​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ភ្នំភ្លើង​មួយ​នៅ​ប្រទេស​ហ្វីលីពីន​បាន​បញ្ចេញ​ផេះ​ដ៏​ច្រើន​ទៅលើ​មេឃ​កាលពី​ថ្ងៃអាទិត្យ​ទី​១២​មិថុនា ដោយ​គ្របដណ្តប់​តំបន់​មួយ​ដែល​កំពុង​ងើប​ឡើងវិញ​​ពី​ការផ្ទុះ​កាលពី​សប្តាហ៍​មុន​។​

​ទីភ្នាក់ងារ​រញ្ជួយ​ដី​ហ្វីលីពីន​បាន​និយាយថា ការផ្ទុះ​ចេញពី​ភ្នំភ្លើង​ប៊ូ​លូ​សាន (Bulusan) មាន​រយៈពេល ១៨ នាទី ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​ការមើលឃើញ​ផ្លូវ​និង​បង្ខំ​ក្រុមហ៊ុន​អាកាសចរណ៍​ឱ្យ​លុបចោល​​ជើងហោះហើរ​។​

​នៅ​ថ្ងៃទី ៥ ខែមិថុនា ភ្នំ​ប៊ូ​លូ​សាន​បាន​ព្រួស​ផេះ​ឡើងលើ​មេឃ​យ៉ាងហោចណាស់​មួយ​គីឡូម៉ែត្រ​និង​ធ្លាក់​គ្របដណ្តប់​ភូមិ​ចំនួន ១០ ។​

​អ្នកស្រុក​នៃ​ទីក្រុង​ជូ​បាន (Juban) ក្នុង​ខេត្ត​ស័រសូ​ហ្គុន (Sorsogon) ដែល​កំពុង​រើប​ពី​ការផ្ទុះ​កាលពី​សប្តាហ៍​មុន បាន​ភ្ញាក់​ពី​ដំណេក​កាលពី​ថ្ងៃអាទិត្យ​ឮសូរ​សំឡេង​ផ្ទុះ​ភ្នំភ្លើង​ជាថ្មី​។​

​អ្នកស្រុក​ឈ្មោះ អង់​តូ​នីញ៉ូ ហា​ប៊ី​តាន់ (Antonio Habitan) បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា “​ខ្ញុំ​នឹកស្មានថា​វា​គ្រាន់តែ​ជា​ភ្លៀង ប៉ុន្តែ​នៅពេល​ខ្ញុំ​មើល​ទៅ​ក្រៅ មាន​ផេះ​នៅ​គ្រប់​ទីកន្លែង​។ ទន្លេ​របស់​យើង​ធ្លាប់​ថ្លា​ច្បាស់ តែ​ឥឡូវ​ប្រែ​ទៅជា​ពណ៌​ផេះ​”​។​

​គ្មាន​អ្នកស្លាប់​និង​របួស​ត្រូវបាន​រាយការណ៍​ទេ ប៉ុន្តែ​ទីភ្នាក់ងារ​រញ្ជួយ​ដី​បាន​បង្កើន​កម្រិត​ប្រកាសអាសន្ន​មួយ​កាំ​នៅលើ​ប្រព័ន្ធ​ព្រមាន​ដែល​មាន​ប្រាំ​កាំ ដែល​បង្ហាញ​ពី “​ភាព​ចលាចល​នៅ​កម្រិត​ទាប​”៕

បុគ្គលិក​អនាម័យ​កំពុង​បោសសម្អាត​ផេះ​ក្នុង​ទីក្រុង​ជូ​បាន ក្រោយ​ភ្នំភ្លើង​ប៊ូ​លូ​សាន​ព្រោះ​ផេះ​ជា​លើក​ទី​ពីរ​កាលពី​ថ្ងៃអាទិត្យ