​ដោយៈ បាយ័ន / សៀមរាបៈ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២២ នេះ​ប្រតិភូ​យោធភូមិភាគ​ទី​៧ ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍​ត្រី ដូ វ៉ាន់​បាញ់ អនុប្រធាន​នយោបាយយោធភូមិភាគ​ទី​៧ នៃ​កងទ័ព​ប្រជាជន​វៀតណាម ក្រោម​ការស្វាគមន៍ ទទួល​បដិសណ្ឋារកិច្ចយ៉ាង​កក់ក្តៅ ពី​សំណាក់​លោក ឧ​ត្ត​ម​សេនីយ៍​ឯក ពៅ ហេង មេបញ្ជាការ​យោធភូមិភាគ​ទី​៤​និង​លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប បាន​អញ្ជើញ​អមដំណើរ ដាក់​កម្រងផ្កា
​គោរព​វិញ្ញាណក្ខន្ធ នៅ​ស្ថូប​មិត្តភាព​កម្ពុជា​-​វៀតណាម ស្ថិតក្នុង​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​ខេត្តសៀមរាប​។

​ប្រតិភូ​យោធភូមិភាគ​ទី​៧ នៃ​កងទ័ព​ប្រជាជន​វៀតណាម មកកាន់​ខេត្តសៀមរាប​នេះ គឺមាន​គោលបំណង​សំខាន់ ដើម្បី​រំលឹក​គុណបំណាច់ ចំពោះ​វីរភាព​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ដែល​បាន​ពលី ក្នុង​បុព្វហេតុ​សង្គ្រាម នា​ប៉ុន្មាន​ទសវត្សរ៍ កន្លងមក ដែល​បានធ្វើ​ពលិកម្មដើម្បី​ចូលរួម​រំដោះប្រទេស​កម្ពុ​ជា និង​ឯករាជ្យ សន្តិភាព របស់​វៀតណាម និង​បាន​ជួយ​ប្រជាជន​កម្ពុជា ឱ្យ​រួច​ផុតពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ។​

​ក្រៅពី​ការអញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នោះ ប្រតិភូ​យោធភូមិភាគ​ទី​៧​នៃ​កងទ័ព​ប្រជាជន​វៀតណាម នៅបាន​ជួបពិភាក្សា​ការងារ ជាមួយ​ភាគី​កម្ពុជា និង​ប្រគល់​ថវិកា​របស់ រដ្ឋាភិបាល សាធារណរដ្ឋ​សង្គមនិយម​វៀតណាម សម្រាប់​ជួយឧបត្ថម្ភ​ការងារ​រុករក​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត និង​ជំនាញការ​វៀតណាម ដែល​បាន​ពលី​ជីវិត គ្រប់​សម័យ​កាល​សង្គ្រាម​នៅ​កម្ពុជា ដើម្បី​នាំ​អដ្ឋិធាតុ​នោះ ធ្វើ​មាតុភូមិ​និវត្ត ទៅ​វៀតណាម​វិញ​៕/V​