​ដោយៈ ភ្នំ​សន្ទុក / កំពង់ធំៈ នៅក្នុង​កិច្ចប្រជុំ​ដក​បទបិសោធន៍ រក​នូវ​ចំណុចខ្លាំង ​និង​ចំណុចខ្សោយ ក្នុងការ​អនុវត្ត​ការងារ កន្លងមក នៅ​ស្រុក​កំពង់ស្វាយ កាលពី​ថ្ងៃទី​១២ ​ខែមិថុនា ឆ្នាំ​២០២២ ម្សិលមិញ​នេះ លោកស្រី ឃួន ឃុន​ឌី សមាជិក​ព្រឹទ្ធសភា និង​ជា​ប្រធាន​ក្រុមការងារ ចុះ​មូលដ្ឋាន​ស្រុក​កំពង់ស្វាយ បាន​ថ្លែងថាៈ យើង​ត្រូវ​រួមគ្នា​ដោះស្រាយបញ្ហា​ប្រឈម នៅក្នុង​មូលដ្ឋាន​។​

​ក្នុង​កិច្ចប្រជុំ​ក្រុមការងារ​នេះ ក្រុមមន្ត្រី បាន​រកឃើញ​នូវ​ចំណុច​ខ្វះខាត​ជាច្រើន ដូចជា បញ្ហា​ផ្លូវ​ខូច បញ្ហា​ព្រៃ​សហគមន៍ បញ្ហា​នេសាទ បញ្ហា​ដី​គ្មាន​ប្លង់​កម្មសិទ្ធិ និង​បទល្មើស​ជាដើម​។​

​ជាមួយនឹង​ការលើកឡើង នូវ​បញ្ហា​ប្រឈម លោកស្រី បាន​ផ្តាំ​ផ្ញើឱ្យ​មន្ត្រី​គ្រប់លំដាប់​ថ្នាក់ត្រូវ​បង្កើន​ការខិតខំ​ប្រឹងប្រែង ពង្រឹង​ថែរក្សា​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព ឱ្យបាន​ល្អប្រសើរ ដើម្បី​បង្ក​ភាពងាយស្រួល ក្នុងការ​អភិវឌ្ឍ​គ្រប់​វិស័យនៅ​មូលដ្ឋាន និង​ខិតខំ​ក្ដាប់​ឱ្យបាន នូវ​ភាព​អសកម្ម ចំណុចខ្សោយ ចំណុច​ខ្វះខាត​នៅ​មូលដ្ឋាន ហើយ​ចាត់វិធានការ​ដោះស្រាយ ឱ្យមាន​ប្រសិទ្ធភាព និង​ទាន់ពេលវេលា​។

​លោកស្រី ក៏បាន​ជំរុញ​ដល់​មន្ត្រី​គ្រប់លំដាប់​ថ្នាក់ ត្រូវ​បន្ត​រួមគ្នា​ពង្រឹងសមត្ថភាពនិង​បទពិសោធន៍ ដើម្បី​ឲ្យ​កាន់​តែមាន​សក្ដានុពល និង​ការងារ​បង្ក្រាប​បទល្មើស​នៅតាម​មូលដ្ឋាន​ទទួល ខុសត្រូវ​របស់ខ្លួន​។​

​លោកស្រី បាន​បន្តថាៈ សូម​មន្ត្រី​ជំនាញ​គ្រប់រូប ត្រូវ​ពិនិត្យ​រាល់​ការងារ ក្នុង​មូលដ្ឋាន​ទាំងអស់​កុំ​ទុក​យូរ​រាល់​ការងារ​អ្វី​ណាមួយ ដែល​មិនអាច​ដោះចេញ​នោះ សូម​រាយការណ៍​បន្ទាន់ឬ​បញ្ជូនមក​ថ្នាក់លើ យើងទាំងអស់គ្នា ត្រូវ​ចូលរួម​ថែរក្សា​សុខសន្តិភាព ស្ថិរភាព​នយោបាយ​និង​រួមគ្នា​ទប់ស្កាត់ ប្រឆាំង​ដាច់ខាត​សកម្មភាព​នានា អាជ្ញាធរ និង​កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ ត្រូវ​បន្ត​ថែរក្សា​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ សុវត្ថិភាព​សង្គម​ឲ្យ​បានល្អ​ប្រសើរ ក្នុងការ​ចូលរួម​អនុវត្ត​គោលនយោបាយ ភូមិ ឃុំ ឲ្យ​មាន​សុវត្ថិភាពនិង​មានការ​ចូលរួម​ពី ប្រជាពលរដ្ឋ នៅ​មូលដ្ឋាន​។​

​លោកស្រី បាន​បន្ថែមថាៈ សមាជិក​ទាំងអស់ ត្រូវ​មានការ​សាមគ្គីភាព ដើម្បី​ធានា​រក្សាបាន​នូវ​ភាពសុខដុមរមនា រក្សា​ប្រក្រតីភាព នៃ​ជីវភាព​សង្គម សេដ្ឋកិច្ច ប្រជាជន ជួយឧបត្ថម្ភ​គាំទ្រ​ដល់​ជនរងគ្រោះ និង​ជន​ងាយ​រងគ្រោះ នៅក្នុង​មូលដ្ឋាន ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀតហើយ​ក្រុម ការងារ​ទាំងអស់ ត្រូវខិតខំ​ផ្សព្វផ្សាយ អំពី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាលនិង​សម​ទ្ធិ​ផល​ថ្មីៗ ជូន​ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន ដោយមាន​ភាពជឿជាក់​លើ​ការដឹកនាំ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ជា​ចុងក្រោយ លោកស្រី បានបញ្ជាក់​ថាៈ រាជរដ្ឋាភិបាល​កម្ពុជា បាន​ខិតខំ​យ៉ាង​ប្ដូរផ្ដាច់ដើម្បី​អនុវត្ត​យុទ្ធសាស្ត្រ​កំណែ ទម្រង់​ស៊ីជម្រៅ និង​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ជាពិសេស​វិស័យ​កសិកម្ម ឧស្សាហកម្ម ដែល​កំពុងតែ​ដើរតួនាទី យ៉ាងសំខាន់ ក្នុង​ការជំរុញ​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ចជាតិ រក្សា​នូវ​សន្តិសុខ​ស្បៀងអាហារ ជូន​ប្រជាជន​កម្ពុជា និង​កាត់បន្ថយភាពក្រីក្រ របស់​ប្រជាពលរដ្ឋ រួមទាំង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ផងដែរ​។ ក្នុងនោះ​លោកស្រី ឃួន ឃុន​ឌី បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ១០ លាន ហាសិប​ម៉ឺន​រៀល ដល់​ឃុំ​ទាំង​១១​សម្រាប់​ចាត់ចែង​ជួប​ជាមួយ ប្រជាពលរដ្ឋ​ផងដែរ​៕/V​