​ដោយៈ ចាន់តូ / ភ្នំពេញ​: ស្នាក់ការ សាលាសង្កាត់ ដែល​បង្កើត​ថ្មី នៅក្នុង​ខណ្ឌ​ទាំង​១៤​ក្នុង​រាជធានី​ភ្នំពេញ ត្រូវបាន​រដ្ឋបាល​រាជធានី​ភ្នំពេញ ទំលាក់​គម្រោង ហើយ​បើក​ការដ្ឋាន​សាងសង់​ព្រម​គ្នា នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២២ នេះ ។​

​ដោយឡែក នៅ​ព្រឹក​នោះដែរ សាលាសង្កាត់​កា​កាប​២ ក៏បាន​រៀបចំ​សូត្រមន្ត​ក្រុង​ពាលីបើក​ការដ្ឋាន​សាងសង់​ស្នាក់ការ​ថ្មី លើដី​មួយកន្លែង នៅតាម​ផ្លូវ​រថភ្លើង ក្នុង​មូលដ្ឋាន​សង្កាត់​របស់ខ្លួន ដើម្បីឱ្យ​ដំណើរការ​សាងសង់ មាន​សេចក្តីសុខ ។​

​នៅក្នុង​ឱកាស​នោះ ក៍មាន​ការចូលរួម​ពី​លោក វង្ស សៀង​ហាក់ អនុប្រធាន និង​ជា​ប្រធានស្ដីទី​គណបក្ស​ប្រជាជន​កម្ពុជា សង្កាត់​កា​កាប​ទី​២ តំណាង​លោក ហែម ដា​រិ​ទ្ធ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ ព្រមទាំង​លោក ឡុង ណា​រ៉ា ចៅសង្កាត់រង​កា​កាប​ទី​២ ក្រុមប្រឹក្សា​សង្កាត់​, លោក​មេភូមិ​ទាំង​៥ និង​មន្ត្រី​ជាច្រើន​នាក់​ទៀត​។ ទោះបីជា​យ៉ាងណា គេ​ពុំ​ដឹងថា​គម្រោង​សាងសង់​ស្នាក់ការ​សាលាសង្កាត់​នេះ គិត​ជា​ថវិកា​អស់​ប៉ុន្មាន​ឡើយ​។​

​គួរ​បញ្ជាក់ថា នៅ​ព្រឹក​នោះ សាលាសង្កាត់ ដែល​ទើបតែ​បង្កើត​ថ្មី នៅក្នុង​ខណ្ឌ​ទាំង ១២​នៃ​រាជធានី​ភ្នំពេញ បាន​បើក​ការដ្ឋាន​សាងសង់​ដំណាលគ្នា​តែម្តង ។ ក្នុងនោះ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​សាលាសង្កាត់​ចំនួន ៣ គឺ​សង្កាត់​ចោមចៅ​ទី​១ ចោមចៅ​ទី​២​និង​សង្កាត់​កា​កាប​ទី​២​នេះ ៕/V​