​ដោយ​: បូកគោ​/​កំពត​: យុទ្ធនាការ​កំពត​ស្អាត​ដែល​ប្រព្រឹត្តឡើង​នា​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២២ នៅ​ពហុ​កីឡដ្ឋាន​ខេត្ត​បាន​ក្រើនរំលឹក​ដល់​ប​ពលរដ្ឋ​គ្រប់រូប​ឱ្យចូល​រួម​ថែរក្សា​បរិស្ថាន និង​បង្កើន​អនាម័យ​ដើម្បី​សេចក្តីថ្លៃថ្នូរ​របស់​អ្នករស់នៅ​ក្នុង​យុគសម័យ​ស៊ី​វិ​ល័យ​។

​លោក​ឃឹម ប៊ុន​ឡែ​ន អនុប្រធាន​ប្រតិបត្តិ​ថ្នាក់ជាតិ​នៃ​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា​បាន​បញ្ជាក់ថា​យុទ្ធនាការ​កំពត​ស្អាត​ដែល​កំពុង​ធ្វើឡើង​នាពេលនេះ​មានបំណង​លើកទឹកចិត្ត​ដល់​ពលរដ្ឋ​ក្នុង​យុគសម័យ​ថ្មី​ឲ្យ​បន្ត​អនុវត្ត​គោលការណ៍​សុវត្ថិភាព និង​អនាម័យ ពិសេស​ការគ្រប់គ្រង​កាកសំណល់​ឲ្យ​បាន​ត្រឹមត្រូវ និង​ង​កាត់បន្ថយ​ការប្រើប្រាស់​សារធាតុ​ប្លា​ស្ទិ​ក​។ សំរាម​តែង​កើតចេញពី​សកម្មភាពរ​បស់​បុគ្គល​ម្នាក់ៗ​។ ដូច្នេះ​ជន​គ្រប់រូប​ត្រូវ​ចូលរួម​ក្នុងការ​ទុកដាក់ និង​គ្រប់គ្រង​កាកសំណល់​ឲ្យ​បានល្អ​ទាំង​នៅ​ទីសាធារណៈ ក៏ដូចជា​ក្នុង​លំនៅស្ថាន​របស់ខ្លួន​។ លោក​អនុប្រធាន​ប្រតិបត្តិ​បាន​បន្តថា​កំពត​ជាទី​ក្រុង​ស្អាត​ដែល​តម្រូវ​ឲ្យ​បុគ្គល​ម្នាក់ៗ​គិតគូរ​អំពី​បរិស្ថាន និង​អនាម័យ​ដើម្បី​ស័ក្តិ​សមជា​ពលរដ្ឋ​ថ្លៃថ្នូរ​ក្នុងការ​រស់នា​សម័យ​ស៊ី​វិ​ល័យ​នេះ​។​

​លោក​អេង ប៉ូ​ឡូ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពត​ថ្លែងថា​យុទ្ធនាការ​កំពត​ស្អាត​ដែល​បាន​រៀបចំឡើង​ដោយ​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា​គឺជា​សារ​មួយ​ជំរុញ​ពលរដ្ឋ​ក្នុង​ក្រុង​ឱ្យ​ប្រកាន់យក​របត់​ថ្មី​គឺ​ទម្លាប់​ស្អាត​។ បេសកកម្ម​នេះ​ជាការ​ផ្សព្វផ្សាយ​អប់រំ ដល់​អាជីវករ បងប្អូន​ប្រជាពលរដ្ឋ សិស្សានុសិស្ស និង​ភ្ញៀវទេសចរ​អំពី​ការ​ទុកដាក់ គ្រប់គ្រង​សំរាម សំណល់​រឹង សំណល់​ប្លា​ស្ទិ​ក​ឱ្យបាន​ត្រឹមត្រូវ ពិសេស​ចូលរួម​កាត់បន្ថយ​ការប្រើប្រាស់​សារធាតុ​ប្លា​ស្ទិ​ក​ដើម្បី​លើកកម្ពស់​សោភ័ណភាព និង​បរិស្ថាន​ក្នុង​ក្រុង​កំពត​ទាំងមូល​។

លោក​ប្រធាន​មន្ទីរ​បាន​បន្តថា​ចាប់តាំងពី​ការបង្កើត​ប្លា​ស្ទិ​ក​ដំបូង​រហូតដល់​ឆ្នាំ​២០១៥ នៅលើ​ពិភពលោក សំណល់​សារធាតុ​នេះ​មាន​ជាង​៨,៣០​ពាន់​លាន​តោន​។ បច្ចុប្បន្ន​មានតែ​ប្លា​ស្ទិ​ក​ប្រមាណ​៩​ភាគរយ​ប៉ុណ្ណោះ​នៃ​សំណល់​ផ្លា​ស្ទិ​ក​ទាំងអស់​ដែល​ត្រូវបាន​យកមក​កែច្នៃ​ដើម្បី​ប្រើប្រាស់​ឡើងវិញ​។ និយាយ​រួម​គឺ​៩១​ភាគរយ​ទៀត​ត្រូវបាន​គេ​យកទៅ​ចោល​នៅ​ទីលាន​ចាក់សំរាម បោះ​ចូលទៅក្នុង​ទន្លេ​បឹងបួរ ស្ទឹង​ព្រែក និង​អូរ ហើយ​ចុងក្រោយ​ហូរ​ចូលទៅ​សមុទ្រ​៕​