​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ កងកម្លាំង​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​១២​មិថុនា​ថា​ពួកគេ​បាន​វាយប្រហារ​ទីតាំង​មួយ​នៅ​ភាគខាងលិច​អ៊ុយ​ក្រែន​ដែល​រក្សា​ទុក​អាវុធ​ផ្គត់ផ្គង់​ដោយ​​សហរដ្ឋ​អាម៉េរិក​និង​សហភាព​អឺរ៉ុប ខណៈ​ការប្រយុទ្ធ​មាន​សភាព​កាន់តែ​ខ្លាំងក្លា​នៅក្នុង​តំបន់​ភាគ​ខាងកើត ជា​ទី​ដែល​មេបញ្ជាការ​កំពូល​របស់​ប្រទេស​និយាយថា​ទឹកដី​នេះ “​គឺ​គ្របដណ្តប់​ដោយ​ឈាម​”​។​

​អភិបាល​តំបន់​បាន​និយាយថា ការវាយប្រហា​រលើ​ទីប្រជុំជន​ឆត​គី​វ (Chortkiv) ដែល​ជា​ការវាយប្រហារ​ដ៏​កម្រ​របស់​រុស្ស៊ី​នៅ​ភាគ​ខាងលិច​ប្រទេស​អ៊ុយ​ក្រែនដ៏​ស្ងប់ស្ងាត់ បាន​បណ្តាលឱ្យ​របួស​ម​នុស្ស ២២ នាក់​។​

​ទន្ទឹមនឹងនេះ​ដែរ ស្ថានភាព​នៅក្នុង​ទីក្រុង​ស៊ី​វី​រ៉ូ​ដូណិត​ស៍ គឺ “​លំបាក​ខ្លាំងណាស់​” បន្ទាប់​ពី​កងទ័ព​រុស្ស៊ី​បាន​បំផ្លាញ​ស្ពាន​ទី​ពីរ​ចូល​ទៅក្នុង​ទីក្រុង និង​កំពុង​ទម្លាក់​គ្រាប់បែក​យ៉ាងខ្លាំង​ទៅ​លើ​ស្ពាន​ចុងក្រោយ នេះ​បើ​តាម​សម្តី​របស់​អភិបាល​តំបន់​លោក សឺ​ហ្គី ហ្គាយ​ដេ (Sergiy Gaiday)​។​

​លោក វ៉ា​ឡឺរី ហ្សា​លូ​ស្ន៊ី (Valeriy Zaluzhny) អគ្គមេបញ្ជាការ​នៃ​យោធា​អ៊ុយ​ក្រែន​បាន​និយាយថា កាំភ្លើង​ធំ​ដ៏​ច្រើន​សម្បើម​របស់​រុស្ស៊ី​នៅក្នុង​តំបន់​នោះ​បាន​ផ្តល់​ប្រៀប​ឈ្នះ​១០​ដង​ដល់​រុស្ស៊ី​។​ប៉ុន្តែ​​លោក​បាន​បន្ថែម​នៅ​លើ​សារ​បង្ហោះ​លើ Facebook ថា “​ទោះ​អ៊ីចឹង​ក៏ដោយ ក៏​យើង​នៅតែ​បន្ត​ឈរ​នៅ​ទីតាំង​របស់​យើង​។ ទឹកដី​អ៊ុយ​ក្រែន​នី​មួយៗ​មាន​ឈាម​ហូរ​ដាប​ប៉ុន្តែ​មិន​ត្រឹម​តែ​ឈាម​របស់​យើង​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ឈាម​របស់​ទាហាន​ឈ្លានពាន​ផង​ដែរ​”​។​

​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែន​ដែល​បាន​ចាប់ផ្តើម​នៅ​ថ្ងៃទី ២៤ ខែ​កុម្ភៈ បានសម្លាប់​ទាហាន​និង​ជន​ស៊ីវិល​រាប់សិប​ពាន់​នាក់ បណ្តាលឱ្យ​មនុស្ស​រាប់លាន​នាក់​ជម្លៀស​ខ្លួន​និង​បំផ្លិចបំផ្លាញ​ទីក្រុង​​ជាច្រើន​របស់​ប្រទេស​នេះ​រាប​ដល់​ដី​។​

​ប្រធានាធិបតី វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​ពណ៌នា​ការប្រយុទ្ធ​ចុង​ក្រោយ​នៅ​ទីក្រុង​ស៊ី​វី​រ៉ូ​ដូណិត​ស៍​ថា “​សាហាវ​ណាស់​…​ពោលគឺ​នៅ​គ្រប់​ម៉ែត្រ​ទាំងអស់​”​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​តាម​វីដេអូ​ពេល​ល្ងាច​របស់គាត់ លោក​ហ្សេ​លេន​ស្គី​បាន​និយាយថា រុស្ស៊ី​កំពុង​ដាក់ពង្រាយ​កងទ័ព​គ្មាន​ការហ្វឹកហាត់​ត្រឹមត្រូវ និង​ប្រើប្រាស់​យុវជន​របស់​ខ្លួន​ជា “​ចំណី​របស់​កាណុង​កាំភ្លើង​”​។​

​នៅ​ឆ្ងាយ​ពី​សមរភូមិ សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ទីក្រុង​ហ្សឺ​ណែវ​កាលពី​ថ្ងៃអាទិត្យ ដោយ​របៀបវារៈ​កំពូល​គឺ​តម្រូវការ​ក្នុង​ការដោះស្រាយ​សន្តិសុខ​ស្បៀងអាហារ​សកល​ដែល​ត្រូវបាន​គំរាមកំហែង​ដោយ​ការ​លុកលុយ​របស់​រុស្ស៊ី​លើ​អ៊ុ​យក្រែន ដែល​ផលិត​ស្រូវ​សាលី​ដ៏​ធំ​បំផុត​មួយ​លើ​ពិភពលោក​៕

​ផ្សែងហុយ​ចេញពី​ទីក្រុង​ស៊ី​វី​រ៉ូ​ដូណិត​ស៍​កន្លែង​ដែល​មាន​ការ​ប្រយុទ្ធ​គ្នា​យ៉ាងខ្លាំង​កាលពី​ថ្ងៃ​១២​មិថុនា​

​រថយន្តត្រូវបានបំផ្លាញក្នុងការវាយប្រហា​រលើ​ទីប្រជុំជន​ឆត​គី​វ