ដោយៈមុនីរ័ត្ន/ភ្នំពេញ:​ លោកឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុខុន​ រដ្ឋមន្ត្រីក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិនឹងជួបពិភាក្សាការងារជាមួួយលោកស្រី Kathryn Campbell រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី នៅវេលាម៉ោង​ ១០:៣០នាទីព្រឹក​ ថ្ងៃទី១៣​ ខែមិថុនា​ ឆ្នាំ២០២២​ នៅទីស្តីការក្រសួងការបរទេសកម្ពុជា​។

លោកស្រី Kathryn Campbell រដ្ឋលេខាធិការក្រសួងការបរទេស និងពាណិជ្ជកម្ម របស់ប្រទេសអូស្ដ្រាលី អញ្ជើញទស្សនកិច្ចប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១២ ដល់១៤ ខែមិថុនា ឆ្នាំ២០២២។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ។

ដំណើរទស្សនកិច្ច នេះធ្វើឡើង ក្នុងខណៈកម្ពុជា​និង​ អូស្ត្រាលី​កំពុងប្រារព្ធខួប លើកទី៧០ឆ្នាំ នៃចំណងការទូត និងក្នុងពេលដែលកម្ពុជា ជាប្រធានអាស៊ាន។

ក្នុងដំណើរទស្សនកិច្ច នេះ លោកស្រី Kathryn Campbell នឹងជួបជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមទាំងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

ក្រៅពីនោះ លោកស្រី Compbell នឹងជួបជាមួយ លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង លោក លី ធុជ​ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ របស់អាជ្ញាធរមីន។

រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី បានមានប្រសាសន៍បញ្ជាក់ថា “អូស្ត្រាលីនិងកម្ពុជាមាន ទំនាក់ទំនងដ៏រឹងមាំ និងយូរអង្វែង រយៈពេល៧០ឆ្នាំ មកហើយ។ យើងទន្ទឹងរង់ចាំបន្តធ្វើការរួមគ្នា ទៅមុខទៀត ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ក្នុងតំបន់និងសកលលោក និងគាំទ្រដល់កម្ពុជា ដែលជាប្រធានអាស៊ាយក្នុងឆ្នាំនេះ។ ចក្ខុវិស័យរបស់អាស៊ាន ក្នុងការគាំទ្រឥណ្ឌូបាស៊ីហ្វិក ដែលលើក ចំហប្រកបដោយបរិយាបន្ន និងមានភាពកង់ ជាការសំខាន់ណាស់ ចំពោះតំបន់របស់យើង”៕​សរន