ដោយៈ បូកគោ / កំពត​: ក្រុមការងារ​សាងសង់​ប្រព័ន្ធ​បង្ហូរទឹក​ព្រែកជីក ភូមិ​តា​អេង ក្រុង​កំពត កំពុង​កែលម្អ ព្រមទាំង​ស្ថាបនា ស្ថានីយ​មេ​បូមទឹក និង​អាង​ចម្រោះ​ទឹក​កខ្វក់ ដោយ​ពង្រីក វិសាលភាព ឱ្យបាន​ធំ ហើយ​ទំនើ​ជាង​មុន​។ ក្រោយ​ស្ថាបនា​រួចរាល់ គម្រោង​ដ៏​សំខាន់​នេះ នឹង​បង្កើន​សមត្ថភាព ក្នុងការ​ទទួលយក​ទឹក​កខ្វក់ ក៏​ដី​ច​ជា ស្រូប​ទាញ​ទឹកភ្លៀង មិនឱ្យ​ជន់​លិច​ក្រុង នា​រដូវវស្សា​។​

​លោក សម កុសល ទីប្រឹក្សាបច្ចេកទេស គម្រោង​រំដោះ​ទឹកភ្លៀង និង​ចម្រោះ​ទឹក​កខ្វក់ ក្រុង​កំពត បាន​រៀបរាប់ថាៈ បច្ចុប្បន្ន ក្រុមការងារ កំពុង​បង្កើន​សកម្មភាព​សាងសង់ ស្ថានីយ​មេ បូមទឹក​កខ្វក់ ព្រៃ​ចាក ព្រែកជីក ភូមិ​តា​អេង ឱ្យបាន​រួចរាល់ ដោយ​ធ្វើ យ៉ាងណា បញ្ចៀស​ភាព កកស្ទះ​ដំណើរការ ពេល​មាន​ភ្លៀង​ធ្លាក់​ច្រើន​។ ពេលនេះ​ការងារ​គម្រោង​កំពុង​កែលម្អ​ឱ្យបាន​ធំ និង​ងាយស្រួល​ប្រើប្រាស់​ជាង​មុន​។ ម្ល៉ោះហើយ ការចំណាយ​ថវិកា ក្រោម​គម្រោង​ឥណទាន របស់ ធនាគារអភិវឌ្ឍន៍អាស៊ី ក៏ត្រូវ​កើនឡើង​ផងដែរ​។​

​ទីប្រឹក្សាបច្ចេកទេស​ដដែល បាន​បន្តថាៈ ការស្ថាបនា​ស្ថានីយ​មេ​បូមទឹក ព្រៃ​ចាក ព្រែកជីក ភូមិ​តា​អេង បាន​ចាប់ដំណើរការ កាលពីដើម​ខែមេសា ឆ្នាំ​២០២២​។ ស្ថានីយ​នេះ មាន​តួនាទី សម្រាប់​បូមទឹក​កខ្វក់ ចេញពី​ក្រុង មក​អាង​ចម្រោះ​ធំ ដោយមាន​អាង​បឋម សម្រាប់​ចម្រោះ សំរាម កករ និង​ជាតិ​ខ្លាញ់ នៅ​ខាងដើម​។​

​លោក សម កុសល បានបញ្ជាក់​ថាៈ ជា​លទ្ធផល ការសង់​អាង​សម្រេចបាន ៧០ ភាគរយ ប៉ុន្តែ​ស្ថានីយ​មេ​ទាំងមូល ទើបតែ​រួចរាល់​ប្រមាណ​ជាង ៣០ ភាគរយ​ប៉ុណ្ណោះ​។ តាម​ផែនការ គម្រោង​នេះ នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២២ ខាងមុខ​។​

​មន្ត្រី​ជំនាញ​រូបនេះ បានបញ្ជាក់​ទៀតថាៈ ក្រោយពេល​គម្រោង​បញ្ចប់​រួចរាល់ ទឹកស្អុយ ទឹក​កខ្វក់ ក្នុង​ក្រុង​កំពត នឹងត្រូវ​ប្រមូល​ចូល​អាង​បូមទឹក​មេ រួច​បញ្ជូនបន្ត ទៅ​អាង ចម្រោះ​ធំ ដោយ​មិនឱ្យ​ទឹក​កខ្វក់ ហូរ​ចូល​ព្រែកជីក ទៀតឡើយ​។ ចំណែក​ទឹកភ្លៀង នឹងត្រូវ​បង្ហូរ​តាម ព្រែកជីក ភូមិ​តា​អេង ដែល​បាន​ស្តារ និង​ស្ថាបនា​រួចរាល់ ហើយ​បន្ត​ធ្លាក់​ចូលទៅ​ដៃសមុទ្រ តែម្តង​៕/V​-PC