​ដោយៈ ប​.​ខុន / ភ្នំពេញៈ ទឹក​បឹង​ទន្លេសាប នៅ​ស្ថានីយ​ជលសា​ស្ត្រ ក្រគរ កំពង់​លួង ​បាន​ឡើងដល់​កម្រិត​កម្ពស់ ២ ម៉ែត្រ នៅ​ថ្ងៃទី​១២ ខែមិថុនា ជា​កម្ពស់​ខ្ពស់ជាង ​កម្ពស់​ទឹក​មធ្យម​ច្រើន​ឆ្នាំ ដែល​កម្ពស់​ទឹក​បែបនេះ នៅ​ដើមរដូវ​វស្សា ជា​ពេល​ត្រី ​កំពុង​បំលាស់​ទី ដើម្បី​ពង​កូន កម្រ​មាន​ណាស់ ពីមុនមក​។​

​លោក ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​១៣ ​ខែមិថុនា ឆ្នាំ​២០២២​ថាៈ ទឹក​បឹង​ទន្លេសាប នៅ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២២ នេះ ​បាន​ឡើងដល់​កម្រិត​កម្ពស់ ២ ម៉ែត្រ ជា​កម្ពស់​ខ្ពស់ជាង កម្ពស់​ទឹក​មធ្យម​ច្រើន​ឆ្នាំ (​រយៈពេល​ដូចគ្នា​) មាន​អំណោយផល​ល្អ ដល់​ជីវិត​ជីវៈចម្រុះ ពិសេស​ចំពេល​ត្រី ​កំពុងតែ​បំលាស់​ទី ដើម្បី​ពង​កូន នៅក្នុង​តំបន់​បឹង​ទន្លេសាប​។​

​លោក​អនុប្រធាន​អាជ្ញាធរ​ទន្លេសាប ដែលមាន​ជំនាញ របប​ជលសា​ស្ត្រ នៃ​ក្រសួង ធនធានទឹក និង​ឧតុនិយម ខាងលើ បាន​និយាយ​ឱ្យដឹងទៀតថាៈ កម្ពស់​ទឹក​បឹង ទន្លេសាប ឡើងដល់​កម្រិត ២ ម៉ែត្រ នៅពេលនេះ មិន​ធ្លាប់​ឃើញ​មាន ច្រើន​ឆ្នាំ មកហើយ ជាពិសេស ក្នុង​រយៈពេល ប៉ុន្មាន​ឆ្នាំ ចុងក្រោយ​នេះ​។ កម្ពស់​ទឹក​នៅ បឹង​ទន្លេសាប នៅ​ដើមរដូវ​វស្សា ដូចគ្នា មាន​កម្ពស់​ដល់ ២,០៦ នៅ​ឆ្នាំ​២០១៧ តែ​ដល់​ចុងឆ្នាំ​២០១៧ ទឹក​ឡើង​បានត្រឹមតែ ៧,៧៣ ម៉ែត្រ​ប៉ុណ្ណោះ​។​

​លោក ម៉ៅ ហាក់ បាន​និយាយ​ឱ្យដឹង​ផងដែរ អំពី​ប្រវត្តិ​នៃ​កម្ពស់​ទឹក បឹង​ទន្លេសាប ដោយមាន កម្ពស់​ទាប​បំផុត ប្រចាំ​ត្រឹម ៥,៣២ ម៉ែត្រ នៅ​ឆ្នាំ​២០១៥ និង​ខ្ពស់បំផុត នៅ​ឆ្នាំ​២០០០ ដែល​ទឹកបាន​ឡើងដល់​កម្ពស់ ៩,៧២ ម៉ែត្រ និង​នៅ​ឆ្នាំ​២០១១ ទឹក​បឹង​ទន្លេសាប នៅ​ស្ថានីយ ជល​សាស្ត្រ​ក្រគរ កំពុង​លួង បាន​ឡើងដល់​កម្រិត​កម្ពស់ ៩,៩០ ម៉ែត្រ​។ ជារួម ស្ថានភាព ទឹក​បឹង​ទន្លេសាប នៅ​ដើមរដូវ​វស្សា​នេះ ជន់​ឡើង បាន​ទាន់ពេលវេលា​ល្អ​ណាស់​។​

​តាម​ព្រឹត្តិប័ត្រ​ព័ត៌មាន និង​ព្យាករ​កម្ពស់​ទឹក​របស់ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ​២០២២ បង្ហាញឱ្យឃើញថាៈ នៅ​ស្ថានីយ​ជល​សាស្ត្រ​មេគង្គ ស្ទឹងត្រែង ទឹក​មាន​កម្ពស់ ៤,៨៥ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​១២ ខែមិថុនា ០,០៩ ម៉ែត្រ​។ ស្ថានីយ​មេគង្គ ក្រចេះ ទឹក​មាន​កម្ពស់ ១១,៩១ ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​១២ ខែមិថុនា ០,០៧ ម៉ែត្រ​។ ស្ថានីយ​មេគង្គ​កំពង់ចាម ទឹក​មាន​កម្ពស់ ៦,២៦ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​១២ ខែមិថុនា ០,០២ ម៉ែត្រ​។ ទន្លេបាសាក់​ចតុមុខ ទឹក​មាន​កម្ពស់ ៣,៦២ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​១២ មិថុនា ០,០២ ម៉ែត្រ ។ ស្ថានីយ​មេគង្គ អ្នក​លឿង ទឹក​មាន​កម្ពស់ ២,៤៤ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​១២ ខែមិថុនា ០,១៦ ម៉ែត្រ ។ ស្ថានីយ​មេគង្គ ទន្លេបាសាក់ កោះ​ខែល មាន​កម្ពស់ ៣,៤៨ ម៉ែត្រ ស្មើ​ថ្ងៃទី​១២ ខែមិថុនា ០,០៣ ម៉ែត្រ ។ ស្ថានីយ​ទន្លេសាប ព្រែក​ក្តាម ទឹក​មាន​កម្ពស់ ២,៧៩ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​១២ ខែមិថុនា ០,០២ ម៉ែត្រ ។ បឹង​ទន្លេសាប មាន​កម្ពស់ ២ ម៉ែត្រ ស្មើ​ថ្ងៃទី​១២ ខែមិថុនា​៕/V​-PC