ដោយៈ ស​រិ​ទ្ធ / តាកែវៈ ប្ដី​ដែល​តែងតែ​ប្រើ​ហិង្សា លើ​ប្រពន្ធ និង​បំផ្លាញ​ទ្រព្យសម្បត្តិ ជា​ញឹកញាប់​ពេក ដោយ​ប្រពន្ធ​ទ្រាំ​មិនបាន ក៏​សម្រេចចិត្ត​ប្ដឹង​សមត្ថកិច្ច ហើយ​សមត្ថកិច្ច ក៏​ចាប់ខ្លួន យកទៅ​អប់រំ នៅ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២២ តាម​ការបញ្ជា​ពី​លោក​ឧ​ត្ត​ម សេនីយ៍​ទោ ឈាង ផាន់​ណា​រ៉ា ស្នងការ​នគរបាល​ខេត្តតាកែវ និង​មានការ​សម្រប សម្រួល ពី​លោក ឯក ឆេង​ហួត ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តតាកែវ​។​

​លោក​វរសេនីយ៍ទោ ហ៊ឹម ស្រ៊ុន អធិការ​ស្តីទី នៃ​អធិការដ្ឋាន​នគរបាល ស្រុក​គី​រី​វង្ស ខេត្តតាកែវ ក្រោយពី​បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា មាន​ករណី​ហិង្សា​ដោយ ចេតនា នៅ​ភូមិ​ពោធិ៍​ខ្វិត ឃុំ​ព្រះបាទ​ជាន់​ជុំនោះ លោក​បាន​ដឹកនាំ​កម្លាំង ចុះទៅ​ឃាត់ខ្លួន​បុរស​ដៃដល់ ឈ្មោះ លៀង លីម អាយុ ៣៨ ឆ្នាំ ដែល​បាន​បង្ក​ហិង្សា ទៅលើ​ប្រពន្ធ ឈ្មោះ ញៀ​វ ធឿន អាយុ ៤៣ ឆ្នាំ បណ្តាលឱ្យ​រងរបួស​ស្នាម ដាច់​រលាត់​លើ​ជង្គង់ ខាងស្តាំ ចំនួន ១ កន្លែង និង​ដាច់​រលាត់ លើ​ដើមទ្រូង ចំនួន​១​កន្លែង​។​

​សមត្ថកិច្ច បានបញ្ជាក់​ថាៈ ជនសង្ស័យ បាន​យក​ដំបង រនុក​គ្រែ ដេញ​វាយ​ជនរងគ្រោះ បណ្ដាល​ឲ្យ​រងគ្រោះ រអិល​ជើង​ដួល រួច​ជនសង្ស័យ ក៏បាន​ទៅ​វាយ​ធ្វើបាប​ជនរងគ្រោះ រួចហើយ​ក៏បាន​ទៅ​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ ក្នុងផ្ទះ​អស់​មួយចំនួនទៀត ។​

​ប្រភព បានបញ្ជាក់​ទៀតថា ជនសង្ស័យ​ម្នាក់នេះ បាន​បង្ក​ហិង្សា ជា​ញឹកញាប់​ណាស់ ទើប​សមត្ថកិច្ច បាន​យកមក​ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា ចំនួន ២ លើក រួចមកហើយ ប៉ុន្តែ​ជនសង្ស័យ ពុំ​កែប្រែ​កំហុស​របស់ខ្លួន​ទេ នៅតែ​ប្រព្រឹត្ត​ដដែល​។ ជនសង្ស័យ​ជា មុខសញ្ញា ប្រើប្រាស់​គ្រឿងញៀន ផងដែរ​។ បច្ចុប្បន្ន សមត្ថកិច្ច កំពុង​សាកសួរ និង កសាង​សំណុំរឿង តាម​នីតិវិធី​៕/V-PC