​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​: អតីត​ស្នងការរង​នគរបាល​ខេត្តកណ្តាល​លោក ស្រេង សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន និង​បាន​បញ្ជូន​ខ្លួន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ខេត្តកណ្តាល នៅ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២២ ក្រោម​ការចោទប្រកាន់​ពីបទ​ប្រើ​អំពើហិង្សា​ទៅលើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត ប្រព្រឹត្ត​នៅ​ភូមិ​កោះគរ សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ខេត្តកណ្តាល កាលពី​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០ តាម​មាត្រា​២៥៣​នៃ​ច្បាប់​ភូមិបាល ។​

​ការចាប់ខ្លួន​លោក ស្រេង សុខា តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​របស់លោក រស់ ផុន​ចាន់​និមល ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​ខេត្តកណ្តាល ដែល​បានចេញ​កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២១ ។​

​ជនជាប់ចោទ​ឈ្មោះ ស្រេង សុខា ត្រូវបាន​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​កំណត់​រយៈពេល​០១​ឆ្នាំ​០៦​ខែ​ពីបទ​ប្រើ​អំពើហិង្សា​ទៅ លើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត​ប្រព្រឹត្ត​នៅ​ភូមិ កោះគរ សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ខេត្តកណ្ដាល​កាលពី​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០ ជា​បទល្មើស​ព្រហ្មទណ្ឌ​ដែលមាន​ចែង និង​ផ្តន្ទាទោស​ស្របតាម​បញ្ញត្តិ​មាត្រា​២៥៣​នៃ​ច្បាប់​ភូមិបាល ។​

​សូមរ​ម្លឹ​ថា សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាល​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២០ បានចេញ​សេចក្តីសម្រេច​ផ្អាក​ការងារ​បណ្តោះអាសន្ន លោក​ស្រេង សុខា ស្នងការរង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​។ សេចក្តីសម្រេច​របស់​ក្រសួងមហាផ្ទៃ បាន​បង្គាប់​ឲ្យ លោក​ស្រេង សុខា ត្រូវ​មក​បង្ហាញមុខ​នៅ​នាយកដ្ឋាន​បុគ្គលិក រៀលរាល់​ម៉ោង​ធ្វើការ ដើម្បី​រង់ចាំ​ការសម្រេច​ជាថ្មី​។​

​លោក​ស្រេង សុខា កាលពី​អំឡុង​ឆ្នាំ​២០១៩ ធ្លាប់​ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត ពាក់ព័ន្ធ​នឹង​ករណី​ជូន​ថ្លៃ​បណ្ណាការ ភ្ជាប់ពាក្យ​របស់លោក ដោយ​ជូន​ទៅខាង​កូនក្រមុំ​ចំនួន ១០​ម៉ឺន​ដុល្លារ ចិ​ញ្ជៀ​ន​ពេជ្រ និង​ឡាន​ទំនើប​។ តែ​យ៉ាងណា ក្រោយ​ការស៊ើបអង្កេត ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​បញ្ជាក់ថា គឺជា​ការ​បង្អួត​សម្ញែង​ទ្រព្យសម្បតិ្ត តែ​តាមពិត​គ្មាន​ទ្រព្យ​ទេ​៕​