​ប្រែ​សម្រួលៈ​បំណង​(ST)៖ កប៉ាល់​មួយ​ដាក់​សត្វ​ចៀម​រាប់​ពាន់​ក្បាល បាន​លិច​កាលពី​ថ្ងៃអាទិត្យ​ទី​១២​មិថុនា នៅ​ឯនាយ​ឆ្នេរសមុទ្រ​ក្រហម​របស់​ស៊ូដង់ ដោយ​បាន​សម្លាប់​សត្វ​ចៀម​មួយ​កប៉ាល់​ពេញ​នេះ​តែ​​សមាជិក​នាវិក​នៅ​មាន​ជីវិត​ទាំងអស់។​

​កប៉ាល់​ដឹក​សត្វ​នេះ​បាន​កំពុង​ធ្វើដំណើរ​ចេញពី​កំពង់ផែ​ស៊ូ​អា​គីន​(Suakin)​របស់​ស៊ូដង់ ទៅកាន់​អា​រ៉ាប៊ីសាអូឌីត នៅពេល​វា​ជួប​បញ្ហា​នៅក្នុង​សមុទ្រ​ក្រហម ហើយ​មន្ត្រី​កំពង់ផែ​ម្នាក់​បាន​និយាយថា​នាវាដែលលិច​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ដឹក​ចៀម​១៥.៨០០​ក្បាល ដែល​ហួស​ចំណុះ​របស់​នាវា​នេះ​​។​

​មន្ត្រី​ម្នាក់​ទៀត​បាន​និយាយថា សមាជិក​នាវិក​ទាំងអស់​នៃ​កប៉ាល់​នេះ​ត្រូវ​បាន​ជួយ​សង្គ្រោះ និង​បាន​សម្តែង​ការព្រួយបារម្ភ​អំពី​ផល​ប៉ះពាល់​សេដ្ឋកិច្ច​និង​បរិស្ថាន​នៅក្រោយ​ការ​លិច​កប៉ាល់​នេះ​។​

​កាលពី​ខែ​មុន អគ្គិភ័យ​ដ៏​ធំ​រាប់​ម៉ោង​នៅ​តំបន់​កំពង់ផែ​ស៊ូ​អា​គីន​បង្ក​ការខូចខាត​ធ្ងន់ធ្ងរ​។​

​ស៊ូដង់​នៅតែ​ជា​ប់ក្នុង​វិបត្តិ​សេដ្ឋកិច្ច​រ៉ៃ​រ៉ៃ​មួយ ដែល​កាន់តែ​ផុង​ជ្រៅ​ឡើង​ក្រោយ​រដ្ឋប្រហារ​យោធា​កាលពី​ឆ្នាំមុន ។​ការដណ្តើម​អំណាច​ដោយ​យោធា​នេះ​នាំអោយ​មាន​វិធានការ​ដាក់ទោស រួម​មាន​ការ​កាត់​​ផ្តាច់​ជំនួយ​ពី​បណ្តា​ប្រទេស​លោកខាងលិច​ដែល​ចង់​ស្តារ​រដ្ឋាភិបាល​អន្តរកាល​មួយដែល​ខ្លួនបាន​បន្តុប​ឡើង​ក្រោយ​ការទម្លាក់​ជន​ផ្តាច់ការ អូ​ម៉ា អាល់​-​បា​សៀ​៕

​ចៀម​ជាង​មួយ​ម៉ឺន​ក្បាល​ងាប់​ខ្ទេច​ក្រោយ​ការ​លិច​កប៉ាល់​នៅ​សមុទ្រ​ក្រហម​ក្នុងពេល​ចេញដំណើរ​ពី​ស៊ូដង់​ទៅ​អា​រ៉ាប៊ីសាអូឌីត​