​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ឥណ្ឌា​និង​ប្រជាជាតិ​អាស៊ី​ផ្សេង​ទៀត​កំពុង​ក្លាយ​ជា​ប្រភព​ចំណូល​ប្រេង​ដ៏​សំខាន់​កាន់តែ​ខ្លាំង​ឡើង​សម្រាប់​ទីក្រុង​មូ​ស្គូបើ​ទោះបីជា​មាន​សម្ពាធ​ខ្លាំង​ពី​សហរដ្ឋ​អាម៉េរិក​​កុំឱ្យ​បង្កើន​ការទិញ​របស់​ពួកគេ​ក៏ដោយ ខណៈ​សហភាព​អឺរ៉ុប​និង​សម្ពន្ធមិត្ត​ផ្សេងទៀត​បាន​កាត់​ផ្តាច់ការ​នាំចូល​ថាមពល​ពី​រុស្ស៊ី ស្រប​តាម​ការដាក់ទណ្ឌកម្ម​ជុំវិញ​សង្គ្រាម​របស់ខ្លួន​លើ​អ៊ុ​យក្រែន​។

​ការលក់​បែប​នេះ​កំពុង​បង្កើន​ប្រាក់​ចំណូល​ពី​ការនាំចេញ​របស់​រុស្ស៊ី​ក្នុងពេល​ដែល​ទីក្រុង​វ៉ាស៊ីនតោន​និង​សម្ពន្ធមិត្ត​កំពុង​ព្យាយាម​រឹតត្បិត​លំហូរ​ហិរញ្ញវត្ថុ​ដែល​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​សង្គ្រាម​របស់​ទីក្រុង​មូ​ស្គូ​។​

​យោង​តាម​ក្រុមហ៊ុន​ទិន្នន័យ​ទំនិញ Kpler បានឱ្យដឹងថា ឥណ្ឌា ជា​ប្រទេស​ស្រេកឃ្លាន​ប្រេង​ដែល​មាន​ប្រជាជន​ចំនួន ១,៤ ពាន់​លាន​នាក់ បាន​ទិញ​ប្រេង​ជិត ៦០ លាន​បារ៉ែល​របស់​រុស្ស៊ី​ក្នុង​ឆ្នាំ ២០២២ មកទល់ពេលនេះ ធៀប​នឹង​១២ លាន​បារ៉ែល​ក្នុង​ឆ្នាំ ២០២១​។ ការនាំ​ចេញ​ទៅ​កាន់​ប្រទេស​អាស៊ី​ផ្សេងទៀត​ដូចជា​ប្រទេស​ចិន​ក៏​បាន​កើនឡើង​ផងដែរ​ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ប៉ុន្តែ​ក្នុង​កម្រិត​តិច​ជាង​មុន​។​

​នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទីភ្នាក់ងារ​សារព័ត៌មាន The Associated Press នាយករដ្ឋមន្ត្រី​ស្រីលង្កា​បាន​និយាយថា គាត់​ប្រហែលជា​ត្រូវ​បង្ខំចិត្ត​ទិញ​ប្រេង​បន្ថែម​ពី​រុស្ស៊ី​ខណៈ​គាត់​ស្វែងរក​ប្រេង​​យ៉ាង​អស់សង្ឃឹម​ដើម្បី​រក្សា​ប្រទេស​ឱ្យ​ដំណើរការ​ចំ​ពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ​។​

​នាយករដ្ឋមន្ត្រី រ៉ានី​ល វី​កក្រេ​មេ​ស៊ីង​ហេ (Ranil Wickremesinghe) បាន​និយាយ​កាលពី​ថ្ងៃ​សៅ​រ៍ថា​ជា​ដំបូង​លោក​នឹង​រក​មើល​ប្រភព​ផ្សេង​ទៀត​ប៉ុន្តែ​នឹង​បើកចំហរ​ក្នុង​ការទិញ​ប្រេង​ឆៅ​បន្ថែម​​ទៀត​ពី​ទីក្រុង​មូ​ស្គូ​។ កាលពី​ចុងខែ​ឧសភា ស្រីលង្កា​បាន​ទិញ​ប្រេង​ឆៅ​រុស្ស៊ី​ចំនួន ៩៩.០០០ តោន​ដើម្បី​ចាប់ផ្តើម​រោងចក្រ​ចម្រាញ់​ប្រេង​តែមួយគត់​របស់​ខ្លួន​ឡើងវិញ​។​

​ចាប់តាំងពី​ការ​លុកលុយ​របស់​រុស្ស៊ី​កាលពី​ចុងខែ​កុម្ភៈ តម្លៃ​ប្រេង​ពិភពលោក​បាន​កើនឡើង ដោយ​ផ្តល់ឱ្យ​រោងចក្រ​ចម្រាញ់​ប្រេង​នៅក្នុង​ប្រទេស​ឥណ្ឌា​និង​ប្រទេស​ដទៃ​ទៀត​នូវ​ការលើកទឹកចិត្ត​បន្ថែម​​ក្នុងការ​នាំចូល​ប្រេង​ដែល​ទីក្រុង​មូ​ស្គូ​កំពុង​ផ្តល់​ជូន​ពួកគេ​ក្នុង​ការលក់​បញ្ចុះតម្លៃ​យ៉ាង​សន្ធឹកសន្ធាប់​ពី ៣០ ដុល្លារ​ទៅ ៣៥ ដុល្លារ ធៀប​នឹង​ប្រេង​ឆៅ​ទីផ្សារ Brent​និង​ប្រេង​អន្តរជាតិ​ផ្សេងទៀត​ដែល​​កំពុង​ជួញដូរ​នាពេលនេះ​ពោលគឺ​ប្រហែល ១២០ ដុល្លារ​ក្នុង​មួយ​បារ៉ែល​៕

បុគ្គលិក​កំពុង​ចាក់​សាំង​នៅ​ស្ថានីយ Bharat នៅ​ទីក្រុង​មុំ​បៃ​ប្រទេសឥ​ណ្ឌា