​ដោយៈ ស​រិ​ទ្ធ / តាកែវៈ នគរបាល​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ បាន​ឃាត់ខ្លួន​ជន សង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ការជួញដូរ​សារធាតុ​ញៀន ខុសច្បាប់ ជាមួយនឹង​ការ​រឹបអូស បាន​វត្ថុតាង​ថ្នាំញៀន ៣៨ កញ្ចប់ កាលពី​រសៀល ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២២ ស្ថិត​ក្នុងភូមិ​ត្រពាំងរ​កា ឃុំ​អង្កាញ់ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ។​

​នគរបាល​ស្រុក​ព្រៃកប្បាស បានឱ្យដឹងថាៈ មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ម្នាក់​នោះ ឈ្មោះ អ៊ូច សំអុល ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​រកា ឃុំ​អង្កាញ់ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ។​

​ប្រភព​បាន​បញ្ជាក់ថាៈ ការបង្ក្រាប​នេះ គឺ​ដោយមាន​ការចង្អុលបង្ហាញ ពី​សំណាក់​លោក ឧ​ត្ត​ម សេនីយ៍​ទោ ឈាង ផាន់​ណា​រ៉ា ស្នងការ​នគរបាល​ខេត្តតាកែវ​, លោក​វរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាល ស្រុក​ព្រៃកប្បាស បាន​ដឹកនាំ បញ្ជា​កម្លាំង​ជំនាញ សហការ​ជាមួយ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​អ​ង្កា​ញ់ ចុះបង្ក្រាប​ករណី​ជួញដូរ ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន មួយ​ករណីនេះ​។ ដោយឡែក វត្ថុតាង​ដកហូត​បាន រួមមាន ម្សៅ​ក្រាម ពណ៌​ស​ថ្លា សង្ស័យ​ជា​សា​ធាតុ ញៀន ចំនួន ៣៨ កញ្ចប់ ទូរស័ព្ទដៃ ១​គ្រឿង ម៉ាក​ណូគា​។​

​បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ រួមទាំង​វត្ថុតាង ត្រូវបាន​នាំមក​កាន់ អធិការដ្ឋាន​នគរបាល ស្រុក​ព្រៃកប្បាស ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង បញ្ជូនទៅ​អយ្យការ អម​សាលាដំបូង ខេត្តតាកែវ ចាត់ការ​តាម​នីតិវិធី​៕/V-PC