ដោយ​: អង្គា​រ៍​ហេង​/​ភ្នំពេញ​: កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បានធ្វើការ​បង្ហាញមុខ​ជនសង្ស័យ​ម្នាក់​ជា​ឈ្មួញ​ជួញដូរ​អាវុធ​ខុសច្បាប់​ប្រភេទ​ដាវ​សាមូរ៉ៃ នៅ​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២២​នេះ រួច​បញ្ជូន​ខ្លួន​ទៅកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​។​

​ជនសង្ស័យ​មានឈ្មោះ ទីវ ឈុន​ទី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​លក់ដូរ -​ស្នាក់នៅ​ផ្ទះជួល​លេខ​៣៧០ បន្ទប់​លេខ​១០៧ ផ្លូវ​លេខ​៦៧​បេ​តេ ក្នុងភូមិ​ត្នោតជ្រុំ​២ សង្កាត់​បឹងទំពុន​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​ប្រតិបត្តិ​ការបង្ក្រាប​ឈ្មួញ​ជួញដូរ​អាវុធ​ខុសច្បាប់​នេះ​បាន​ធ្វើឡើង​ដោយមាន​ការសម្របសម្រួល​ពី លោក ម៉ុ​ត ដា​រ៉ា ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម សាលាដំបូង​រាជធានី​ភ្នំពេញ និង​លោក វរសេនីយ៍ឯក ប៊ុត សត្យា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដឹកនាំ​កម្លាំង​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​នៅវេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២២ នៅ​ចំណុច​ស្ថានីយប្រេងឥន្ធនៈ​ភី​ធី​ធី ផ្លូវ​ព្រះ​មុនី​រ៉េត សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​ពី​មន្ត្រី​ជំនាញ​បានឱ្យដឹងថា នៅ​មុនពេល​ឈានដល់​ការឃាត់ខ្លួន ជនសង្ស័យ​ឈ្មោះ ទីវ ឈុន​ទី បាន​ផ្សព្វផ្សាយ​ដាក់លក់​ដាវ​សាមូរ៉ៃ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ឈ្មោះ Seven Tii និង​តាម​ផេ​ក​ឈ្មោះ Seven CamboSamoria ក្នុង​មួយ​ដើម​តម្លៃ​៥០​ដុល្លារ ហើយ​ឱ្យ​អតិថិជន​ដែល​ចង់​ទិញ​ដាវ​សាមូរ៉ៃ​អាច​ទំនាក់ទំនង​តាម​ទូរ​សព្ទ័​ដៃ​លេខ​ផ្ទាល់ខ្លួន​បាន​។​

​មន្ត្រី​ជំនាញ​បាន​បន្តទៀតថា នៅ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២២ ជនសង្ស័យ​បាន​យក​ដាវ​សាមូរ៉ៃ​ប្រវែង​៧០​សង់ទីម៉ែត្រ ទៅ​ប្រគល់ឱ្យ​អតិថិជន​នៅ​ចំណុច​ស្ថានីយប្រេងឥន្ធនៈ​ភី​ធី​ធី ផ្លូវ​ព្រះ​មុនី​រ៉េត សង្កាត់​ស្ទឹងមានជ័យ​២ ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន និង​ចាប់យក​ដាវ​សាមូរ៉ៃ ប្រវែង ៧០​សង់ទីម៉ែត្រ​ចំនួន​មួយ​ដើម​បញ្ជូនទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​២ ដើម្បី​ធ្វើការ​សាកសួរ​។ រហូតដល់​វេលា​ម៉ោង​១០:៤០​នាទី​យប់​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២២ ដោយមាន​ការអនុញ្ញាត​ដោយផ្ទាល់​មាត់​តាមរយៈ​ទូរស័ព្ទដៃ​ពី​លោក ម៉ុ​ត ដា​រ៉ា ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​បាន​នាំ​ជនសង្ស័យ​ឈ្មោះ ទីវ ឈុន​ទី ដោយ​សហការ​ជាមួយ​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បឹងទំពុន​២ និង​មានការ​អនុញ្ញាត​ពី​ម្ចាស់​ផ្ទះជួល​ផង​នោះបាន​ធ្វើការ​ឆែកឆេរ​ប​ន្ទ​ប់​ស្នាក់នៅ​របស់​ជនសង្ស័យ រកឃើញ​វត្ថុតាង​ដាវ​សាមូរ៉ៃ​ចំនួន ១៩០​ដើម​បន្ថែមទៀត​៕​