ដោយ​: សុខុម / ស្ទឹងត្រែង​: ជួប​អ្នក​ផលិត​កូនជ្រូក និង​រូប​ផ្សេងៗ សម្រាប់​លក់ ជូន​អតិថិជន ដើម្បី​ទុក​សន្សំ ប្រាក់ ដែល​ធ្វើ​អំពី​ម្នាងសិលា​នោះ អាច​រកប្រាក់​ចំណូល បាន​មិន​ក្រោម ១.០០០ ដុល្លារ ក្នុង​មួយខែ ពី​សិប្បកម្ម​ខ្នាតតូច មួយកន្លែង​។​

​លោក ខឹម រុំ ម្ចាស់​សិប្បកម្ម​ផលិត​កូនជ្រូក ម្នាងសិលា នៅ​ភូមិ​បា​ចុង សង្កាត់​ព្រះបាទ ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង បាន​រៀបរាប់ថាៈ ដំបូង​ឡើយ លោក​បាន​រៀនសូត្រ ចេះ​ត​ពី​បងប្អូន នៅ​ស្រុក​មោងឫស្សី និង​ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។​

​បុរស​វ័យ ២៩ ឆ្នាំ​ម្នាក់នេះ បាន​ពណ៌នា​ថាៈ ក្រោយពី​បានមក​រស់នៅ​ផ្ទះជួល នៅ​ខេត្តស្ទឹងត្រែង ដំបូង គិតថា ចង់​ធ្វើជា​អ្នកចម្ការ​។ ក៏ប៉ុន្តែ​ការងារ​នេះ គិតថា​លំបាក ខ្លួន មិនអាច​ធ្វើទៅបាន ក៏​ចាប់ផ្ដើម​យកចំណេះ​ដឹង ដែល​ខ្លួន​មាន​ស្រាប់ គឺ​សិប្បកម្ម ផលិត​កូនជ្រូក ម្នាងសិលា​។ ដូច្នេះ លោក ក៏​ចាប់ផ្ដើម​បង្កើត​មុខរបរ​មួយ​នេះ ជាមួយនឹង​គ្រួសារ នៅ​វ័យក្មេង ពី​តិច​ទៅ​ច្រើន រហូត​អាច​ផលិត​កូនជ្រូក​បាន រាប់រយ ក្នុង​មួយថ្ងៃ​។​

​លោក ខឹម រុំ បាន​និយាយ​ឲ្យ​ដឹងថាៈ សិប្បកម្ម​ផលិត​កូនជ្រូក​ម្នាងសិលា ដែល​គ្រួសារ លោក ធ្វើ​រាល់ថ្ងៃនេះ រួមមាន ផលិត​ជា​កូនជ្រូក រូប​សត្វ​ផ្លែឈើ​ខុសៗ​គ្នា ដើម្បី​លក់ ជូន​អតិថិជន​។ អ្នកបញ្ជា​ទិញ គេ​យកទៅលក់​បន្ត នៅក្នុង​ខេត្តស្ទឹងត្រែង និង​នាំចេញ ទៅ​ក្រៅ​ខេត្ត​ទៀតផង​។ ក្រោយ​ផលិត​បាន​រូប​កូនជ្រូក រូប​សត្វ និង​រូប​ផ្លែឈើ ទុក​សម្រាប់​សន្សំ​ប្រាក់ បាន​តិច​ច្រើន ទៅតាម​ចំណង់​ចំណូលចិត្ត​រៀងខ្លួន​។​

​លោក ខឹម រុំ បាន​ឲ្យ​ដឹង​ទៀតថាៈ មុខរបរ​មួយ​នេះ មិន​លំបាក​ទេ ដោយ​គ្រាន់តែ​ទិញ​ពុម្ព និង​ម្សៅ​ម្នាងសិលា យកមក​ចាក់ចេញ​ជា​រូបរាង ដូចជា​កូនជ្រូក ជាដើម​នោះ​។ សព្វថ្ងៃនេះ លោក​បាន​ជួល​កម្លាំង​មនុស្ស​ប្រុស ត្រឹម បីនាក់​។ ក្រៅពីនេះ ភាគច្រើន សុទ្ធតែជា​ស្ត្រី​ចាស់ និង​ក្មេង ដែល​ពួកគាត់ ទំនេរ​ពី​ការងារ ក៏​ឆ្លៀត​មក​ស៊ីឈ្នួល អង្គុយ​ដុសខាត់ កូនជ្រូក​ម្នាងសិលា ទៅតាម​តម្លៃ​តូចធំ​រៀងៗ​ខ្លួន​។ ការងារ​នេះ មិនសូវ​មមាញឹក​ទេ គឺ​ចាប់ផ្ដើម​រវល់​ម្តងម្កាល ប៉ុណ្ណោះ​។​

​លោក ខឹម រុំ បានបញ្ជាក់​ថាៈ ក្នុង​មួយថ្ងៃ ប្រើ​មនុស្ស​ត្រឹមតែ ពីរ​នាក់ អាច​បោះពុម្ព​កូន ជ្រូក បាន​ជាង ២០០ ។ កូនជ្រូក​រូប​សត្វ និង​រូប​ផ្លែឈើ ដែល​បោះពុម្ព​នោះ ផ្សំ​ឡើង ពី​ម្សៅ​ម្នាង សិលា​។ ក្រោយពី​ធ្វើ​រួច បោះ​ឱ្យ​ម៉ូយ តាម​តូច​-​ធំ គឺ​តូច​បំផុត តម្លៃ​ជាង ២ ពាន់​រៀល និង​ធំ​បំផុត តម្លៃ​ជាង ៥ ម៉ឺន​រៀល​។ អ្នកទទួល​ទិញ​ពី​លោក យកទៅលក់​បន្ត អាច​បាន ៨ ទៅ​ជាង ១០ ម៉ឺន​រៀល ក្នុង​មួយ​សម្រាប់​។​

​អ្នកស្រី សេង ជីវិត ភរិយា​លោក ខឹម រុំ បានឱ្យដឹងថាៈ សិប្បកម្ម​ផលិត​កូនជ្រូក ម្នាងសិលា ធ្វើបាន​ស្អាត នៅពេលដែល​អាកាសធាតុ​ល្អ​។ ពេល​មេឃ​ភ្លៀង ការផលិត​កូនជ្រូក​ម្នាងសិលា មិនបាន​ល្អ​ទេ​។ ថ្ងៃ​ដែល​រវល់ អាច​ត្រូវការ​មនុស្ស​ពី ៨ ទៅ ១០ នាក់ ដើម្បី​ជួយ​ព​ន្លឿ​ន​ការងារ ឱ្យ​ឆាប់​ហើយ លក់​ជូន​អ្នកបញ្ជា​ទិញ​។ មុខរបរ​មួយ​នេះ អាច​បាន​ប្រាក់ចំណូល​គួរសម ហើយ គ្រួសារ នឹង​សន្សំ​ប្រាក់ ដើម្បី​រក​ទិញ​ដី​ធ្វើ​ផ្ទះ​ស្នាក់នៅ ដោយ​ខ្លួនឯង នៅពេល​ខាងមុខ​៕/V​-PC