​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ នាង​មាន​អ្នកតាមដាន​កន្លះ​លាន​នាក់​នៅលើ Instagram រស់​នៅក្នុង​ជីវិត​ស៊ីវិល័យដ៏​ស្រស់បំព្រង និង​ពណ៌នា​ខ្លួន​នាង​ថា “​កូនស្រី​តូច​”​របស់​អតីត​នាយក​​រដ្ឋមន្ត្រី​ថាក់ស៊ីន ស៊ីណា​វ៉ាត់ ដែល​ជា​ឥស្សរជន​ដ៏​មាន​ឥទ្ធិពល​និង​ចម្រូងចម្រាស​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ថៃ​សម័យ​ទំនើប​។​

​នាង ផែ​តុង​តា​ន ស៊ីណា​វ៉ាត់ (Paetongtarn Shinawatra)​អាយុ ៣៥ ឆ្នាំ ជា​កូនពៅ​ក្នុងចំណោម​កូន​បី​នាក់​របស់​មហាសេដ្ឋី​ថាក់ស៊ីន ពេលនេះ​កំពុង​ចាប់ផ្តើម​ប្រឡូក​ចូល​ក្នុង​ឆាកនយោបាយ​​ដែល​មាន​ការបែកបាក់​យ៉ាង​ជ្រាលជ្រៅ​របស់​ប្រទេស នៅ​មុន​ការបោះឆ្នោត​ជាតិ​ដែល​នឹង​ធ្វើឡើង​នៅ​ខែ​មីនា ឆ្នាំ ២០២៣ ។​

​ចំណាត់ការ​នេះ​បាន​នាំ​ឥទ្ធិពល​របស់​ត្រកូល​ស៊ីណា​វ៉ាត់​ទៅកាន់​មនុស្ស​ជំនាន់​ថ្មី និង​កំណត់​ដំណាក់កាល​សម្រាប់​ជុំ​ចុងក្រោយ​បំផុត​ក្នុងការ​ប៉ះទង្គិច​គ្នា​រយៈពេល ២០​ឆ្នាំ​របស់​ត្រកូល​អ្នកមាន​បំផុត​នេះ​​ជាមួយនឹង​ក្រុម​អភិជន​រាជានិយម​-​យោធា​របស់​ព្រះរាជាណាចក្រ​នេះ​។​

​សម្រាប់​ពេល​នេះ នាង​ផែ​តុង​តានមាន​តួនាទី​សំខាន់​ទាប​ប៉ុណ្ណោះ​ជាមួយ​គណបក្ស​ភឿ​ថៃ ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​ប៉ុន្តែ​នាង​ត្រូវ​គេ​រំពឹង​យ៉ាង​ទូលំទូលាយ​ថា​នឹង​ត្រូវ​ជ្រើសតាំង​ជា​បេក្ខជន​នាយក​​រដ្ឋមន្ត្រី​នៅ​ពេល​ការបោះឆ្នោត​ត្រូវ​បាន​រៀបចំ​។​

​លោក​ថាក់​ស៊ីន​អាយុ ៧២ ឆ្នាំ ដែល​ត្រូវ​បាន​បណ្តេញចេញ​ពី​តំណែង​នាយករដ្ឋមន្ត្រី​នៅក្នុង​រដ្ឋប្រហារ​យោធា​ក្នុង​ឆ្នាំ ២០០៦​បាន​លេចឡើង​ជា​ទៀងទាត់​នៅក្នុង​សារ​បង្ហោះ​លើ​បណ្តាញ​សង្គម​របស់​នាង​​ផែ​តុង​តា​ន ដោយ​ឱប​កូន​ឬ​ថតរូប​ជាមួយ​កូនស្រី​របស់​គាត់​លើ​ចាន​មី​។​

​នាង​ផែ​តុង​តាន​និយាយថា នាង​បាន​ទាញយក​កម្លាំង​ចិត្ត​ពី “​ការគាំទ្រ​ឥត​ងាករេ​” របស់​ឪពុក​នាង ហើយ​ទទូចថា នាង​នឹង​ក្លាយជា “​កូនស្រី​តូច​” របស់​គាត់​ជានិច្ច​។​

​វា​ជា​មនោសញ្ចេតនា​មួយ ដែល​នាំ​ឱ្យ​នាង​ទទួលបាន​ក្តីស្រឡាញ់​ពី​ក្រុម​អ្នកគាំទ្រ ដែល​ភាគច្រើន​ជា​អ្នកក្រ​និង​អ្នក​ជនបទ ដែល​បាន​ជួយ​លោក​ថាក់ស៊ីន​ឈ្នះ​ការបោះឆ្នោត​ក្នុង​ឆ្នាំ ២០០១ និង ២០០៥​។​

​អ្នកគាំទ្រ​ម្នាក់​បាន​ប្រាប់​នាង​ក្នុង​អំឡុងពេល​ធ្វើ​យុទ្ធនាការ​សម្រាប់​ការបោះឆ្នោត​ក្នុង​ក្រុង​បាងកក​កាលពី​ខែ​មុន​ថា “​យើង​ត្រូវការ​អ្នក​។ យើង​នឹក​ឪពុក​របស់​អ្នក​”​។​

​ប៉ុន្តែ​វា​ក៏​នឹង​នាំឱ្យ​មាន​ល្បិចកល​ពី​ពួក​រាជានិយម​និង​ឥស្សរជន​យោធា​ដ៏​មាន​ឥទ្ធិពល​ផង​ដែរ ដែល​ស្អប់​លោក​ថាក់ស៊ីន​និង​សង្ស័យ​ជា​យូរ​មក​ហើយ​ថា​គាត់​កំពុង​រៀបចំ​ផែនការ​ប្រឆាំង​នឹង​ការគ្រប់គ្រង​​នយោបាយ​របស់​ពួកយោធា​ពី​បរទេស​។​

​គណបក្ស​ដែល​មាន​ទំនាក់ទំនង​ជាមួយ​មហា​សេដ្ឋី​រូបនេះ​បានឈ្នះ​អាសនៈ​ច្រើន​ជាង​គេ​នៅ​រាល់​ការ​បោះឆ្នោត​របស់​ថៃ​ចាប់​តាំងពី​ឆ្នាំ ២០០១​តែ​បាន​ត្រឹមតែ​ត្រូវគេ​ផ្តួលរំលំ​ដោយ​រដ្ឋប្រហារ​ឬ​សេចក្តីសម្រេច​​របស់​តុលាការ ក្រោយ​មាន​ការតវ៉ា​តាម​ដងផ្លូវ​ទ្រង់ទ្រាយ​ធំ​។​

​លោក​ថាក់ស៊ីន ជា​អតីត​ម្ចាស់​ក្លិប Manchester City​ដែល​កសាង​អាណាចក្រ​ទូរគមនាគមន៍​ជាមួយនឹង​ទ្រព្យសម្បត្តិ​ដែល​ប៉ាន់ស្មាន​ដោយ​ទស្សនាវដ្ដី Forbes ជិត ១,៩ ពាន់​លាន​ដុល្លារ​នោះ ឥឡូវ​នេះ​រស់នៅ​ក្នុង​កា​រ​និរទេស​នៅក្នុង​ទីក្រុង​ឌូ​បៃ ដើម្បី​បញ្ចៀស​ការចោទប្រកាន់​ពី​បទ​ពុករលួយ ដែល​គាត់​និយាយថា​មាន​ចេតនា​នយោបាយ​។​

​ប្អូនស្រី​របស់​គាត់ យី​ង​ឡាក់​ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​ជា​នាយក​រដ្ឋមន្ត្រី​ក្នុង​ឆ្នាំ ២០១១ ប៉ុន្តែ​ត្រូវបាន​ទម្លាក់​ដោយ​ឧត្តមសេនីយ៍ប្រា​យុទ្ធ ចាន់​អូ​ចា នៅក្នុង​រដ្ឋប្រហារ​ឆ្នាំ ២០១៤៕

នាង ផែ​តុង​តា​ន ស៊ីណា​វ៉ាត់ រំពឹង​ក្លាយ​ជាបេ​ក្ខ​នារី​នាយករដ្ឋមន្ត្រី ប្រសិនបើ​ការបោះឆ្នោត​ឆ្នាំ​២០២៣ ត្រូវបាន​រៀបចំ​ឡើង​មែន​នោះ