ដោយៈ​ស​រិ​ទ្ធ / ភ្នំពេញៈ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន នគរបាល រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់ ជា​ឈ្មួញ​ជួញដូរ​អាវុធ​ខុសច្បាប់ ប្រភេទ​ដាវ​សា​ម៉ូ​រ៉ៃ ទៅ​អយ្យការ​អម សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២២ ដើម្បី​បន្ត​ចាត់ការ តាម​នីតិវិធី​។​

​ជនសង្ស័យ មានឈ្មោះ ទីវ ឈុន​ទី ភេទ​ប្រុស អាយុ ២៤ ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់នៅ ផ្ទះជួល លេខ​៣៧០ បន្ទប់​លេខ​១០៧ ផ្លូវ​លេខ​៦៧​បេ​តេ ភូមិ​ត្នោតជ្រុំ​២ សង្កាត់​បឹង ទំពុន​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​ការបង្ក្រាប​ការជួញដូរ​អាវុធ​ខុសច្បាប់​នេះ បានធ្វើ​ឡើង ដោយមាន​ការសម្របសម្រួល ពី​លោក ម៉ុ​ត ដា​រ៉ា ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ និង​លោក​វរសេនីយ៍ឯក ប៊ុត សត្យា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដឹកនាំ​កម្លាំង​ស្រាវជ្រាវ ឃាត់ខ្លួន​ជន សង្ស័យ នា​វេលា​ម៉ោង ៥ ល្ងាច ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២២ នៅ​ចំណុច​ស្ថានីយ៍​ប្រេងឥន្ធនៈ PTT ផ្លូវ​មុន្នី​រ៉េត សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន ពី​មន្ត្រី​ជំនាញ បាន​ឲ្យ​ដឹងថាៈ នៅមុន​ឈានដល់​ការឃាត់ខ្លួន ជនសង្ស័យ ដោយ​ជនសង្ស័យ ឈ្មោះ ទីវ ឈុន​ទី បាន​ផ្សព្វផ្សាយ​ដាក់លក់​ដាវ​សាំ​ម៉ូ​រ៉ៃ នៅលើ​គណនី ហ្វេ​ស​ប៊ុ​ក របស់​ឈ្មោះ Seven Tii និង​តាម​ផេ​ក​ឈ្មោះ Seven CamboSamoria ក្នុង​១​ដើម តម្លៃ ៥០ ដុល្លារ ហើយ​ឲ្យ​អតិថិជន​ដែល​ចង់​ទិញ ដាវ​សាំ​ម៉ូ​រ៉ៃ អាច​ទំនាក់ទំនង​តាម​ទូរស័ព្ទដៃ លេខ​ផ្ទាល់ខ្លួន​បាន​។​

​មន្ត្រី​ជំនាញ បាន​បន្តទៀតថាៈ នៅ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២២ ជនសង្ស័យ បាន​យក ដាវ​សាំ​ម៉ូ​រ៉ៃ ប្រវែង ៧០ សង់ទីម៉ែត្រ ទៅ​ប្រគល់​ឲ្យ​អតិថិជន នៅ​ចំណុច​ស្ថានីយ៍ ប្រេងឥន្ធនៈ PTT ផ្លូវ​មុន្នី​រ៉េត សង្កាត់​ស្ទឹងមានជ័យ​២ ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន និង​ចាប់យក​ដាវ​សាំ​ម៉ូ​រ៉ៃ ប្រវែង ៧០ សង់ទីម៉ែត្រ ចំនួន ១​ដើម បញ្ជូនទៅ​ប៉ុស្តិ៍​នគរ បាល​រដ្ឋបាល ស្ទឹងមានជ័យ​២ ដើម្បី​សាកសួរ រហូតដល់​វេលា​ម៉ោង ១០​និង​៤០​នាទី យប់ ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២២ ដោយមាន​ការអនុញ្ញាត ដោយផ្ទាល់​មាត់ តាមរយៈ​ទូរស័ព្ទដៃ​ពី​លោក ម៉ុ​ត ដា​រ៉ា ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម សាលាដំបូង រាជធានី​ភ្នំពេញ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ បាន​នាំ​ជនសង្ស័យ ឈ្មោះ ទីវ ឈុន​ទី ដោយ​សហការ​ជាមួយ សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល រដ្ឋបាល បឹងទំពុន​២ និង​មានការ អនុញ្ញាត ពី​ម្ចាស់​ផ្ទះជួល​ផង​នោះ បាន​ឆែកឆេរ​បន្ទប់​ស្នាក់នៅ របស់​ជនសង្ស័យ បន្ទប់​លេខ​១០៧ ផ្ទះជួល​លេខ​៣៧០ ផ្លូវ​លេខ​៦៧​បេ​តេ ភូមិ​ត្នោតជ្រុំ​២ សង្កាត់​បឹង ទំពុន​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ នៅ​ចំពោះមុខ​ជនសង្ស័យ រកឃើញ​វត្ថុតាង ដាវ​សាំ​ម៉ូ​រ៉ៃ​ចំនួន ១៩០ ដើម បន្ថែមទៀត​៕/V​-PC