​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាងកក​ប៉ុស្តិ៍​) ៖ ក្រុម​អ្នកស្រាវជ្រាវ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៣​មិថុនា​ថា ចំនួន​អាវុធ​នុយក្លេអ៊ែរ​នៅលើ​ពិភពលោក​នឹង​កើនឡើង​នៅក្នុង​ទសវត្សរ៍​ខាងមុខ​បន្ទាប់ពី​​ការថយចុះ​រយៈពេល ៣៥ ឆ្នាំ ស្របពេល​ដែល​ភាព​តានតឹង​ជា​សកល​បាន​ផ្ទុះឡើង​ចំ​ពេល​មាន​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុ​យក្រែន​។​

​មហាអំណាច​នុយក្លេអ៊ែ​រទាំង​ប្រាំបួន រួមមាន អង់គ្លេស ចិន បារាំង ឥណ្ឌា អ៊ីស្រាអែល កូរ៉េខាងជើង ប៉ា​គី​ស្ថាន សហរដ្ឋ​អាម៉េរិក និង​រុស្ស៊ី មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ១២.៧០៥ គ្រាប់​នៅ​ដើមឆ្នាំ ២០២២ ឬ ៣៧៥ គ្រាប់​តិចជាង​នៅ​ដើមឆ្នាំ ២០២១ នេះ​បើ​យោង​តាម​ការប៉ាន់ប្រមាណ​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ​ស្តុក​ខូម (SIPRI) ។​

​ចំនួន​នេះ​បាន​ធ្លាក់ចុះ​ពី​កម្រិត​ខ្ពស់ជាង ៧០.០០០ គ្រាប់​ក្នុង​ឆ្នាំ ១៩៨៦ ដោយសារ​តែ​សហរដ្ឋ​អាម៉េរិក​និង​រុស្ស៊ី​បាន​កាត់បន្ថយ​បន្តិច​ម្តងៗ​នូវ​ឃ្លាំង​អាវុធ​ដ៏​ធំ​របស់​ពួកគេ​ដែល​បាន​បង្កើតឡើង​ក្នុងអំឡុង​​សង្គ្រាមត្រជាក់​។​

​ក្រុម​អ្នក​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន SIPRI បាន​និយាយថា ប៉ុន្តែ​យុគសម័យ​នៃ​ការរំសាយ​អាវុធ​នេះ​ហាក់​ឈាន​មក​ដល់​ទី​បញ្ចប់​ហើយ​រីឯ​ហានិភ័យ​នៃ​ការកើនឡើង​ភាព​តានតឹង​ខាង​អាវុធ​នុយក្លេអ៊ែរ​​នៅពេលនេះ​គឺ​ស្ថិត​នៅ​ចំណុច​ខ្ពស់​បំផុត​ក្រោយ​សង្គ្រាមត្រជាក់​។​

​លោក ម៉ាត់ កូដា (Matt Korda) ជា​អ្នកតំណាង​ម្នាក់​នៃ​សហ​អ្នកនិពន្ធ​នៃ​របាយការណ៍​នេះ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា “​ក្នុងពេល​ឆាប់ៗ​នេះ យើង​នឹង​ឈាន​ទៅដល់​ចំណុច​មួយ​ដែល​​ជា​លើកដំបូង​ចាប់តាំងពី​ទីបញ្ចប់​នៃ​សង្គ្រាមត្រជាក់ ចំនួន​អាវុធ​នុយក្លេអ៊ែរ​ជា​សកល​នៅក្នុង​ពិភពលោក​អាច​ចាប់ផ្តើម​កើនឡើង​ជា​លើកដំបូង​”​។​

“​នោះ​ជា​តំបន់​គ្រោះថ្នាក់​យ៉ាង​ពិតប្រាកដ​”​។​

SIPRI បាន​និយាយថា បន្ទាប់​ពី​ការថយចុះ “​តិចតួច​” ដែល​ឃើញ​កាលពី​ឆ្នាំមុន “​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​ត្រូវ​គេ​រំពឹងថា​នឹង​កើនឡើង​ក្នុង​ទសវត្សរ៍​ខាងមុខនេះ​”​។​

​ក្នុងអំឡុង​សង្គ្រាម​នៅ​អ៊ុ​យក្រែន ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​និយាយ​ក្នុងឱកាស​ជាច្រើន ដែល​សំដៅ​អំពី​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ​។​

​វិទ្យាស្ថាន​ស្រាវជ្រាវ​បាន​និយាយថា ទន្ទឹមនឹងនេះ​ដែរ ប្រទេស​មួយចំនួន រួម​ទាំង​ចិន​និង​អង់គ្លេស កំពុង​ធ្វើ​ទំនើបកម្ម​ជា​ផ្លូវការ​ឬ​ក្រៅផ្លូវការ ឬ​បង្កើន​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​ពួកគេ​។​

​លោ​កកូដា​បាន​និយាយថា “​វា​នឹង​ពិបាក​ណាស់​ក្នុងការ​ធ្វើ​ឱ្យ​មាន​វឌ្ឍន​ភាព​លើ​ការរំសាយ​អាវុធ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ ដោយសារ​តែ​សង្គ្រាម​នេះ​និង​ដោយសារ​តែ​របៀប​ដែល​លោកពូ​ទីន​​កំពុង​និយាយ​អំពី​អាវុធ​នុយក្លេអ៊ែរ​របស់​គាត់​”​។​

​លោក​បាន​បន្ថែមថា សេចក្តីថ្លែងការណ៍​គួរឱ្យ​ព្រួយបារម្ភ​ទាំងនេះ​កំពុង​ជំរុញ “​រដ្ឋ​ប្រដាប់​ដោយ​អាវុធ​នុយក្លេអ៊ែរ​ជាច្រើន​ផ្សេង​ទៀត​ឱ្យ​គិត​អំពី​យុទ្ធសាស្ត្រ​នុយក្លេអ៊ែរ​របស់​ពួកគេ​”៕

​យុគសម័យ​នៃ​ការរំសាយ​អាវុធ​នេះ​ហាក់​ឈាន​មក​ដល់​ទីបញ្ចប់​ហើយ