ដោយៈ ភ្នំ​ខៀវ / បាត់ដំបងៈ កម្លាំង និង​មន្ត្រី​ជំនាញ ខេត្តបាត់ដំបង ចុះបង្ក្រាប​រឹបអូស ​របាំង​សាច់​អួន ជាង ១៥.០០០ ម៉ែត្រ និង​ឧបករណ៍​នេសាទ​ខុសច្បាប់ ជាច្រើន​ទៀត ​ក្នុងអំឡុង​យុទ្ធនាការ​ទប់ស្កាត់ បទល្មើស​នេសាទ​។​

​លោក ឈឹម វ​ជិ​រ៉ា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តបាត់ដំបង បាន​ប្រាប់​ឲ្យ​ដឹង នៅ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២២​ថាៈ រយ​:​ពេល​ជាង ៣០​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៧ ខែមីនា ដល់​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២២ អនុវត្តតាម​ផែនការ សកម្មភាព​ការងារ​រាជរដ្ឋាភិបាល មន្ត្រីជលផល រួមទាំង​កម្លាំង​ទីបញ្ជាការ​ស្រាល បឹង​ទន្លេសាប ខេត្ត​បាន​អនុវត្ត​ច្បាប់ ចុះ​អប់រំ ផ្សព្វផ្សាយ​បណ្តើរ បង្ក្រាប​បណ្តើរ ជុំវិញ​ភូមិសាស្ត្រ​គ្រប់គ្រង តំបន់​ឃុំ​កោះ​ជី​វាំង ឃុំ​ព្រៃ​ចាស់ ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ និង​ឃុំ​កកោះ ឃុំ​តា​លាស់ ឃុំ​ឫស្សី​ក្រាំង ក្នុងស្រុក​មោងឫស្សី​។​

​យុទ្ធនាការ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ខាងលើ មន្ត្រី​ជំនាញ ដកហូត​ឧបករណ៍ នេសាទ ល្មើសច្បាប់ រួមមាន របាំង​សាច​មង ឬ​ស្បៃ​មង ចំនួន ១៥.៤៤១ ម៉ែត្រ​, លូ ឬ​លប ឡុ​ក​ចំនួន ៦២​គ្រឿង​, ប​ង្កោ​ល​ចម្រឹង​ចំនួន ៩.៥៧០ ដើម​, អាំង​វិចទ័រ ១៤៦​គ្រឿង​, អាគុយ ៣​គ្រាប់​, ដង​ឆក់ ៣០​គូ​, ថ្នង​រុញ​ឈិ​ប​យន្ត ១​វង់ និង​កាណូត ១​គ្រឿង​ផងដែរ​។​

​មន្ត្រី​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត ខាងលើ បាន​បន្តថាៈ ទន្ទឹមនឹង ឧបករណ៍ នេសាទ​ល្មើសច្បាប់ ដែល​មន្ត្រី​ជំនាញ ចុះបង្ក្រាប​បាន​ខាងលើ ក៏​រួមមាន​ការចូលរួម​ប្រគល់ ឧបករណ៍​ល្មើសច្បាប់ ពី​ប្រជា​នេសាទ ចំនួន ១៤៥ នាក់ ដែរ រួមមាន អាំង​វិចទ័រ​ចំនួន ១៣៧ គ្រឿង​, ដង​ឆក់ ១៨​គ្រឿង​, ឈិ​ប​យន្ត ១​វង់ និង​សាច់​មង​ចំនួន ៣.៥១១ ម៉ែត្រ​។​

​ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង តំបន់​ព្រៃ​លិច​ទឹក មាន​សរុប​ផ្ទៃដី​ចំនួន ២០៦.៩៥៣ ហិកតា​, ចំនួន​សហគមន៍​នេសាទ មាន ៤៦​សហគមន៍ ទីតាំង​អភិរក្ស​ត្រី​មេ​ពូជ សហគមន៍ មាន​ចំនួន ៤៩​កន្លែង និង​ទីតាំង​អភិរក្ស​ធម្មជាតិ​ចំនួន ៧​កន្លែង លើ​ផ្ទៃដី​ទំហំ ៥៣.៧៥០ ហិកតា​៕/V​-PC