ដោយៈ ជា សីហ​/​ភ្នំពេញៈ នា​រសៀល​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២២ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ចូលរួម​ថ្លែង​សុន្ទរកថា​បើក​សន្និសីទ ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​១២ (12th Ministerial Conference – MC12) របស់​អង្គការ​ពាណិជ្ជ កម្ម​ពិភពលោក (WTO) នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​។​

​លោក រដ្ឋមន្ដ្រី បាន​លើកឡើងថា ក្នុង​រយៈពេល ៥​ឆ្នាំ​មកនេះ ពិភពលោក​បាន​នឹង កំពុង​ប្រឈម​នឹង​បញ្ហា​សកល​រួមទាំង​វិបត្តិ​ជំងឺឆ្លង​រាតត្បាត​កូ​វីដ​-១៩ ដែល​ធ្វើឱ្យ​ប៉ះ ពាល់​យ៉ាងខ្លាំង​ដល់​សេដ្ឋកិច្ចពិភពលោក ហើយ​ប្រទេស​កម្ពុជា​ក៏​ដូច​ប្រទេស​នានា​ជុំវិញ​ពិភពលោក​ផងដែរ​។ យ៉ាងណាមិញ ដោយមាន​យន្តការ​ឆ្លើយតប​ជា​បន្តបន្ទាប់ និង​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី រាជរដ្ឋាភិបាល​បាន​ទាន់ពេលវេលា​ជូន​ប្រជាពលរដ្ឋ ជាមួយនឹង​ទស្សនៈវិស័យ ជា​យុទ្ធសាស្ត្រ​នៃ​ការចាក់​វ៉ា​ក់​ជូន​ប្រជាជន​ជា​មធ្យោបាយ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​នោះ កម្ពុជា​អាច​គ្រប់គ្រង​បាន​ស្ថានការណ៍​ទាំងស្រុង និង​ធានា​ការការពារ​អាយុជីវិត របស់​ប្រជាពលរដ្ឋ​ឱ្យបាន​ដូច​ស្ថាន​ដើម​វិញ​។

​លោក​រដ្ឋមន្ដ្រី បាន​បញ្ជាក់ថា អត្រា​ការចាក់​វ៉ាក់សាំង​របស់​កម្ពុជា គឺ​ស្ថិត​ក្នុងចំណោម ប្រទេស​ដែលមាន​ការចាក់​វ៉ា​ក់​ខ្ពស់បំផុត​ក្នុង​ពិភពលោក ដែល​អនុញ្ញាតឱ្យ​ប្រទេស កម្ពុជា អាច​បើក​សកម្មភាព​សង្គម​សេដ្ឋកិច្ច​ឡើង​ដោយ​ពេញលេញ​តាំង ពី​ខែកុម្ភៈ ឆ្នាំនេះ​។ លើសពីនេះ ជាមួយនឹង​វឌ្ឍន​ភាពជា​វិជ្ជមាន​ទាំងនេះ សេដ្ឋកិច្ច​របស់​កម្ពុជា ត្រូវបាន​រំពឹងទុក​ថា​នឹងមាន​កំណើន​ឡើងវិញ​ក្នុង​ចន្លោះ ៥,៦% ក្នុង​ឆ្នាំ​២០២២ និង​ខ្ពស់បំផុត​ត្រឹម ៦,៥% ក្នុង​ឆ្នាំ​២០២៣​។​

​លោក រដ្ឋមន្ដ្រី បានលើកឡើង​ពី​បញ្ហា​ដែល​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី កំពុង​ជួប នឹង​វិបត្តិ ហើយ​ការមិនទទួលបាន​លទ្ធ​ផល​ពី​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​មុនៗ បាន​ចោទ ជា​សំណួរ​ចំពោះ​ប្រសិទ្ធភាព​នៃ​អង្គការ WTO​។ កម្ពុជា ក្នុងនាម​ជា​ប្រទេស​អភិវឌ្ឍន៍ តិចតួច តែងតែ​គាំទ្រ​និង​ផ្តល់​តម្លៃ​ខ្ពស់​លើ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​។ ទន្ទឹមនឹងនេះ លោក បន្តថា កម្ពុជា​ចង់ឱ្យ MC12 នេះ ប្រកបទៅដោយ​រលូន និង​ទទួលបាន​នូវ លទ្ធផល ជា​ផ្លែផ្កា ហើយ​សមាជិក​គួរប្រើ​សន្និសីទ​នេះ ជួយ​ពង្រឹង​ប្រព័ន្ធ​ពាណិជ្ជកម្ម ពហុភាគី​ឡើងវិញ ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​កើន​ឡើ​ន​នូវ​នៃ​បញ្ហា​ការសម្រេច ចិត្ត​ដោយ​ឯកតោភាគី និង​បញ្ហា​ដែល​ប្រទេស​តូច​ត្រូវ​បានដាក់​ឱ្យនៅ​ដោយឡែក​។

​លោក​បាន គូសបញ្ជាក់ថា លទ្ធផល​នៃ​ការចរចា​កិច្ចព្រមព្រៀង​ស្តីពី​ការឧបត្ថម្ភ​ធន ជលផល នឹង​ក្លាយជា​លទ្ធផល​ដ៏​សំខាន់បំផុត​សម្រាប់​អង្គការ WTO ដែល​បញ្ហា​នេះ គឺ​បានអូសបន្លាយ​ពេល​ជាង​២០​ឆ្នាំ​មកហើយ​។ ក្នុងនោះ​ផងដែរ កម្ពុជា​ក៏​ចង់ឃើញ នូវ​ការសម្រេច​បន្ថែម​លើ​ការចរចា​ធ្វើកំណែទម្រង់​កសិកម្ម ហើយ​កម្ពុជា​នឹងចូលរួម យ៉ាងសកម្ម​ជាមួយ​សមាជិក​ផ្សេងទៀត ក្នុងការ​ដោះស្រាយ​បញ្ហា​សន្តិសុខ​ស្បៀង និង​កំណែទម្រង់​អង្គការ​WTO ព្រមទាំង ការលើកលែង​ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង TRIPs (TRIPs Waiver)​។

​លោក រដ្ឋមន្ដ្រី បាន​បញ្ជាក់ថា កម្ពុជា​បន្ត​គាំទ្រ និង​ឱ្យ​តម្លៃ​ខ្ពស់​ចំពោះ​ប្រព័ន្ធ​ពាណិជ្ជកម្ម ពហុភាគី​ដោយ​យក​មូលដ្ឋាន​ច្បាប់​ជា​ចម្បង​។ សមាជិក​ទាំងអស់​ត្រូវ​ធានាថា អង្គការ WTO នៅតែ​សកម្ម​តាមរយៈ​ការធ្វើកំណែទម្រង់ មាន​តម្លាភាព និង​ជា​វេទិកា ប្រកបដោយ​បរិ​យាប​ន្ន​ដែល​អនុញ្ញាតឱ្យ​ប្រទេស​អភិវឌ្ឍន៍​តិចតួច បាន​ក្លាយជា ចំណែក​មួយ​ក្នុងការ​សម្រេចចិត្ត និង​បានលើកឡើង​ពី​បញ្ហា​របស់​ពួកគេ​។ ក្នុង​សន្និសីទ MC12 នេះ កម្ពុជា​ប្តេជ្ញាចិត្ត​យ៉ាង​ពេញលេញ​ក្នុង​ការធ្វើការងារ​ជាមួយ​សមាជិក ផ្សេងទៀត ដើម្បី​សម្រេចបាន​នូវ​លទ្ធផល​និង​អត្ថប្រយោជន៍​ជា​អតិបរមា​សម្រាប់ សមាជិក​ទាំងអស់​៕​/PC