ដោយៈ និមល / ភ្នំពេញៈ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម កាលពី​ថ្ងៃទី​១២ ​ខែមិថុនា ឆ្នាំ​២០២២ កន្លងទៅ បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ជួបពិភាក្សា​ការងារ​ជាមួយលោក​បណ្ឌិត រតនា​កា អេ​ហ៊ី​កា​រិ (Ratnakar Adhikari) នាយក​ប្រតិបត្តិ​នៃ​លេខាធិការដ្ឋាន កម្មវិធី​ពង្រឹង​ក្របខ័ណ្ឌ​សមាហរណកម្ម (Enhanced Integrated Framework) ប្រចាំ​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​។​

​ជា​កិច្ច​ចាប់ផ្តើម លោក​រដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចសហការ នាពេល​កន្លងមក​រវាង​ប្រទេស​កម្ពុជា និង​កម្មវិធី​ពង្រឹង​ក្របខ័ណ្ឌ​សមាហរណកម្ម ព្រមទាំង​បានលើកឡើង​អំពី​សមិទ្ធផល​នានា និង​វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​អភិវឌ្ឍន៍​ពាណិជ្ជកម្មតាម​ប្រព័ន្ធ​អេឡិចត្រូនិក​កម្ពុជា (Go4eCAM) លទ្ធផល​វិជ្ជមាន នៃ​ការវាយតម្លៃលើ​កម្មវិធី​ពិពិធ​កម្ម រួមទាំង​ការពង្រីក​ការនាំចេញ (CEDEP)​។ បន្ថែម​ពីនេះ លោក
​ក៏បាន​លើកឡើង អំពី​ការដាក់​ឲ្យ​ដំណើរការ កាលពីពេល​ថ្មីៗ​នេះ នូវ​ផ្សារ​ខេ​ម​បូ​ត្រេ​ដ“Cambodiatrade.com” ដែលជា​ផ្សារ​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេឡិចត្រូនិកផ្សព្វផ្សាយ និង​លក់​នូវ​ផលិតផល របស់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​ក្នុងនោះ​រួមមាន​សហគ្រាស​ដឹកនាំ ដោយ​សហគ្រិន ជា​ស្ត្រី​ផងដែរ​។​

​ក្នុងឱកាស​នេះដែរ លោក​រដ្ឋមន្ត្រី បានស្នើ​លេខាធិការដ្ឋាន​កម្មវិធី EIF បន្ត​ពង្រឹង​នូវ​កិច្ចសហការ​គាំទ្រ ដល់​ការអនុវត្ត​គម្រោង​នានា ដែល​ទទួលបាន​ការឧបត្ថម្ភ ពី​កម្មវិធី EIF ​ជាពិសេស​គម្រោង​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា ឆ្នាំ​២០១៩-២០២៣ (CTIS 2019-2023) ឱ្យ​ទទួលបាន​ប្រសិទ្ធិភាព​ខ្ពស់​។​

​ជាការ​ឆ្លើយតប លោកនាយក​ប្រតិបត្តិ EIF បាន​ថ្លែង​កោតសរសើរ ចំពោះ​ការរីកចម្រើន​របស់​កម្ពុជា ជាពិសេស​សក្តានុពល ក្នុង​វិស័យ​ពាណិជ្ជកម្ម ព្រមទាំង​បានបង្ហាញ​ពី​ការគាំទ្រនូវ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេឡិចត្រូនិក រួម​ជាមួយនឹង​គម្រោង Go4eCAM ​គម្រោង CTIS 2019-2023 និង​ភាពជា​ដៃគូ​ដ៏​រឹងមាំ​។​

​លោក​បាន​បន្តថាៈ លោក​ជឿជាក់ យ៉ាង​មុតមាំ​ថា តាមរយៈ​ផ្សារ​ខេ​ម​បូ​ត្រេ​ដ សហគ្រាស​ធុនតូច និង​មធ្យម​កម្ពុជា នឹងមាន​ឱកាស ក្នុងការ​សម្រប​ខ្លួន តាម​ប្រព័ន្ធ​បច្ចេកវិទ្យាបង្កើន​ការប្រកួតប្រជែង ក្នុងការ​នាំចេញ​ផលិតផល​ខ្មែរ ទៅកាន់​ទីផ្សារ​សកល​៕/V​