ដោយ​: សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​: ប្រមុខ​សហព័ន្ធ​កម្ពុជា​បង្ហាត់​ជិះសេះ​អ្នកស្រី​ទេព ម៉ូ​ណា​​បាន​បញ្ជាក់ថា​ដើម្បី​ឆ្ពោះទៅ​ស្វែងរក​មេដាយមាស​នា​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នោះ គឺ​មិនអាច​បន្ធូរដៃ​បានទេ​។ សហព័ន្ធ​ត្រូវតែ​ខិតខំ​ឲ្យ​អស់​លទ្ធភាព​ទាំង​លើ​ការហ្វឹកហាត់​របស់​ក្រុម​ជម្រើសជាតិ​​ទាំង​ការបណ្ដុះបណ្ដាល​មន្ត្រី​ប​ច្ចក​ទេស​។ អ្នកស្រី​លើកឡើង​បែបនេះ ក្នុងឱកាស​បិទ​វគ្គ​បណ្ដុះបណ្ដាល​មន្ត្រី​បច្ចេកទេស​ថ្នាក់ជាតិ​កីឡា​ជិះសេះ​លោត​ផ្លោះ​របារ​កម្រិត​១ រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃ​ច័ន្ទ​ទី​១១ និង​១២ ខែមិថុនា នៅ​ក្លិប CCC (Cambodia Country Club)​។​

អ្នកស្រី​ប្រធាន​សហព័ន្ធ​បន្តថា​សហព័ន្ធ​បាន​ត្រៀម​គ្រប់​លក្ខណៈសម្បត្តិ​ទាំង​ការ​សម្រួច​គុណភាព​បច្ចេកទេស​របស់​កីឡាករ កីឡាការិនី​ជម្រើសជាតិ និង​បណ្ដុះបណ្ដាល​ធនធាន​មន្ត្រី​​បច្ចេកទេស​ក្នុងការ​ថែទាំ​សេះ​ឲ្យ​បាន​រួចរាល់ និង​ទាន់ពេលវេលា​សម្រាប់​ដំណើរ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​លើក​ទី​៣១​ឆ្នាំ​២០២៣ ។​

​ក្រោ​បញ្ចប់​ស៊ី​ហ​យ្គេ​ម​ឆ្នាំ​២០២៣​សហព័ន្ធ​ក៏​នៅតែ​បន្ត​ការខិតខំ​បន្តទៅទៀត​សម្រាប់​​ត្រៀមលក្ខណៈ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នាពេលខាងមុខៗ​តទៅទៀត ។ ហេតុនេះ​យើង​​មិនអាច​បន្ធូរដៃ​បានទេ​គឺ​ត្រូវតែ​បន្តដំណើរ​ការអភិវឌ្ឍ​ន៍​វិស័យ​កីឡា​ជិះសេះ​កម្ពុជា​ស្របតាម​​ផែនការ​យុទ្ធសាស្ត្រ​របស់ខ្លួន​។​

​ក្នុងការ​ប្រកួត​សមត្ថភាព​កីឡាករ កីឡាការិនី​នៃ​វគ្គ​បណ្ដុះបណ្ដាល​នេះ​ប្រធាន​សហព័ន្ធ​​រូបនេះ​កត់សំគាល់​ឃើញថា​មាន​កីឡាករ កីឡាការិនី​ជម្រើសជាតិ​ចំនួន​៤​រូប​ធ្វើ​បានល្អ​លើ​ការ​​បញ្ជា​សេះ​លោត​ផ្លោះ​របារ​។​ក្រៅពីនេះ​ក៏មាន​កីឡាករ កីឡាការិនី​ក៏​កំពុងតែ​បង្ហាញ​នូវ​ភាព​​ល្អប្រសើរ​តែ​ត្រូវ​បន្ត​ហ្វឹកហាត់​សម​លើ​កំពស់​៦០​សង្ទីម៉ែត្រ​សិន​ជាមួយនឹង​សេះ​ចំនួន​៣​ក្បាល​​ដែល​ទើប​នាំចូល​មកពី​ប្រទេស​បារាំង​ទើបតែ​បាន​ជាង​១​ខែ​នេះហើយ​នៅពេល​ខាងមុខ​ត្រូវតែ​ព្យាយាម​លោត​ឲ្យ​បាន​ដល់​១​ម៉ែត្រ​និង​១,២០​ម៉ែត្រ​ដែលជា​តម្រូវ​នៃ​ស្ដង់ដា​ប្រកួត​។​

​ជារួម​គឺ​ទាំង​កីឡាករ កីឡាការិនី​និង​សេះ​ត្រូវមាន​អារម្មណ៍​ស៊ីសង្វាក់​គ្នា​ក្នុងការ​លោត​ផ្លោះ​របារ​ទី​ពី​១០​ដល់​១២ ឬ​១៥​របារ​ទី​។ ដូច្នេះ​វា​ត្រូវមាន​ការហ្វឹកហាត់​សម​ច្រើនណាស់​​រវាង​កីឡាករ និង​សេះ ជាពិសេស​គឺ​មិន​ធ្វើ​ឲ្យ​សេះ​ភ័យខ្លាច​ចំពោះ​អ្នកជិះ​នៅលើ​ខ្នង​សេះ​នោះទេ​។ ចំពោះ​កម្ពស់​កាន់តែ​ខ្ពស់​ការ​លោត​ផ្លោះ​របារ​ទី​កាន់តែ​លំបាក​។​

​អ្នកស្រី​ទេព ម៉ូ​ណា​បាន​សង្កត់ធ្ងន់​ដែរ​ថា ការថែទាំ​សេះ គឺជា​រឿង​សំខាន់បំផុត ទាំង​មុនពេល​ប្រកួត ទាំង​ក្នុងពេល​ប្រកួត និង​ក្រោយពេល​ប្រកួត ដោយ​ត្រូវ​ត្រួតពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​ពី​ក្រុម​ពេទ្យសត្វ និង​អ្នក​ថែទាំ​សេះ ដោយ​ថែទាំ​ទៅលើ​សុខភាព ដូចជា​កម្តៅ ចង្វាក់បេះដូង ការរង​របួស​ជាដើម​។​

​គួរ​បញ្ជាក់ថា វគ្គ​បណ្តុះបណ្តាល​មន្ត្រី​បច្ចេកទេស​ថ្នាក់ជាតិ​កីឡា​ជិះសេះ​លោត​ផ្លោះ​របារ កម្រិត​១​ឆ្នាំ​២០២២​នេះ​ធ្វើឡើង​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃទី​១ ផ្តោត​សំខាន់​លើ​ការសិក្សា​អំពី​ការត្រួតពិនិត្យ​សុខភាព និង​ស្ថានភាព​សេះ ការព្យាបាល ក្នុងពេល​ប្រកួត និង​ក្រោយពេល​ប្រកួត​។ ថ្ងៃទី​២ ផ្តោត​សំខាន់​លើ​ការត្រួតពិនិត្យ​សុខភាព​សេះ និង​កីឡាករ កីឡាការិនី​ជិះសេះ​ផ្លោះ​របារ ការប្រកួត​ជិះសេះ​ផ្លោះ​របារ និង​ការត្រួតពិនិត្យ​សេះ​ជាមួយនឹង​កីឡាករ​កីឡាការិនី​ជិះសេះ​រត់​​រយៈ​ចម្ងាយ​ឆ្ងាយ​។ វគ្គ​បណ្តុះបណ្តាល​នេះ ធ្វើឡើង​ដើម្បី​ឲ្យ​មន្ត្រី​បច្ចេកទេស កីឡាករ កីឡាការិនី​ក៏ដូចជា​និស្សិត​មកពី​សកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​បាន​យល់​កាន់តែ​ច្បាស់​អំពី​ការងារ​បច្ចេកទេស ការមើល​ថែទាំ​សេះ តាមរយៈ​ការអនុវត្ត​ជាក់ស្តែង​៕​