ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ​កងពលតូច​លេខ​៧០ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ៅ សុផាន់ បាន​អំពាវនាវ​ដល់ នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់ ត្រូវអនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់ នូវ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារ​រដ្ឋបាល សាលប្រជុំ នៃ​ទីស្តីការក្រសួង ការពារជាតិ ត្រូវ​ផ្តួចផ្តើម​ការពារ​របបរាជានិយម ការពារ​រា​ជប​ល័​ង្គ ការពារ​ព្រះមហាក្សត្រ ហើយ​រាល់​ការប៉ុនប៉ង​ផ្តួល​រលំ និង​ការប្រមាថ​ព្រះមហាក្សត្រ គឺ​មិនអាច​លើកលែង​បាន ហើយ​ត្រូវ​បន្ត​គាំទ្រ​លោក ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព នាយករដ្ឋមន្ត្រី នាពេល​អនាគត​។

​ការអំពាវនាវ​នេះ បានធ្វើ​ឡើង នៅក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​បាញ់កាំភ្លើង​ដៃ កងទ័ពជើងគោក អាស៊ាន (AARM32/2022) និង​វគ្គ​បំប៉ន​គ្រូ​បង្គោល​បច្ចេកទេស អាវុធ​ថ្មើរជើង នៅ​មូលដ្ឋាន​កងយោធពល​ខេមរភូមិន្ទ តេ​ជោ​សែន ភ្នំ​ធំ​ម្រះព្រៅ កាលពី​ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ​២០២២​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ៅ សុផាន់ បាន​សម្តែង​នូវ​ការកោតសរសើរ ចំពោះ​លទ្ធផល​របស់ សិក្ខាកាម​វគ្គ​បំប៉ន​ជំនាញ បាញ់កាំភ្លើង​ដៃ កងទ័ពជើងគោក​អាស៊ាន និង​វគ្គ​បំប៉ន​គ្រូ​បង្គោល បច្ចេកទេស​អាវុធ​ថ្មើរជើង ដែល​បាន​ខិតខំ​ហ្វឹកហ្វឺន​រៀនសូត្រ ចាប់តាំងពី​ថ្ងៃ​បើក​វគ្គ រហូតដល់​បញ្ចប់​វគ្គ ដោយ​ទទួលបាន​លទ្ធផល​ជោគជ័យ ក្នុងការ​សិក្សា និង​សុវត្ថិភាព​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ៅ សុផាន់ បានបញ្ជាក់​ថាៈ កងយោធពល​ខេមរភូមិន្ទ នៅតែ​ចាត់ ទុក​វិស័យ​ហ្វឹកហ្វឺន គឺជា​ការងារ​ដ៏​មាន​សារៈសំខាន់​ចាំបាច់ ដើម្បី​ឆ្លើយតប​ទៅនឹង​ការអនុវត្ត ផែនការ​កែទម្រង់​រប​ស់​ខ្លួន​។ ក្នុងន័យនេះ ការងារ​ហ្វឹកហ្វឺន គឺជា​កិច្ចការ​អ​ធិ​ភាព ដែល​ត្រូវ​ដំណើរការ​ជាប្រចាំ ដូច​ភ្លៀងរលឹម ដើម្បី​ចូលរួមចំណែក​អនុវត្ត គោលនយោបាយ និង​យុទ្ធសាស្ត្រ​ការពារជាតិ របស់​រាជរដ្ឋាភិបាល ឲ្យ​ទទួលបាន​ជោគជ័យ​៕/V​