រាជរដ្ឋាភិបាល កំណត់​យក​បឹង​យក្ខ​ឡោម ជា​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​

1925
ចែករម្លែក

ដោយៈ ម៉េង​ឆៃ​/​ភ្នំពេញៈ ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចុះហត្ថលេខា​លើ​អនុក្រឹត្យ ស្តីពី ការបង្កើត​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង “​បឹង​យក្ខ​ឡោម​” ដែលមាន​ផ្ទៃដី​សរុប ចំនួន ២២៥ ហិកតា​ស្ថិតនៅក្នុង ភូមិសាស្ត្រ​សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង ខេត្តរតនគិរី​។​

​អនុក្រឹត្យ ស្តីពី ការបង្កើត​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង “​បឹង​យក្ខ​ឡោម​” ដែល​ក្រសួងបរិស្ថាន បាន​ផ្សព្វផ្សាយ នៅ​ថ្ងៃទី​១៩​ខែមិថុនា​ឆ្នាំ​២០១៨​បង្ហាញថា​អនុក្រឹត្យ​នេះ​មាន​គោលបំណង​ដើម្បី​ធានា​ឲ្យ​មានការ​ថែទាំ​ទីជម្រក​សត្វព្រៃ និង​ប្រព័ន្ធ​អេកូឡូស៊ី​សារ​ព័ន្ធ​មជ្ឈដ្ឋាន​ធម្មជាតិ​ព្រមទាំង​ធានា​ឲ្យ​មានការ​បំពេញ​លក្ខខណ្ឌ​ចាំបាច់​សម្រាប់​ប្រភេទ​ណាមួយ​នៃ​សត្វព្រៃ រុក្ខជាតិ និង​ជីវៈចម្រុះ ,​រក្សា​លំនឹង​បរិស្ថាន ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​និង​រួមចំណែក​កាត់ បន្ថយ​ការប្រែប្រួល​អាកាសធាតុ និង​ហានិភ័យ​គ្រោះមហន្តរាយធម្មជាតិ​, ផ្តល់​ផលិតផល និង​សេវាកម្ម​ធម្មជាតិ សម្រាប់​ការប្រើប្រាស់​ដោយ​និរន្តរភាព ,​លើកទឹកចិត្ត​ឲ្យ​មានការ​ចូលរួម​របស់​សហគមន៍​មូលដ្ឋាន​ក៏ដូចជា​អ្នក​ពាក់ ព័ន្ធ​ក្នុងការ​ថែរក្សា​ការពារ​អភិរក្ស​និង​ការប្រើប្រាស់​ធនធានធម្មជាតិ​ដោយ​និរន្តរភាព​,​បង្កើន​តួនាទី​ប្រព័ន្ធ​អេកូឡូស៊ី​តំបន់ការពារធម្មជាតិ សម្រាប់​ជា​ផលប្រយោជន៍​ដល់​សង្គមជាតិ​គ្រប់​ជំនាន់ ព្រមទាំង​ផ្តល់​ផលិតផល និង​សេវាកម្ម​ធម្មជាតិ សម្រាប់​ប្រើប្រាស់​តាម​តម្រូវការ​របស់​សហគម​ន៍​មូលដ្ឋាន​។​
​ ​អនុក្រឹត្យ ចុះ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៨ បង្ហាញថា ផ្ទៃដី​នៃ​អនុក្រឹត្យ​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង “​បឹង​យក្ខ​ឡោម​” នេះ មិន​រួមបញ្ចូល​ដី​កម្មសិទ្ធិឯកជន និង​ដី​ប្រើប្រាស់​ជា​ប្រយោជន៍​សាធារណៈ​ទេ​។ ក្រសួងបរិស្ថាន មាន​សមត្ថកិច្ច រៀបចំ និង​គ្រប់គ្រង​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង “​បឹង​យក្ខ​ឡោម​” ដោយ​សហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាលខេត្ត​រតនគិរី និង​កងកម្លាំងប្រដាប់អាវុធ​មាន​សមត្ថកិច្ច ដើម្បី​ធានា​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ប្រព័ន្ធ​អេកូឡូស៊ី ជីវៈចម្រុះ និង​ការប្រើប្រាស់​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព​។​

​ឯកសារ​របស់​ក្រសួងបរិស្ថាន ចេញផ្សាយ​កាលពី​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៧ បង្ហាញថា តំបន់​ប្រើប្រាស់​ច្រើនយ៉ាង សំដៅ​ដល់​តំបន់​ក្នុង​ដែនដី​គោក និង​/​ឬ​ដែនទឹក ដែល​ក្នុងនោះ មាន​សម្បូរ​ដោយ​ប្រព័ន្ធ​ធម្មជាតិ​ដែល​ពុំទាន់​រង​ការ បំផ្លិចបំផ្លាញ និង​តម្រូវឱ្យមាន​សកម្មភាព​គ្រប់គ្រង​ដើម្បី​ធានា​ការការពារ​ការថែទាំ​ធនធាន​ជីវៈចម្រុះ​និង​ប្រព័ន្ធ​អូ​កូ​ឡូ​ស៊ី សម្រាប់​ពេល​យូរ​ង្វែ​ង​។ ទន្ទឹមនឹង​នេះដែរ អាច​ផ្តល់​ផលិតផល និង​សេវាកម្ម​ធម្មជាតិ​សម្រាប់​ការប្រើប្រាស់​តាម តម្រូវការ​របស់​សហ​គម​ន៍​។

​ក្រសួងបរិស្ថាន បន្ថែមថា តំបន់​ប្រើប្រាស់​ច្រើនយ៉ាង ចំនួន ៣​តំបន់​ត្រូវបាន​បង្កើតឡើង​ដោយ​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​១៩៩៣ និង​ទីតាំង​ចំនួន ២​តំបន់​ទៀត ត្រូវបាន​បង្កើតឡើង​ដោយ​អនុក្រឹត្យ​ក្នុង​ឆ្នាំ​២០១៦​។ តំបន់​ប្រើប្រាស់​ច្រើនយ៉ាង ទាំង ៥​តំបន់ គ្របដណ្តប់​នៅលើ​ផ្ទៃដី​សរុប​ចំនួន​៤០៩.៦៦៩ ហិកតា ដែល​ស្មើនឹង ២,៣% នៃ​ផ្ទៃដី​ប្រទេស ស្ថិតនៅក្នុង​ខេត្តសៀមរាប កោះកុង បាត់ដំបង កំពង់ធំ កំពង់​ឆ្នាំ ប៉ៃលិន ពោធិ៍សាត់ ត្បូងឃ្មុំ និង​ខេត្ត​ព្រះសីហនុ​។​

​ក្រសួងបរិស្ថាន បាន​បន្តថា តំបន់​ប្រើប្រាស់​ច្រើនយ៉ាង ទាំង ៥ តំបន់ រួមមាន ១. ដង​ពែង ស្ថិតនៅក្នុង​ខេត្តកោះកុង ដែលមាន​ផ្ទៃក្រឡា ២៧.៧០០ ហិកតា ចេញ​ដោយ​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​១៩៩៣ ២. សំឡូត ស្ថិតនៅក្នុង​ខេត្ត​ប៉ៃលិន និង​បាត់ដំបង ដែលមាន​ផ្ទៃក្រឡា ៦០.០០០ ហិកតា ចេញ​ដោយ​អនុក្រឹត្យ ចុះ​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​១៩៩៣ ៣. ទន្លេសាប ស្ថិតក្នុង​ទីតាំង​កំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​ខេត្តសៀមរាប ដែលមាន​ផ្ទៃក្រឡា ៣១៦.២៥០ ហិកតា ចេញ​ដោយ​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​១៩៩៣ ៤. ពញាក្រែក ស្ថិតនៅ​ទីតាំង​ខេត្ត​ត្បូងឃ្មុំ ដែលមាន​ផ្ទៃក្រឡា​១៩៩ ហិកតា ចេញ​ដោយ​អនុក្រឹត្យ ចុះ​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៦ និង​៥. ព្រែក​ទឹកសាប​ក្បាលឆាយ ស្ថិតនៅក្នុង​ខេត្ត​ព្រះសីហនុ ដែលមាន​ផ្ទៃក្រឡា ៥.៥២០ ហិកតា​ចេញ​ដោយ អនុក្រឹត្យ ចុះ​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៦៕ មន​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ