​ដោយៈ មុនី រ័ត្ន / ភ្នំពេញៈ រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប្រាក់​ ​សុខុន ឧបនាយករដ្ឋមន្ត្រី និង​លោកស្រី Kathryn Campbell រដ្ឋលេខាធិការ​នៃ​ក្រសួងការបរទេស និង​ពាណិជ្ជកម្ម អូស្ត្រាលី បាន​សម្តែង​ការពេញចិត្ត ចំពោះ​មិត្តភាព​ដ៏​យូរលង់ និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ ក្នុងអំឡុងពេល ៧០ ឆ្នាំ​កន្លងមកនេះចាប់តាំងពី​ការបង្កើត​ទំនាក់ទំនង​ការទូត រវាង​ប្រទេស​ទាំងពីរ និង​បាន​ឯកភាពប្តេជ្ញាចិត្ត​បន្ត​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​នេះ​។​

​ការពេញចិត្ត និង​ការប្តេជ្ញាចិត្ត​ទាំងនេះ ត្រូវបាន​សម្តែង​ចេញ នៅក្នុង​ជំនួប នៅ​ថ្ងៃទី ១៣ ​ខែមិថុនា ឆ្នាំ​២០២២ នៅ​ទីស្តីការក្រសួង ក្នុងអំឡុងពេល​ទស្សន​កិច្ច​របស់ លោកស្រី Kathryn Campbell នៅ​កម្ពុជា ពីថ្ងៃ​ទី ១២-១៤ ខែមិថុនា ឆ្នាំ​២០២២​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើង​សាជាថ្មី នូវ​ការវាយតម្លៃ​របស់​កម្ពុ​ជា​ចំពោះ​ការគាំទ្រ និង​ជំនួយ​របស់​អូស្ត្រាលី ដល់​ដំណើរការ​សន្តិភាព និង​ការអភិវឌ្ឍ នៅ​កម្ពុជា​ជាពិសេស នៅលើ​វិស័យ​អប់រំ សុខាភិបាល ការផ្លាស់ប្តូរ រវាង​ប្រជាជន និង​ប្រជាជន​ការពារជាតិ និង​សន្តិសុខ និង​បានកត់សម្គាល់ អំពី​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា នៃ​កិច្ច​ពិគ្រោះ​យោបល់​ឧ​ត្ត​ម​មន្ត្រី​លើក​ទី​៣ នៅ​ទីក្រុង​កង់​បេ​រ៉ា​។

​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ចែករំលែក ជាមួយ​លោកស្រី រដ្ឋលេខាធិការ Kathryn Campbell អំពី​ការវិវត្ត​នៃ​សភាពការណ៍ នៅ​មី​យ៉ាន់​ម៉ា ដោយ​គូសបញ្ជាក់ពី​ភាពស្មុគស្មាញ​នៃ​វិបត្តិ និង​ការប្រឈមមុខ​នានា ក្នុងការ​ស្វែងរក​ដំណោះស្រាយ​សមស្រប​មួយ ដែល​តម្រូវឱ្យ​មានការ​យោគយល់​គ្នា ភាព​អត់ធ្មត់ និង​ការអត់ឱន​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ក៏ដូចជា កិច្ចខិតខំ​ប្រឹងប្រែង​រួម ឯកភាព និង​សាមគ្គីភាព ក្នុងចំណោម​រដ្ឋ​ជា​សមាជិក​អាស៊ាន និង​គ្រប់ភាគី​ទាំងអស់ ។​

​លោក​ឧបនាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់ អំពី​វឌ្ឍនភាព ក្នុងការ​អនុវត្ត​ការព្រមព្រៀង​ជា​ឯកច្ឆ័ន្ទ ៥ ចំណុច​របស់​អាស៊ាន ស្ដីពី​មី​យ៉ាន់​ម៉ា រួមទាំង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ស្រី​ក្នុងការ​រៀបចំ​ការងា​រ​ជា​មូលដ្ឋាន ក្នុងអំឡុងពេល​នៃ​ទស្សនកិច្ច​លើកទីមួយ របស់លោកទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា កាលពី​ថ្ងៃទី ២១-២២ ខែមីនា ឆ្នាំ​២០២២ សម្រាប់​អាទិភាពបន្ទាន់​ចំនួន ៣ រួមមាន​៖ (១) ការបញ្ឈប់​អំពើហិង្សា (២) ការធានា​ឱ្យបាន​នូវ​ការ​ផ្តល់ជំនួយមនុស្សធម៌ ទាន់ពេលវេលា ដោយ​គ្មាន​ការរើសអើង និង (៣) ការកសាង​បរិយាកាសអំណោយផល សម្រាប់​កិច្ចសន្ទនា​នយោបាយ ប្រកបដោយ​បរិ​យា​ប័ន្ន ដើម្បី​ដោះស្រាយ​វិបត្តិនៅ​មី​យ៉ាន់​ម៉ា​។​

​លោក​ក៏បាន​គូសបញ្ជាក់​ផងដែរ អំពី​លទ្ធផល​សំខាន់ៗ​ចំនួន​បី ដែល​សម្រេចបាន​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ ស្តីពី​ជំនួយ​មនុស្សធម៌ សម្រាប់​មី​យ៉ាន់​ម៉ា ដែល​កម្ពុជា បាន​ធ្វើជា​ម្ចាស់ផ្ទះរៀបចំ នៅ​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២២ រួមមាន​៖ ១) ក្របខ័ណ្ឌ​នៃ​ការរៀប​ចំការ​ផ្តល់ជំនួយមនុស្សធម៌​អាស៊ាន ២) ការដោះស្រាយ​បញ្ហា​ប្រឈម ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ នៃ​ការផ្តល់​ជំនួយ​មនុស្សធម៌ និង ៣) ក្របខ័ណ្ឌ​សម្រាប់​ការគ្រប់គ្រង វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩នៅ​មី​យ៉ាន់​ម៉ា​។​

​លោក​ឧបនាយក​រដ្ឋ​ម​ន្រី្ត បាន​ជម្រាបជូន​ផងដែរ អំពី​ការរៀបចំ​ដំណើរ​ទស្សនកិច្ច ជា​លើកទី​ពីរ​របស់លោក ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​គ្រោង​ធ្វើ​នៅ​ចុងខែ​នេះ ដោយ​សង្កត់ធ្ងន់ថា​ការជួបពិភាក្សា​ជាមួយ គ្រប់ភាគី​ពាក់ព័ន្ធ គឺ​ស្ថិត​ក្នុងចំណោម​ការផ្ដោត​ការយកចិត្តទុកដាក់​របស់លោក នាពេលនោះ ស្របតាម​អាណត្តិ​របស់ ប្រេសិត​ពិសេស​។

​លោកស្រី រដ្ឋលេខាធិការ Kathryn Campbell បាន​កោតសរសើរ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ ​សុខុន ក្នុងការ​ស្វែងរក​ដំណោះស្រាយ ចំពោះ​វិបត្តិ​បច្ចុប្បន្ន នៅ​មី​យ៉ាន់​ម៉ា និង​បាន​អះអាងអំពី​ការគាំទ្រ​របស់​អូស្ត្រាលី សម្រាប់​ការធ្វើជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា​៕/V​