ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ សមាគម​កីឡា​ប៉េតង់ វ័យចាស់​កម្ពុជា បាន​បើក​ការ ប្រកួត កីឡា​ប៉េតង់ សម្រាប់​វ័យចាស់ ដើម្បី​បង្កើន​នូវ​ស្មារតី មិត្តភាព សាមគ្គីភាព និង​ដើម្បី​សុខុមាលភាព ដែល​ការប្រកួត ធ្វើ​នៅ​ខេត្តកណ្ដាល ។​

​លោក ស៊ុម សុជាតិ អនុប្រធាន​សហព័ន្ធ​កីឡា​ប៉េតង់ និង ប៊ូល​កម្ពុជា បានបញ្ជាក់​ថាៈ សម្រាប់ ការប្រកួត​នេះ គឺ​ដើម្បី​បង្កើន​នូវ​សមត្ថភាព កីឡា​វ័យចាស់​កម្ពុជា ដើម្បី​ចូល រួម​ប្រកួតប្រជែង កីឡា​ប៉េតង់​វ័យចាស់ ជា​លក្ខណៈ​អន្តរជាតិ ដូចជា ក្នុង​តំបន់​អាស៊ី អាគ្នេយ៍ នេះ​ទៀតផង​។ កន្លង មក កីឡា​ប៉េតង់​វ័យចាស់​កម្ពុជា ក៏​ធ្លាប់​ចេញទៅ​ចូល រួម​ប្រកួត នៅតាម​បណ្ដា​ប្រទេស​នានា មួយចំនួន ជា​បន្តបន្ទាប់​ដែរ​។​

​ការប្រកួត​ឆ្នាំនេះ សមាគម បាន​ទាក់ទាញ​ក្លិប​ប៉េតង់​វ័យចាស់ នៅ​រាជធានី ចូលរួម ហើយ​លើក​ក្រោយៗ សមាគម នឹង​គៀងគរ​ឲ្យ​មានការ​ចូលរួម ពី​សំណាក់​កីឡាករ និង​ក្លិប​នានា ខេត្ត​នានា ឲ្យ​កាន់តែ​ទូលាយ​។​

​លោ កថន វណ្ណា​រ៉ា ប្រធាន​សមាគម​ប៊ូល និង​ប៉េតង់​ខណ្ឌទួលគោក ដែលជា​អ្នករៀបចំ​ ​ព្រឹត្តិការណ៍​នេះ បានបញ្ជាក់​ថាៈ គោលបំណង​នៃ​ការប្រកួត​នេះ គឺជា​ការ​ការប្រមូលផ្តុំ កីឡាករ​ប៉េតង់​វ័យចាស់ មកពី​បណ្តា​ក្លិប​នានា នៅ​រាជធានី​ភ្នំពេញ បាន​ចូលរួម​ប្រកួត ដើម្បី​សុខភាព មិត្តភាព និង​សាមគ្គីភាព​។​

​ឆ្នាំ​២០២២​នេះ ការប្រកួត​នេះ មាន ៨ ក្លិប ចូលរួម​ប្រកួត ដោយ​ការប្រកួត ត្រូវបាន រៀបចំឡើង ជា​រៀងរាល់ឆ្នាំ ប៉ុន្តែ​ការរៀបចំ នៅ​ទីលាន​នៃ​កសិដ្ឋាន អមរៈ​ខេត្ត កណ្ដាល​នេះ នេះ​គឺជា​លើកដំបូង ដោយ​ទទួលបាន ការឧបត្ថម្ភ​គាំទ្រ ពី​ម្ចាស់ កសិដ្ឋាន​អមរៈ​នេះ​។​

​លោក​បាន​បន្ថែមទៀតថាៈ ដើម្បី​ជួយ​ជំរុញ​សុខុមាលភាព ដល់​កីឡាករ​វ័យចាស់ សមាគម នឹង​ខិតខំ​រៀបចំ និង​បំផុសស្មារតី ដល់​កីឡាករ​វ័យចាស់ ចូលរួម ឱ្យបាន​កាន់តែច្រើន បន្ថែមទៀត ដើម្បី​លើកស្ទួយ ដល់​វិស័យ​កីឡា​ប៉េតង់​កម្ពុជា ផងដែរ​។​

​ចំពោះ​លទ្ធផល​នៃ​ការប្រកួត​វិញ​នោះ ផ្នែក​ពាន​ធំ ចំណាត់ថ្នាក់​លេខ​១ បាន​ទៅលើ​ក្រុម​ ​តេង​ឡាយ លេខ​២ បាន​ទៅ​ក្រុម​អូឡាំពិក និង​លេខ​៣ ស្ទួន បាន​ទៅ​ក្រុម​កសិដ្ឋាន​អមរៈ និង​ក្រុម​ព្រែក​ហូរ ។​

​ចំពោះ​ពាន​សមាគម ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​ក្រុម​បុរស​ពិត លេខ​២ បាន​ទៅ​ក្រុម​ ​កូន​ខ្មែរ និង​លេខ​៣​ស្ទួន បាន​ទៅ​ក្រុម DTA-1 និង ក្រុម​DTA-2 ៕/V​-PC