក្នុងពេល​ជួប​សន្ទនា​តាម​ទូរស័ព្ទ ជាមួយ​រដ្ឋមន្ត្រី ការបរទេស​ថ្មី​របស់​អូស្ត្រាលី កាលពី​ថ្ងៃទី​៧ មិថុនា​។​

៦-​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ដូ​ស​ទី​៥ ចាប់ផ្តើម​ចាក់​ជូន ក្រុមមន្ត្រី​រដ្ឋាភិបាល និង​មន្ត្រី​ជួរមុខ នា​ព្រឹក​ថ្ងៃទី​៩ មិថុនា​

​កាលពី​ព្រឹក​ថ្ងៃទី​៩​មិថុនា គណៈកម្មការ​ចំពោះ​កិច្ច ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ក្នុង​ក្របខណ្ឌ ទូទាំងប្រទេស បានចាប់ផ្តើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ដូ​ស​ទី​៥ ជូន​ដល់​ក្រុមមន្ត្រី រាជរដ្ឋាភិបាល និង​មន្ត្រី​ជួរមុខ​។ ការចាក់​វ៉ាក់សាំង ដូ​ស​ទី​៥ នាពេលនេះ បានធ្វើ​ឡើង ខណៈដែល​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា​យើង លែងមាន​អ្នក​ឆ្លង និង​មិនមាន​អ្នកស្លាប់ ប្រមាណ ១​ខែ​មកហើយ​។​

៧- ក្រសួងសុខាភិបាល ណែ​នាំឱ្យ​ពលរដ្ឋ ការពារ​ការចម្លង ជំងឺ​ពងបែក​ដៃជើង និង​ក្នុង​មាត់ លើ​កុមារ​តូចៗ

​កាលពី​ថ្ងៃទី​៩ ខែមិថុនា ក្រសួងសុខាភិបាល បាន​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ ការពារ​ការចម្លង ជំងឺ​ពងបែក​ដៃជើង និង​ក្នុង​មាត់ លើ​កុមារ​តូចៗ​។ សេចក្តីណែនាំ​នេះ បានធ្វើ​ឡើង បន្ទាប់ពី​ជំងឺ​ពងបែក​ដៃជើង និង​ក្នុង​មាត់ ត្រូវបាន​រកឃើញថា បាន​កើតឡើង​រប៉េះរប៉ោះ នៅតាម​បណ្តា​ខេត្ត​មួយចំនួន​។​

៨- ពលរដ្ឋ​រស់នៅ​ជាយ​រាជធានី​ភ្នំពេញ នឹងមាន​ទឹកស្អាត​ប្រើប្រាស់ នៅ​ឆ្នាំ​២០២៣
​នៅពេលនេះ រោងចក្រ​ផលិត​ទឹកស្អាត ចំនួន ៤​ទីតាំង នៅក្នុង​រាជធានី​ភ្នំពេញ មានលទ្ធភាព​ផលិត​ទឹកស្អាត បាន​ប្រមាណ ៦​សែន​ម៉ែត្រគូប ក្នុង​មួយថ្ងៃ គ្រា​ដែល​តម្រូវការ ទឹកស្អាត ជា​មធ្យម ក្នុង​មួយថ្ងៃ នៅ​រាជធានី​ភ្នំពេញ មាន​ប្រមាណ​ជាង ៨ សែន​ម៉ែត្រគូប​។ ក្នុងនោះ ពលរដ្ឋ​រស់នៅក្នុង​សង្កាត់​ព្រៃ​ស ជាយ​រាជធានី​ភ្នំពេញ ប្រមាណ ៣​ម៉ឺន​គ្រួសារ នៅ​មិនទាន់មាន​ទឹកស្អាត ប្រើប្រាស់​នៅឡើយ​។ ក្នុង​សន្និសីទកាសែត រៀបចំ​ដោយ​ទីស្តីការ គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​៩ ខែមិថុនា អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បានប្រកាសថា ពលរដ្ឋ​ទាំង​ប្រមាណ ៣ ម៉ឺន​គ្រួសារ​នេះ អាចមាន​ទឹកស្អាត​ប្រើប្រាស់ នៅ​ឆ្នាំ​២០២៣ គ្រា​ដែល​ពលរដ្ឋ​រស់នៅ​ជាយក្រុង​ភ្នំពេញ​ទាំងអស់ ក្នុង​រង្វង់​ផ្ទៃដី ៦៧០ គីឡូម៉ែត្រ​ការ៉េ នឹង​អាចមាន​ទឹកស្អាត​ប្រើប្រាស់ ចន្លោះ​ពី​ឆ្នាំ​២០២៤ ដល់​ឆ្នាំ​២០២៦ ខាងមុខ​។

៩-​ព្រះមហាក្សត្រ និង​ព្រះ​ចៅ​ស៊ុ​លត​ង់ ជឿជាក់ថា ទំនាក់ទំនង​កម្ពុជា​-​ព្រុយ​ណេ នឹង​បន្ត​រីកចម្រើន​កាន់តែខ្លាំង​

​ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី និង​ព្រះ​ចៅ​ស៊ុ​ល​តង់​ព្រុយ ណេ ហា​ជី ហាស​សា​ណា​ល់ បុល​គី​យ៉ា​ស់ បានចេញ​ព្រះរាជសារ អបអរសាទរ ក្នុងឱកាស ខួប​អនុស្សាវរីយ៍ លើក​ទី​៣០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​ព្រុយ​ណេ​។ ក្នុង​ព្រះរាជសារ ព្រះមហាក្សត្រ និង​ព្រះ​ចៅ​ស៊ុ​លត​ង់ ជឿជាក់ថា ទំនាក់ទំនង​កម្ពុជា​-​ព្រុយ​ណេ នឹង​បន្ត​រីកចម្រើន​កាន់តែខ្លាំង​។​

១០- គ​.​ជ​.​ប ទទួល​សម្ភារៈ និង​ឯកសារ​បម្រើការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់

​ពិធី​ប្រគល់ និង​ទទួល​សម្ភារៈ​ឯកសារ​ប​ម្រើ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ត្រូវបាន​ធ្វើឡើង នៅ​ឃ្លាំង គ​.​ជ​.​ប ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១០ ខែមិថុនា​។ ក្នុង​ជំ​ហ៊ាន​ដំបូង​នេះ គ​.​ជ​.​ប បានទទួល​នូវ​សម្ភារៈ និង​ឯកសារ​បម្រើការ​បោះឆ្នោត ឃុំ​សង្កាត់ ក្នុង​ខេត្ត​ចំនួន ៧ រួមមាន​៖ ខេត្តកំពង់ចាម​, កំពត ,​ព្រៃវែង រតនគិរី​, ស្វាយរៀង ,​កែប និង​ខេត្ត​ប៉ៃលិន​។ ដំណើរការ​ប្រគល់ និង​ទទួល​សម្ភារៈ​ឯកសារ​ប​ម្រើ​ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ​-​សង្កាត់ បន្ត​រហូតដល់​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២២​។ ក្នុងនោះ នៅ​ថ្ងៃទី​១៣-១៤ ខែមិថុនា គជប នឹង​ផ្ទៀងផ្ទាត់​លទ្ធផល​បោះឆ្នោត នៅ​ទីស្តីការ គ​.​ជ​.​ប​។​

១១- គ​.​ជ​.​ប ទទួល​ពាក្យបណ្តឹង ៨៥ បណ្តឹង ពាក់ព័ន្ធ​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់
​គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត (​គជប​) នៅ​ថ្ងៃទី​១០ ខែមិថុនា បានប្រកាស​ពី ការទទួល​បណ្តឹង​សរុប​ពី គណបក្សនយោបាយ ដែល​ចូលរួម​ការបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ កាលពី​ថ្ងៃទី​៥ មិថុនា កន្លងទៅ ចំនួន ៨៥​បណ្តឹង​។ លោក សោម សូ​រី​ដា អ្នកនាំពាក្យ គ​. ជ​.​ប បាន​បញ្ជាក់ថា គ​.​ជ​.​ប នឹង​បន្ត​ដោះស្រាយ​គ្រប់​ពាក្យបណ្តឹង​ទាំងអស់ ឱ្យបាន​ទាន់ពេលវេលា ខណៈ​បណ្តឹង​ចំនួន ៨ ត្រូវបាន​ដោះស្រាយ​រួចរាល់​ហើយ​។​

១២-​សម្តេច​តេ​ជោ ហ៊ុន សែន ស្នើ​មេដឹកនាំ​មី​យ៉ាន់​ម៉ា ពិចារណា​ឡើងវិញ នូវ​ការផ្តន្ទាទោស ប្រហារជីវិត លើ​ក្រុមប្រឆាំង

​ក្នុង​លិខិត កាលពី​ថ្ងៃទី​១០ ខែមិថុនា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាម​ជា ប្រធាន​អាស៊ាន បានស្នើ​ឱ្យ​នាយ​ឧ​ត្ត​ម​សេនីយ៍ មីន អោ​ង​ឡាំង ( Min Aung Hlaing) មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា ពិចារណា​ឡើងវិញ​នូវ ការផ្តន្ទាទោស​ប្រហារជីវិត លើ​ក្រុមប្រឆាំង ។ សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើងថា ការផ្តន្ទាទោស និង​ផែនការ​ប្រហារជីវិត​លើ​បុគ្គល មួយចំនួន ដែល​ប្រឆាំងនឹង​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ បាន​បង្កឱ្យមាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង ក្នុងចំណោម​រដ្ឋ​សមាជិក​អាស៊ាន ក៏ដូចជា​ដៃគូ​ខាងក្រៅ​របស់​អាស៊ាន​។ កម្ពុជា​ជឿជាក់ថា ផែនការ​ប្រហារជីវិត​នេះ ប្រសិនបើ​ត្រូវបាន​អនុវត្ត ប្រាកដជា នឹង​បង្កឱ្យមាន​ប្រតិកម្ម​អវិជ្ជមាន រីក​រាលដាល​ពេញ​សហគមន៍​អន្តរជាតិ​។ នេះ​ក៏​នឹង​ជះឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ ដល់​កិច្ចខិតខំ ប្រឹងប្រែង របស់​អាស៊ាន និង​កម្ពុជា ក្នុងឋានៈ​ជា​ប្រធាន​អាស៊ាន ដើម្បី​គាំទ្រ​មី​យ៉ាន់​ម៉ា ឱ្យ​វិល ទៅរក​ភាពប្រក្រតី​ឡើងវិញ និង​ស្វែងរក​ដំណោះស្រាយ ដោយ​សន្តិវិធី ចំពោះ​វិបត្តិ​បច្ចុប្បន្ន តាមរយៈ​ដំណើរការ​សន្ទនា ដែលមាន​បរិ​យា​ប័ន្ន ស្របតាម​កិច្ចព្រមព្រៀង ជា​ឯកច្ឆ័ន្ទ ប្រាំ ចំណុច របស់​អាស៊ាន​។​

១៣- ៥​ខែ ក្នុង​ឆ្នាំ​២០២២ នេះ គ្រុនឈាម កើនឡើង​ជាង ១០០% ដោយ​កើតមាន ១.៣៥៤ នាក់ ស្លាប់ ៣ នាក់

​ក្រសួងសុខាភិបាល បានប្រកាស​កាលពី​យប់​ថ្ងៃទី​១០ ខែមិថុនា​ថា ជំងឺគ្រុនឈាម ក្នុងអំឡុង ២២ សប្តាហ៍ ដើមឆ្នាំ​២០២២ ពោលគឺ​ចាប់ពី​ខែមករា ដល់​ខែឧសភា មាន​ចំនួន ១.៣៥៤ ករណី ក្នុងនោះ ស្លាប់​ចំនួន ៣​ករណី​។ ពោលគឺ ករណី​គ្រុនឈាម បាន​កើនឡើង​ជាង ១០០% បើ​ធៀប​នឹង​ឆ្នាំ​២០២១ ក្នុង​រយៈពេល​ដូចគ្នា​។
​យោងតាម​លទ្ធផល​ការអង្កេត​បាណក​សាស្ត្រ រួមផ្សំ​នឹង​កត្តា​អាកាសធាតុ ដែល​កំណើន ទឹកភ្លៀង ក្នុងអំឡុងពេល​ដើមឆ្នាំ​នេះ អាច​សន្និដ្ឋានបានថា ចំនួន​ជំងឺគ្រុនឈាម នឹង​ប្រឈម​ការកើនឡើង​កាន់តែខ្លាំង ក្នុង​រដូវវស្សា​នេះ នៅតាម​ភូមិ ឃុំ និង​ទីប្រជុំជន​នៃ បណ្តា​ខេត្ត​មួយចំនួន ជាពិសេស​ខេត្ត ដែលមាន​កំណើន​ការសាងសង់​អគារ (​ការដ្ឋាន​សំណង់​) និង​មាន​ប្រជាជន​រស់នៅ​ច្រើន​កុះករ​។ ជំងឺគ្រុនឈាម អាច​កើត​លើ​មនុស្ស គ្រប់​វ័យ វា​បង្កឡើង​ដោយ​សត្វ​មូស​ខ្លា​ញី​ខាំ​បឺត​ឈាម ចម្លង​មេរោគ​គ្រុនឈាម ពី​មនុស្ស​ម្នាក់ ទៅ​ម្នាក់ទៀត​។ សត្វ​មូស​ខ្លា បង្កបង្កើត​កូនចៅ នៅក្នុង​ទឹកថ្លា ស្អាត និង​ចូលចិត្ត​រស់នៅ ជិត​មនុស្ស វា​ហើរ​បាន​ចម្ងាយ​មិន​លើសពី ១៥០​ម៉ែត្រ ពី​ទីកន្លែង​កកើត​។​

១៤-​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ចេញ​សេចក្តីថ្លែងការណ៍ ស្តីពី​ការបាញ់​សាកល្បង មី​ស៊ី​ល​ថ្មីៗ នៅ​ឧបទ្វីប​កូរ៉េ​

​សេចក្តីថ្លែងការណ៍​រប​ស់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន បញ្ជាក់ថា «​អាស៊ាន សម្តែង​ការ​ព្រួយ បារម្ភ​យ៉ាងខ្លាំង ចំពោះ​ការកើនឡើង​នាពេល​ថ្មីៗ នូវ​ការសាកល្បង​មី​ស៊ី​ល​អន្តរទ្វីប និង​ការបាញ់​មី​ស៊ី​ល របស់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ (​កូរ៉េខាងជើង​)​។ ការវិវឌ្ឍ​ដ៏​គួរឱ្យ​ព្រួយបារម្ភ​នេះ បង្ហាញ​ពី​កំណើន​ភាព​តានតឹង​លើ​ឧបទ្វីប​កូរ៉េ និង​គំរាមកំហែង ដល់​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក​»​។ រដ្ឋមន្ត្រីការបរទេស​អាស៊ាន បាន​ទទួលស្គាល់ថា អស្ថិរភាព​នៅ​ឧបទ្វីប​កូរ៉េ ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សន្តិភាព និង​ស្ថិរភាព ក្នុង​តំបន់​អាស៊ាន ជំ​រុញឱ្យ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ អនុវត្ត​ការអត់ធ្មត់ ដើម្បី​កាត់បន្ថយ​ភាព​តានតឹង និង​ជៀសវាង​សកម្មភាព ដែល​អាចធ្វើឱ្យ​ស្ថានការណ៍ កាន់តែ​ធ្ងន់ធ្ងរ​ឡើង​៕/V​