​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ឆា​នែ​ល​ញូ​វ​អេ​ស៊ា​) ៖ អគ្គលេខាធិការ​អង្គការ​ណា​តូ​លោក ជេ​ន ស្តូល​ធិន​បឺក (Jens Stoltenberg) បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​១២​មិថុនា​ថា​ការព្រួយបារម្ភ​​ផ្នែក​សន្តិសុខ​ដែល​លើកឡើង​ដោយ​តួ​ក​គី​ក្នុង​ការជំទាស់​របស់​ខ្លួន​ចំពោះ​ពាក្យ​សុំចូល​ជា​សមាជិក​ណា​តូ​របស់​ហ្វាំង​ឡ​ង់​និង​ស៊ុយអែត គឺ​ស្រប​ច្បាប់​។​

​លោក​ស្តូល​ធិន​បឺ​ក​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ជាមួយ​ប្រធានាធិបតីហ្វាំង​ឡ​ង់ លោក សោ​លី នី​អ៊ី​នី​ស្តូ (Sauli Niinisto)​នៅពេល​ជួប​គាត់​នៅឯ​គេហដ្ឋាន​រដូវក្តៅ​របស់​គាត់​នៅ​ទី​​ក្រុង​ណា​អាន​តា​លី (Naantali)​ប្រទេស​ហ្វាំង​ឡ​ង់​ថា “​ទាំងនេះ​គឺ​ជា​កង្វល់​ស្របច្បាប់​។ នេះ​គឺ​អំពី​អំពើ​ភេរវកម្ម​។ វា​គឺ​អំពី​ការនាំចេញ​អាវុធ​”​។​

​ស៊ុយអែត​និង​ហ្វាំង​ឡ​ង់​បាន​ដាក់ពាក្យ​ចូលរួម​ជាមួយ​សម្ពន្ធ​ការពារ​លោក​ខាងលិច​នេះ​កាលពី​ខែ​មុន ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុ​យក្រែន​។ ប៉ុន្តែ​ពួកគេ​បាន​ប្រឈមមុខ​នឹង​ការជំទាស់​ពី​តួ​ក​គី ដែល​បាន​ចោទប្រកាន់​ពួកគេ​ថា​បាន​គាំទ្រេ​រវកម្ម​និង​ផ្តល់​អាវុ​ធដល់​ក្រុម​សកម្មប្រយុទ្ធ​ឃឺ​ដ​និង​ក្រុម​ផ្សេង​ទៀត ដែល​ខ្លួន​ចាត់ទុកថា​ជា​ភេរ​វជន​។​

​លោក​ស្តូល​ធិន​បឺ​ក​បាន​និយាយថា តួ​ក​គី​គឺជា​សម្ពន្ធមិត្ត​ដ៏​សំខាន់​សម្រាប់​សម្ពន្ធភាព​យោធា​នេះ ដោយសារ​តែ​ទីតាំង​យុទ្ធសាស្ត្រ​របស់​ខ្លួន​នៅលើ​សមុទ្រ​ខ្មៅ​រវាង​អឺរ៉ុប​និង​មជ្ឈិមបូព៌ា​ហើយ​បានលើកឡើង​​ពី​ការគាំទ្រ​ដែល​ប្រទេស​នេះ​បាន​ផ្តល់ជូន​អ៊ុយ​ក្រែន​ចាប់តាំងពី​រុស្ស៊ី​បាន​បញ្ជូន​កងទ័ព​ចូល​ទៅក្នុង​ប្រទេស​ជិតខាង​របស់ខ្លួន​កាលពី​ថ្ងៃទី ២៤ ខែ​កុម្ភៈ​។ ទីក្រុង​មូ​ស្គូ​បាន​ហៅ​សកម្មភាព​របស់​ខ្លួន​ថា “​ប្រតិបត្តិការ​យោធា​ពិសេស​”​។​

​លោក​ស្តូល​ធិន​បឺ​ក​បាន​និយាយថា “​យើង​ត្រូវតែ​ចងចាំ​និង​យល់ថា គ្មាន​សម្ពន្ធមិត្ត​ណា​តូ​ណាមួយ​ទទួលរង​ការវាយប្រហារ​ភេរវកម្ម​ច្រើនជាង​តួ​ក​គី​នោះ​ឡើយ​”​។​

​លោក​ស្តូល​ធិន​បឺ​ក​និង​លោ​កនី​អ៊ីនី​ស្តូបា​ន​និយាយថា កិច្ច​ពិភាក្សា​ជាមួយ​តួ​ក​គី​នឹង​បន្ត ប៉ុន្តែ​មិន​បាន​បង្ហាញ​ពី​វឌ្ឍនភាព​ក្នុងការ​ចរចា​នោះ​ទេ​។​

​ដោយ​សំដៅលើ​កិច្ចប្រជុំ​របស់​អង្គការ​ណា​តូ​នៅ​ទីក្រុង​ម៉ា​ឌ្រី​ដ​កាលពី​ចុង​ខែ​មិថុនា លោក​ស្តូល​ធិន​បឺ​ក​បាន​និយាយថា “​កិច្ចប្រជុំ​កំពូល​នៅ​ទីក្រុង​ម៉ា​ឌ្រី​ដ​មិនមែនជា​ថ្ងៃ​ផុតកំណត់​ចុងក្រោយ​នោះ​ទេ​”៕

​អគ្គលេខាធិការ​អង្គការ​ណា​តូ​លោក ជេ​ន ស្តូល​ធិន​បឺក​