​ដោយ​: សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​: មនុស្ស​ពីរ​នាក់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង បន្ទាប់ពី​ជិះ​ម៉ូតូ​គេច​ជង្ហុក​រេ​ចង្កូត​ជ្រុល​បុក​រថយន្ត​ត្រង់ចំណុច​ភូមិ​អូរ​ឃុំ​កាត់​ភ្លុក ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពី​វេលា​ម៉ោង​៤:៤៥​នាទី​ល្ងាច​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២២​។​

​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ឈ្មោះ​អូន ស្រី​កែវ ភេទ​ស្រី អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​ ​និង​អ្នករួមដំណើរ​មិន​ស្គាល់​អត្តសញ្ញាណ ភេទ​ស្រី អាយុ​ជាង​១៩​ឆ្នាំ ស្លាប់​នៅនឹងកន្លែង​ដូចគ្នា​។​
​ទាំងពីរ​នាក់​បើកបរ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ដ្រី​ម ពណ៌​ខ្មៅ សេរី​២០១៤ ពាក់​ស្លាក​លេខ ភ្នំពេញ​១HB- ៨៨២៦ ។ ចំណែក​រថយន្ត​ម៉ា​កមី​ស៊ូ​ប៊ី​ស៊ី ក្បាល​ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ​៣A-១៩៦៤ (​ចង្កូត​ស្តាំ​) អ្នកបើកបរ​មិន​ស្គាល់​អត្តសញាណ ។​

​ប្រភព​បាន​បន្តទៀតថា​ក្រោយ​កើតហេតុ​មន្ត្រី​ជំនាញ​បាន​ហៅ​រថយន្ត​សាមុយ​ដឹក​សព​ជនរងគ្រោះ​ទៅ​តម្កល់​នៅ​មន្ទីរពេទ្យ​ស្រុក​បសេដ្ឋ​រងចាំ​សាច់ញ្ញាតិ​មក​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ រីឯ​វត្ថុតាង​ត្រូវបាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បសេដ្ឋ​ដើម្បី​ដោះស្រាយ​តាម​នីតិ​ធី​៕​