ដោយៈ ភ្នំ​សន្ទុក / កំពង់ធំៈ លោក ជា អឿង តំណាងរាស្ត្រ​មណ្ឌល​កំពង់ធំ និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន ស្រុក​ប្រាសាទ​ប​ល្ល័​ង្គ បាន​ថ្លែងថាៈ យើង​ជាម​ន្ត្រី​ជានិច្ចកាលត្រូវ​រំលឹក​ខ្លួនឯង​ថា យើង​ជា​អ្នកបម្រើ​ប្រជាជន មិនមែន​ចៅហ្វាយ​ប្រជាជន​ទេ ។​

​លោក ជា អឿង បាន​ថ្លែង​យ៉ាង​ដូច្នេះ ក្នុង​កិច្ចប្រជុំ​ដក​បទបិសោធន៍ រក​នូវ​ចំណុចខ្លាំង និង​ចំណុចខ្សោយ ក្នុងពេល​ឃោសនា និង​ការបោះឆ្នោត នៅ​ថ្ងៃទី​១២ ខែ មិថុនា ឆ្នាំ​២០២២​។​

​លោក​បាន​ថ្លែងអំណរគុណ ចំពោះ​ក្រុមការងារ ដែល​បាន​ខិតខំ​ប្រឹងប្រែង​លះបង់​ថវិកា សម្ភារៈពេលវេលា ដើម្បី​ការងារ ជូន​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​ទទួលបាន​លទ្ធផល បើទោះបី​ចាញ់ឬ​ឈ្នះ​ក៏ដោយ​។​

​លោក​បាន​បន្តថាៈ យើង​ត្រូវ​ចាំ​ឲ្យ​ច្បាស់ យើង​មិនមែន​ចៅហ្វាយ​ប្រជាជន​ទេ​យើង​គឺជា​ខ្ញុំបម្រើ ដ៏​ស្មោះត្រង់​បំផុត របស់​ប្រជាជន បើកាលណា យើង​មិនបាន​បំពេញ​កា​ត្វ​កិច្ច​ជា​មន្ត្រី​ល្អ​ទេនោះ យើង​នឹង​ក្លាយទៅជា​មន្ត្រី ដ៏​អាក្រក់ ដែល​ប្រជាជន​ស្អប់ខ្ពើម​។​

​លោក​បាន​ជំរុញ​ដល់​អាជ្ញាធរ និង​កងកម្លាំង​មាន​សមត្ថកិច្ច គ្រប់លំដាប់​ថ្នាក់ ត្រូវ​បន្ត​ថែរក្សាពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ សុវត្ថិភាព​សង្គម ឲ្យ​បានល្អ​ប្រសើរ ក្នុងការ​ចូលរួម​អនុវត្ត គោលនយោបាយ ភូមិ ឃុំ ឲ្យ​មាន​សុវត្ថិភាព និង​មានការ​ចូលរួម ពី​ប្រជាពលរដ្ឋនៅ​មូលដ្ឋាន ទប់ស្កាត់​នូវ​ការប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន និង​ចូលរួម​អនុវត្ត និង​គោរពច្បាប់​ចរាចរណ៍ ទាំងអស់គ្នា និង​យកចិត្តទុកដាក់ ការផ្តល់​សេវាសាធារណៈ និង​ការ​ដោះស្រាយ បញ្ហា​ប្រឈម នៅ​មូលដ្ឋាន ត្រូវ​បន្ត​ការលើកកម្ពស់ ការផ្តល់សេវា​សាធារណៈ​នានា​ជូន​ប្រជាពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាព ដើម្បី​ឆ្លើយតបតម្រូវការ​របស់​ប្រជាពលរដ្ឋ ដែល​កាន់តែ​មានការ​កើនឡើង ក្នុងពេលដែល​ប្រទេសជាតិ​យើងកំពុងមាន​ការអភិវឌ្ឍ រីកចម្រើន​។​

​ជា​ចុងក្រោយ លោក​បាន​ណែនាំ ដល់​គ្រប់​មន្ត្រី​ទាំងអស់ ត្រូវ​ធ្វើជា​មន្ត្រី​ល្អ ដែល​ប្រជាជន​ផ្តល់​ជំនឿ​ចិត្ត ពិសេស​ត្រូវមាន​ការប្រុងប្រយ័ត្ន ចំពោះ​ឥរិយាបថ មិនត្រូវ​ពើងទ្រូង​នោះទេគឺ​ត្រូវ​យល់​ឲ្យ​ច្បាស់ ពី​ប្រជាពលរដ្ឋ ដែល​យើង​ត្រូវ​បម្រើ​៕/V​