ដោយៈ​បាយ័ន / សៀមរាបៈ បុរស​ម្នាក់ បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ ដោយសារ រថយន្ដ បុក ក្នុងទិសដៅ​បញ្ច្រាស​គ្នា នៅវេលា​ម៉ោងជាង ៤ រសៀល ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២២ នេះ នៅលើ​ផ្លូវជាតិ​លេខ​៦ ត្រង់ចំណុច​បង្គោលគីឡូម៉ែត្រ​លេខ ៣២២-៣២៣ ស្ថិត​ក្នុងភូមិ​ប្រឡាយ ឃុំ​ខ្នាត ស្រុក​ពួក ហើយ​អ្នកបើករថយន្ត បាន​រត់គេច ខ្លួន​បាត់ ដោយ​បន្សល់ទុក​រថយន្ត ចោល​នៅ​កន្លែងកើតហេតុ​។​

​លោក​វរសេនីយ៍ឯក ទេព ពុំ សែន អធិការនគរបាល​ស្រុក​ពួក បាន​ប្រាប់​នៅ​ល្ងាច ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២២ នេះ​ថាៈ បុរសរងគ្រោះ ឈ្មោះ ឈឿន វណ្ណៈ អាយុ ៣៤ ឆ្នាំ មុខរបរ កសិករ រស់នៅ​ក្នុងភូមិ​ប្រឡាយ ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប​។​

​លោក​បានឱ្យដឹងថា បុរសរងគ្រោះ បាន​ជិះ​ម៉ូតូ​ម្នាក់ឯង ម៉ាក​ហុងដា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ១.L ៥៦.៣៤ ពី​ទិសខាងកើត ទៅ​ទិស​ខាងលិច ហើយ​បាន​បុក​គ្នា ជាមួយ​រថយន្ត​ម៉ាក​តូយ៉ូតា ហាយ​ឡិន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ សៀមរាប ២.B ២៥.៩១ បើកបរ​ពី​ទិស​ខាងលិច ទៅខាង​កើត ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ បណ្ដាលឱ្យ​អ្នកបើក​ម៉ូតូ បាន​ស្លាប់ នៅនឹងកន្លែង​កើតហេតុ​តែម្ដង​។ ចំណែក​អ្នកបើក រថយន្ត បាន​រត់​គេចខ្លួនបាត់ ដោយ​បន្សល់ទុក​រថយន្ត ចោល​នៅ​កន្លែងកើតហេតុ នៅ​មុនពេល​សមត្ថកិច្ច បាន​ចុះ​ទៅដល់​។​

​ភ្លាមៗ​នោះ កម្លាំង​នគរបាល​ជំនាញ បាន​ចុះ​វាស់វែង​នៅ​កន្លែងកើតហេតុ រួច​កសាង សំណុំរឿង និង​ដកហូត​វត្ថុតាង​ពាក់ព័ន្ធ យកមក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ស្រុក​ពួក​៕/V​-PC