វើ​ល​ខាប់ ៖ ក្រុម​អ្នកគាំទ្រ​ជប៉ុន​នៅចាំ​ចេញ​ក្រោយ​គេ ដើម្បី​រើស​សំរាម​ជុំវិញ​កីឡដ្ឋាន​

1128
ចែករម្លែក

​ជប៉ុន​បានបង្ហាញ​ជាថ្មី​ម្តង​ទៀតថា​ហេតុអ្វី​បានជា​ពួកគេ​មាន​អ្នកគាំទ្រ​ដ៏​ល្អ​បំផុត​នៅក្នុង​ការប្រកួត​វើ​ល​ខាប់ បន្ទាប់ពី​ពួកគេ​បានចេញ​ក្រោយ​គេ​បង្អស់​ដើម្បី​សម្អាត​កីឡដ្ឋាន បន្ទាប់ពី​ក្រុម​ជប៉ុន​បានទទួល​ជ័យជម្នះ​លើ​ក្រុម​កូ​ឡុំ​ប៊ី​។​

​កាសែត The Sun បាន​រាយការណ៍​ថា ក្រុម​ជម្រើសជាតិ​អាស៊ី​មួយ​នេះ​បានទទួល​ជ័យជម្នះ​ជា​លើកដំបូង​នៃ​ការប្រកួត​បាល់ទាត់​ពិភពលោក​របស់​ពួកគេ​នៅលើ​ទឹកដី​អឺរ៉ុប​ក្រោយពី​បាន​យកឈ្នះ​គូប្រជែង​មកពី​អាមេរិក​ខាងត្បូង កូ​ឡុំ​ប៊ី ក្នុង​លទ្ធផល ២-១ នៅក្នុង​ការប្រកួត​បើកឆាក​ពូ​ល H​។​

​ហើយ​ពួក​អ្នកគាំទ្រ​បាន​អបអរ​ជ័យជម្នះ​ក្នុង​ស្ទីល​ដ៏​អស្ចារ្យ ដោយ​នាំគ្នា​បោសសម្អាត​សំរាម​ជុំវិញ​កីឡដ្ឋាន ដូចដែល​ពួកគេ​ធ្លាប់​បានធ្វើ​អំឡុង​វើ​ល​ខាប់​នៅ​ប្រេ​ស៊ី​ល​កាលពី ៤ ឆ្នាំមុន​។​

​ពួក​អ្នកគាំទ្រ​បាន​យក​ថង់​សំរាម​មកជា​មួយ​ពួកគេ ទៅ​មើល​ការប្រកួត​របស់​ជប៉ុន​ទល់នឹង​កូត​ឌី​វ័រ​ក្នុង​ឆ្នាំ ២០១៤ ហើយ​បើទោះបីជា​ពួកគេ​ចាញ់​ក៏ដោយ ក៏​ពួកគេ​នៅតែ​បោសសម្អាត​សំរាម​ដោយ​ខ្លួនឯង​។​

​ពួក​អ្នកគាំទ្រ​បាន​បដិសេធ​មិន​ធ្វើ​ចិត្ត​រំភើប​ជ្រុល​ហួសហេតុ​នោះទេ​នៅ​កីឡដ្ឋាន Mordovia Arena បន្ទាប់ពី​បានឃើញ​ជប៉ុន​ក្លាយជា​ប្រទេស​អាស៊ី​ដំបូង​គេ​ដែល​បាន​ផ្តួល​ក្រុម​អាមេរិក​ខាងត្បូង​នៅឯ​ការប្រកួត​វើ​ល​ខាប់​។​

​ជប៉ុន​ឈ្នះ​នេះ​គឺ​បាន​ជួយ​ពួកគេ​សង​សឹង​ចំពោះ​បរាជ័យ​របស់ខ្លួន​ក្រោម​ថ្វីដៃ​កូនក្រុម​របស់លោក យ៉ូ​សេ ប៉េ​កឺ​ម៉ាន់ បន្ទាប់ពី​កូ​ឡុំ​ប៊ី​បាន​ផ្តួល​ពួកគេ ៤-១ នៅ​វគ្គ​ជម្រុះ​តាម​ក្រុម​ក្នុង​ឆ្នាំ ២០១៤៕ ដោយ៖ កញ្ញាដាលីស

ក្រុម​អ្នកគាំទ្រ​ជប៉ុន​នាំ​ចាំ​រើស​សំរាម ក្រោយ​ជប៉ុន​ឈ្នះ​កូ​ឡុំ​ប៊ី​កាលពី​ថ្ងៃ​អង្គារ

ទីតាំងផ្សាយពាណិជ្ជកម្ម