​ដោយ​: ដេប៉ូ​/​ភ្នំពេញ​: អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានបញ្ជាក់​ឱ្យដឹងថា​ក្នុង ខែឧសភា ឆ្នាំ​២០២២​កន្លងមក អង្គភាព​មួយ​នេះ​បានទទួល​ពាក្យ​ប្តឹង​សរុប​ចំនួន ៣៧ ត្រូវបាន​ដាក់ចូល​ប្រជុំ​វិភាគ ក្រោយពី​បានទទួល ១ ឬ ២ ថ្ងៃ​។ ព្រម​ជាមួយគ្នា​ក្នុងចំណោម​ពាក្យ​ប្ដឹង​ទាំងនេះ​មាន​ចំនួន ២៨ ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន និង​កំពុង​ពិនិត្យ​ស្រាវជ្រាវ​ដល់ មូលដ្ឋាន​-​ស្ដាប់​ការបំភ្លឺ និង​ពិនិត្យ​ឯកសារ​ពី​ភាគី​ពាក់ព័ន្ធ​។​

​យោងតាម​សេចក្តីជូនដំណឹង​ស្តីពី​កិច្ចប្រជុំ​លើក​ទី​១២ អាណត្តិ​ទី​៣ នៃ​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ​កាលពី​រសៀល​ថ្ងៃទី​១០ ខែ មិថុនា ឆ្នាំ ២០២២​បាន​បញ្ជាក់ថា ក្នុងចំណោម​ពាក្យ​ប្តឹង​ទាំង​៣៧​ក្នុង​ខែឧសភា ឆ្នាំ ២០២២ ក្រៅពី​មាន​ពាក្យ​ប្តឹង​ចំនួន​២៨​ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន និង​កំពុង​ពិនិត្យ​ស្រាវជ្រាវ​ដល់ មូលដ្ឋាន​ហើយ​នៅមាន​ពាក្យ​ប្តឹង​ចំនួន ០៩ ផ្សេងទៀត ក្រោយ​ពិនិត្យ -​វិភាគ -​ចុះ​ពិនិត្យ​ស្រាវជ្រាវ ឬ​សុំឱ្យ​បំភ្លឺ​ជា លាយលក្ខណ៍អក្សរ​ក្តី ដោយផ្ទាល់​មាត់​ក្តី អង្គភាព​ប្រឆាំង​អំពើពុករលួយ សម្រេច​បញ្ចប់ ដោយ​ជម្រាប​ដល់​ម្ចាស់​បណ្តឹង​វិញ​ថា​ពាក្យ​ប្ដឹង​ទាំងនោះ​មិនមាន​ពាក់ព័ន្ធ​នឹង​អំពើ​ពុក រលួយ​ដែលជា​សមត្ថកិច្ច​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទេ​។​
ប្រភព​ខាងលើនេះ​បានបញ្ជាក់​បន្ថែមថា​ក្រៅពីនេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក៏បាន​ជម្រាប​ដល់​ម្ចាស់​បណ្ដឹង​វិញ​ផងដែរ នូវ​លទ្ធផល​នៃ​ការស្រាវជ្រាវ​របស់​អង្គភាព​ប្រឆាំង​អំពើ ពុករលួយ​ចំនួន ៣៣ លិខិត​។​បានធ្វើ​លិខិត​ឱ្យ​សា​ម៉ី​សា្ថ​ប័ន​និង​សា​ម៉ី​ខ្លួន​រង​ការចោទប្រកាន់​បំភ្លឺ និង​កំពុង​រងចាំ​ការបំភ្លឺ​មក វិញ​ចំនួន ១៥ លិខិត​។​បានធ្វើ​លិខិត​កោះហៅ​នូវ​ជន​ពាក់ព័ន្ធ​នឹង​ពាក្យ​ប្ដឹង​ឱ្យមក​បំភ្លឺ​ផ្ទាល់​នៅ​អង្គភាព​ប្រឆាំង អំពើពុករលួយ ចំនួន ០៦ លិខិត និង​បានធ្វើ​លិខិត​អន្តរាគមន៍​ចំនួន ០១ លិខិត​។​

​ដោយឡែក​ពាក់ព័ន្ធ​ទៅនឹង ការងារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ក្នុង​ខែឧសភា ឆ្នាំ​២០២២​វិញ​ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានបញ្ជាក់​ឱ្យដឹងថា​៖​នាយកដ្ឋាន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល បានទទួល​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ក្នុង​ខែ​សរុប​ពី​មន្ត្រី​ដែល​ត្រូវ​ជាប់​កាតព្វកិច្ច​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ចំនួន ១៥២ នាក់ ក្នុងនោះ​មន្ត្រី​តែងតាំង​ថ្មី ១៣៣ រូប​​។​មន្ត្រី​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​លើកចុងក្រោយ​ដោយ​មូលហេតុ​លាឈប់​ពី​ការងារ , ចប់​អាណត្តិ -​ចូលនិវត្តន៍ និង​បញ្ឈប់​ពី​ការងារ ចំនួន ១៩ រូប​។​ជាមួយគ្នានេះ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក៏បាន សម្រេច​បើក​មើល​ឯកសារ​ទ្រព្យសម្បត្តិ និង​បំណុល តាម​សំណូមពរ​ស៊ើប​អង្ក​ត ០៩​ករណី​។​

​ជាមួយគ្នា​នៅ​ខែ​ដដែល​នេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ផលិត​វីដេអូ​អំពី​សកម្មភាព​ការងារ​ពាក់ ព័ន្ធ​និង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ ដើម្បី​ផ្សព្វផ្សាយ​ជូន​សាធារណជន​តាមរយៈ​បណ្ដាញ​សង្គម ហ្វេ​ស​ប៊ុ​ក​-​ទូរទស្សន៍​-​វិទ្យុ និង​កាសែត ។​ល​។ ក្រៅពីនេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​បើក​វគ្គ បណ្តុះបណ្តាល​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ ជូន​ដល់​កម្មសិក្សាការី វគ្គ​សុក្រឹតការ​វិជ្ជាជីវៈ​មេធាវី វគ្គ​ទី​១១​ផងដែរ​៕