​ដោយៈ វ៉ៃ​កូ​/​ស្វាយរៀងៈ អភិបាលក្រុង​បាវិត​នៅ​រសៀល​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២២​នេះ បាន​សំណូមពរ និង​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​ចូលរួម​ថែទាំ​ផ្លូវថ្នល់ ដែល​បានធ្វើ​រួចហើយ​ទុកជា​សម្បត្តិ​រួម ដើម្បី​ប្រើប្រាស់​បានយូរ​អង្វែង​ទៅ​ថ្ងៃក្រោយ​។

​លោក លឹម សៀង​ហេង អភិបាលក្រុង បាន​មានប្រសាសន៍​ដូច្នេះ​ក្នុងឱកាស​ដែល​លោក និង​លោក សាញ់ សាខុន ចៅសង្កាត់​បាវិត ព្រមទាំង​ក្រុមការងារ បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​ការ​ឈូសឆាយ និង​ចាក់​ក្រាល​ថ្ម​មិច​ពង្រីក​ធ្វើ​ផ្លូវលំ​១​ខ្សែ​ប្រវែង​៣៥០​ម៉ែត្រ ទទឹង​៨​មែត្រ នៅ​ភូមិ​បាវិត​លើ និង​ភូមិ​តា​បឹ​ប ស្ថិតក្នុង​សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង​។

​លោក សាញ់ សាខុន ចៅសង្កាត់ បាវិត​ក្រុង​បាវិត​បានអោយដឹងថា​÷ ផ្លូវលំ​មួយ​ខ្សែ​នេះ​ពីមុន​ជា​ផ្លូវលំ ពិបាក​ធ្វើដំណើរ​ខ្លាំងណាស់ និង​នៅ​រដូវវស្សា​គឺមាន​ទឹក​ដក់​លិច​ផ្លូវ​ដោយ​ពុំមាន​ផ្លូវទឹក​ចេញ​នោះទេ ជាពិសេស​នៅពេល​សិស្សសាលា​ដែលជា​កូនចៅ​ពលរដ្ឋ​នៅ​រៀនសូត្រ​ម្តងៗ​តាមផ្លូវ​នេះ​។

​ចំពោះ​ប្រជា​ពល​ដែល​រដ្ឋ​រស់នៅ​ភូមិ​បាវិត​លើ​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​អាជ្ញាធរ ក្រុង សង្កាត់ ដែល​បាន​គិតគូ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ដែលមាន​សមិទ្ធផល​ជាច្រើន​នៅក្នុង​ក្រុង​បាវិត​ដូច​យើង​បានឃើញ​នា​ថ្ងៃនេះ​ដើម្បីអោយ​អាជ្ញាធរ​ស្ថាបនា​ជួសជុល​កែលម្អរ​ហេ​ដ្ឋា​រចនាសម្ព័ន​បន្ថែមទៀត​៕