ដោយៈមុនីរ័ត្ន​/ភ្នំពេញ៖គ​.​ជ​.​ប បាន​បញ្ជាក់ថា មាន​បុគ្គល ឬ​គណបក្សនយោបាយ​មួយចំនួន​តូច​នៅ​បន្តចោទ ប្រកាន់និង​រិះគន់ គ​.​ជ​.​ប ដោយ​គ្មាន​មូលដ្ឋាន​។ ជាក់ស្តែង លោក សុន ឆ័យ បាន​និយាយ​ដដែល​ជា​ដដែលដូច​ក្នុង​កម្មវិធី​នៃ​កិច្ចសម្ភាសន៍​ជាមួយ​សារព័ត៌មាន​អន​ឡាញ Cambodia Daily កាលពី​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២២ ដោយ​ដៃ​ទទួលយក​អាសនៈ រីឯ​មាត់​ចោទថា​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់​នេះ មិន​ត្រឹមត្រូវ និង​មិន​យុត្តិធម៌ ហើយ​លោក​អះអាង​ទៀតថា ការដែល​គណបក្ស​ភ្លើងទៀន ទទួលយក​អាសនៈ គឺជា​ការគោរព​ឆន្ទៈ​អ្នកបោះឆ្នោត​។ បើ​ដូចនេះ​មែន លោក សុន ឆ័យ ក៏ត្រូវ​តែ​គោរព​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ជាច្រើន​ទៀត​ដែរ ដែល​មិនបាន​បោះឆ្នោតឱ្យ​គណបក្ស​ភ្លើងទៀន ហើយ​លោក សុន ឆ័យ ប្រាកដជា​ដឹងថា​នេះ​ជាគោលការណ៍​គ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ ព្រមជាមួយ​គ្នានេះដែរ ការបោះឆ្នោត​គឺជា​ស្នូល​នៃលទ្ធិប្រជាធិប តេយ្យ​។ លោក សុន ឆ័យ និយាយទៀតថា ”​លទ្ធផល​នេះ​មិន​ឆ្លុះបញ្ចាំង​អំពី​ឆន្ទៈ​ប្រជាពលរដ្ឋ​ទេ វា​មានការ​បំភ័យ វា​មាន​ការទិញ វា​មានការ​លួចបាន​នៅសល់​ប៉ុណ្ណឹង ”​។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់ គ​.​ជ​.​ប នៅ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២២​។​

លោក សុន ឆ័យ (រូបថតឯកសារ)

​គ​.​ជ​.​ប បាន​អះអាងថា ការ​ថ្លែង​បែបនេះ គ​.​ជ​.​ប មិនអាច​ទទួលយកបាន​ទេ ហើយ​ជាការ​មាក់ងាយ និង​ប៉ះពាល់ ដល់​តម្លៃ​របស់​ម្ចាស់ឆ្នោត​ដែល​បាន​អញ្ជើញ​ទៅ​បោះឆ្នោត​យ៉ាងច្រើន​កុះករ និង​ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់ គ​.​ជ​.​ប ដែលជា​ស្ថាប័ន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ព្រមទាំង​ធ្វើឱ្យមាន​ការភាន់ច្រឡំ និង​បាត់​ទំនុកចិត្ត​លើ​ការបោះឆ្នោត ដែល​បានចែង​ក្នុង​មាត្រា ១៧១ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ដែល​នឹងត្រូវ​ផាកពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល​ដល់ ២០​លាន​រៀល ដោយ​ពុំទាន់​គិតដល់​ទោស​ព្រហ្មទណ្ឌ​ផ្សេងទៀត​។​

​គ​.​ជ​.​ប បាន​សង្កត់ធ្ងន់ថា ដើម្បី​ភាព​ស្អាតស្អំ ការរក្សា​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​ស្ថាប័ន គ​.​ជ​.​ប នឹង​ចាត់វិធានការ​តាមច្បាប់ ចំពោះ​ការចោទប្រកាន់​ទាំងឡាយណា​ដែល​ផ្ទុយ​ពី​ការពិត​។​

​ប្រភព​ដដែល​បាន​បន្តថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​ដូច​ការគ្រោងទុក និង​មានការ​ទទួលស្គាល់ ទទួលយក​លទ្ធផល​ពី​គ្រប់ភាគី ព្រមទាំង​មានការ​វាយតម្លៃ​ខ្ពស់​ពី​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ​ថា​ការបោះឆ្នោត​កាលពី​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២២ កន្លងទៅនេះ បាន​ប្រ​ពឹ​ត្ត​ទៅដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ក្នុង​បរិយាកាស​ស្ងប់ស្ងាត់ សន្តិសុខ របៀបរៀបរយ គ្មាន​អំពើហិង្សា និង​គ្មាន​ការគំរាមកំហែង ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​ជាង ៨០ភាគរយ បាន​ទៅ​បោះឆ្នោត​សម្ដែង​ឆន្ទៈ​របស់ខ្លួន​គួរឱ្យកត់សម្គាល់​។​

​ជាគោលការណ៍​ច្បាប់​ស្តីពី​ការបោះឆ្នោត គ​.​ជ​.​ប បើក​សិទ្ធិ​ឱ្យ​គណបក្សនយោបាយ ប្តឹង​ជុំ​វិ ញ ភាពមិនប្រក្រតី​ណាមួយ​ដែល​ខ្លួន​បាន​សង្កេតឃើញ​នៅ​គ្រប់​ដំណាក់កាល​បោះឆ្នោត ពិសេស​នៅ​ថ្ងៃ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​។ ក្នុងន័យនេះ គ​.​ជ​.​ប មាន​យន្ត​ការដាក់ ទទួល និង​ដោះស្រាយ​បណ្តឹង​តាម​ឋានានុក្រម​ពី​ថ្នាក់ឃុំ សង្កាត់ ថ្នាក់​រាជធានី ខេត្ត និង​ថ្នាក់ គ​.​ជ​.​ប ជាពិសេសការប្តឹងឬការដោះស្រាយពាក្យបណ្តឹងក្នុងដំណាក់កាល ​នៃ​ការឃោសនាបោះឆ្នោតដំណាក់កាល​មួយថ្ងៃមុន ថ្ងៃ​បោះឆ្នោត និង​ដំណាក់កាល​បិទ​ផ្សាយ​លទ្ធផល​បណ្តោះអាសន្ន​នៅ​ឃុំ សង្កាត់ ដូច​មានចែង​ក្នុង​ច្បាប់ បទបញ្ជា និង​នីតិវិធី​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ជា​ធរមាន ហើយ​គួរ​ចៀសវាង​ថ្លែង​ជាការ​ប្រមាថ បរិហារ​កេ​រ្តិ៍ជា​សាធារណៈ និង​ញុះញង់ ដែល​អាច​នាំឱ្យ​មានការ​ចោទប្រកាន់​ដូច​មានចែង​ក្នុង​ក្រមព្រហ្មទណ្ឌ​ត្រង់​មាត្រា​៣០៥ និង ៣០៦ ពាក់ព័ន្ធ​នឹង​បទ​បរិហារ​កេ​រិ៍ត​ជា​សាធារណៈ ដូចជា​តាម​សម្តី ទោះជា​ប្រភេទ​ណាក៏ដោយ ដែល​បញ្ចេញ​នៅ​ទីសាធារណៈ ឬ​នៅក្នុង​សាលប្រជុំ​… និង​ការ​បរិហារ​កេ​រ្តិ៍ដែល​ប្រព្រឹត្ត​តាម​សារព័ត៌មាន និង​ដែល​ត្រូវ​ស្ថិតនៅក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​។​

​បច្ចុប្បន្ននេះគ្រប់​យន្តការ​នៃ គ​.​ជ​.​ប បានទទួល​ពាក្យបណ្តឹង និង​កំពុង​ដោះស្រាយ​បណ្តឹង​រហូតដល់​ចប់ មុននឹង​ប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥៕​សរន