ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ ពាក់ព័ន្ធ​នឹង​ការបាក់​ហូរ​ច្រោះ​ដី នៅ​ចុង​ទំនប់​បង្ហៀរទឹកមួយកន្លែង នៅ​ភូមិ​កណ្តាល សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ដោយសារ​ភ្លៀង ធ្លាក់​ស្ទើ​រាល់ថ្ងៃ​នោះ នៅ​ថ្ងៃទី ១៣ មិថុនា ២០២២ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តកំពង់ឆ្នាំង​បាន​ចាត់វិធានការ ដឹក​ដី​យកមក​ចាក់​ទប់ កុំឱ្យ​ទឹក​ហូរ​បាក់​ច្រោះ​ដី កាន់តែ​ធំ នៅ​ចុង​ទំនប់បង្ហៀរទឹក ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ អាចធ្វើ​ដំណើរ​បាន​ឡើងវិញ នៅលើ​ផ្លូវ​ខ្នង​ទំនប់​នោះ​។​

​លោក ដោក ប៊ុន​ថុ​ន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តកំពង់ឆ្នាំង បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​១៣ មិថុនា នេះ​ថាៈ ករណី​ខាងលើនេះ លោក​បានឱ្យ​ផ្នែក​ជំនាញ​នៃ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ចុះទៅពិនិត្យ និង​បាន​យក​រថយន្ត​ដឹក​ដី ចាក់​ទប់​ដើម្បី​បញ្ចៀស​ទឹក​ហូរ​ច្រោះ​បាក់​ដី ដែល​បង្ក​ការបាក់​ខូចខាត និង​នាំឱ្យមាន​គ្រោះថ្នាក់​ណាមួយ កើតឡើង​ជាយថាហេតុ ។​

​ប្រធាន​មន្ទីរ​ធនធានទឹក បានឱ្យដឹង​ទៀតថាៈ ទំនប់​បង្ហៀរទឹក ខាងលើនេះ បន្សល់ទុក​តាំងពី​ជំនាន់​បារាំង ហើយ​ត្រូវបាន​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​កែសម្រួល និង​បាន​ជួសជុល​ឡើងវិញ នូវ​ផ្លូវ​ខ្នង​ទំនប់ និង​ដាក់ឱ្យ​ចរាចរណ៍​ទៅមក នាពេល​ប៉ុន្មាន​ឆ្នាំ កន្លងទៅនេះ​។​

​លោក អ៊ិន ឌិន អាយុ ៧៣ ឆ្នាំ ជា​មេភូមិ​កណ្តាល ក៍​ដូចជា ប្រជាពលរដ្ឋ អ្នកធ្វើដំណើរ​តាម​រថយន្ត​តូចធំ ម៉ូតូ ឆ្លងកាត់​ទំនប់​បង្ហៀ​ទឹក​នេះ បាន​និយាយ​ឱ្យដឹងថាៈ ទំនប់​បង្ហៀរទឹកខាងលើនេះ ជាប់ទាក់ទង​ជា​ផ្លូវ ឆ្លងកាត់​ទៅមក យ៉ាង​មមាញឹក ក្នុងការ​ដឹកជញ្ជូនដែល​បាន​ត​ភ្ជាប់​ទៅជា​ច្រើន​ស្រុក មានស្រុក​រលាប្អៀរ ស្រុក​ជល​គី​រី ខេត្តកំពង់ឆ្នាំងនិង​មួយផ្នែក​ទៀត រហូតដល់​ស្រុក​បាធាយ ខេត្តកំពង់ចាម ។​

​ក្រោយពី​មានការ​សំណូមពរ​របស់​ប្រជាពលរដ្ឋ​រួចមក មន្ទីរ​ធនធានទឹក និង​ឧតុនិយម​បាន​នាំយក​រថយន្ត​ដឹក​ដី ចាក់​ទប់ បញ្ចៀស​ទឹក​ភ្លាមៗ និង​បាន​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​ទៅមក បានជា​ធម្មតា​ឡើងវិញ​។​

​លោក​មេភូមិ​កណ្ដាល ក៍​ដូចជា ប្រជាពលរដ្ឋ នៅ​ភូមិ​កណ្ដាល និង​អ្នកធ្វើដំណើរ​ឆ្លងកាត់​ទៅមក បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយមខេត្តកំពង់ឆ្នាំង ដែល​លោក​បាន​ជួយ​ដោះស្រាយ និង​សម្រួលការ​ធ្វើដំណើរ​ទៅមក របស់ប្រជាពលរដ្ឋ បាន​ទាន់ពេលវេលា ។​

​ចំណែក​លោក​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តកំពង់ឆ្នាំង បានឱ្យដឹង​ដែរ​ថាៈកម្ពស់​ទឹកទន្លេ នៅ​ស្ថានីយ​ជល​សាស្ត្រ​ផ្សារ​ក្រោម នៅ​ថ្ងៃទី​១៣ មិថុនា ២០២២ នេះមាន​កម្ពស់ ៤,២៨ ម៉ែត្រ បើ​ធៀប​នឹង​ឆ្នាំ​២០២១ ទឹកទន្លេ មាន​កម្ពស់ ២,៩០ ម៉ែត្រ​។ដោយឡែក ស្ថានភាព​ទឹកភ្លៀង មាន ៧ ស្រុក មាន​កំរិត ៦,៣ – ៩៧ មី​លី​ម៉ែត្រ​នៅ​ស្រុក​បរិបូរណ៍ ៕/V​