ភ្នំពេញ:ទណ្ឌិត សម រង្ស៊ី បានដំឡើងសំឡេងរិះគន់វាយប្រហារអតីត ដៃគូសម្ព័ន្ធភាពរបស់ខ្លួនឡើងចាស់ដៃករណី កឹម សុខា មិន ទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ដោយហេតុផលថាគ្មានជម្រើសសម្រាប់ជ្រើសរើស មានន័យថាគណបក្សណាមួយដែលត្រូវបោះឱ្យ ពោលគឺសូម្បីតែគណបក្សភ្លើងទៀនដែលមាន សម រង្ស៊ី ជាប្រធានស្រមោលបញ្ជាពីក្រោយ ក៏មិនមែនជាជម្រើសរបស់ កឹម សុខា ឡើយ។

ការណ៍នេះធ្វើឱ្យទណ្ឌិត សម រង្ស៊ី ក្រេវក្រោធក្តៅក្រហាយចំពោះ កឹម សុខា ដោយបង្ហាញការសោកស្តាយផងនិងបាន វាយប្រហារថា កឹម សុខា «យល់ខុសធ្ងន់ណាស់» ហើយគួរភ្ញាក់រឭកឡើងវិញ។ ការរិះគន់វាយប្រហារដែលត្រូវបានក្រុម កឹម សុខា ក្នុងនោះរួមមាន មុត ចន្ថា សូ ណារ៉ូ បានវាយបក សម រង្ស៊ីវិញភ្លាម ដោយចាត់ទុក សម រង្ស៊ី ថា ជាមនុស្សវិកលចរិត និងជា «ឆ្កែឆ្កួត»កំពុងស្រែកឡូឡា។ សង្គ្រាមពាក្យសម្តីនេះបានបង្ហាញកាន់តែច្បាស់ពីការបែកបាក់ដ៏ជ្រាលជ្រៅនៃអតីតសម្ព័ន្ធមិត្តក្រោមការរៀបចំផ្សំផ្គុំរបស់បរទេសមួយនេះ និងក៏ជាការបញ្ជាក់ប្រាប់ដល់អ្នកគាំទ្ររបស់ក្រុម សម រង្ស៊ី និងក្រុម កឹម សុខាទាំងក្នុងនិងក្រៅប្រទេសថា សម រង្ស៊ី និងកឹម សុខា មិនមែនជាមនុស្សតែមួយទៀតឡើយ គឺដូចនឹងអ្វីដែលក្រុម កឹម សុខា បានប្រកាសជាយូរមកហើយ និងចុងក្រោយ កឹម សុខា ក៏បានប្រកាសមិនឱ្យក្រុម សម រង្ស៊ី យកឈ្មោះគាត់ទៅប្រើប្រាស់ដើម្បីគេងចំណេញផលប្រយោជន៍នយោបាយ ដែលកាន់តែបញ្ជាក់ពីការបញ្ចប់រាត្រីទឹកឃ្មុំរវាង សម រង្ស៊ី និងកឹម សុខា និងបានក្លាយជារាត្រីទឹកខ្មេះតាំងពីការចាប់ផ្តើមផ្សំផ្គុំមក។
ចំណោទសួរថាហេតុអ្វីបានជាសម រង្ស៊ី ហ៊ានចេញមុខវាយប្រហារ កឹម សុខា ចំៗជាចំហយ៉ាងដូច្នេះ?
១-គ្មានប្រយោជន៍អ្វីដែលអាចកេងចំណេញពីគ្នាទៅវិញទៅ មកទៀត៖ សម្ព័ន្ធមិត្តសម រង្ស៊ី និងកឹម សុខា ក្រោមឆ័ត្រនៃខ្មោចគណបក្សសង្គ្រោះជាតិជាសម្ព័ន្ថមិត្តដែលបែកបាក់តាំងពីការចាប់ផ្តើម។ ពលរដ្ឋខ្មែរត្រូវដឹងថា ប្រសិនបើគ្មានបរទេសជាចៅហ្វាយនាយផ្គូរផ្គងចាប់ឱ្យរួបរួមគ្នានៅឆ្នាំ២០១២ ដើម្បីបម្រើផលប្រយោជន៍ភូមិសាស្ត្រនយោបាយគេទេ ទំនង សម រង្ស៊ី និងកឹម សុខា នឹងមិនព្រមចាប់ដៃគ្នាបង្កើតគណបក្សសង្គ្រោះជាតិឡើយ។ ប៉ុន្តែដោយសារតែផែនការបដិវត្តន៍ពណ៌ មិនជោគជ័យ អង្គការចាត់តាំងនយោបាយនេះត្រូវបានរំលាយដោយច្បាប់ និងប្រតិបត្តិករបដិវត្តន៍ពណ៌ត្រូវប្រឈមមុខច្បាប់។ នេះក៏ដោយសារតែការដើរយុទ្ធសាស្ត្រនយោបាយខុសម្តងហើយម្តងទៀតរបស់ទណ្ឌិត សម រង្ស៊ី និងអំនួតជ្រុលហួសហេតុរបស់ កឹម សុខា។ រយៈពេល ១០ ឆ្នាំក្នុងសម្ព័ន្ធភាពក្លែងក្លាយ សម រង្ស៊ី និងកឹម សុខា បានប្រើប្រាស់រូបភាពនៃ ការរួបរួមមិនមែនរួបរួមដើម្បីបង្កើនប្រជាប្រិយភាពរបស់ក្រុម រៀងៗខ្លួននិងកសាងកម្លាំងនយោបាយរៀងៗខ្លួន។ ការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងអតីតបក្សសង្គ្រោះជាតិពីមុន ក៏ភាគីម្ខាងៗ ព្យាយាមទាញឥទ្ធិពលសម្រាប់ក្រុមរៀងខ្លួនដែរ។ សូម្បីតែ ខ្មោចគណបក្សសង្គ្រោះជាតិក៏ក្រុម សម រង្ស៊ី និងក្រុម កឹម សុខា ដណ្តើមគ្នាគ្រប់គ្រងរហូតដល់ក្រុម សម រង្ស៊ី រៀបចំធ្វើបក្សប្រហារ តែងតាំងទណ្ឌិត សម រង្ស៊ីជាប្រធានស្តីទីខ្មោច គណបក្សសង្គ្រោះជាតិ ខណៈ កឹម សុខា អតីតប្រធានខ្មោចបក្សសង្គ្រោះជាតិនៅក្នុងប្រទេសកម្ពុជាជ្រងោៗ។ ក្រុមបងប្អូនសត្រូវទាំង ២ នេះខំប្រឹងក្តោបយកខ្មោចបក្សសង្គ្រោះជាតិដើម្បីយកសមានចិត្តក្រុមអ្នកប្រឆាំង។ ក្រុមកឹម សុខា បានខិតខំបង្ហាញថាសម រង្ស៊ី និងបក្ខពួកមិនបានរក្សាស្មារតីសង្គ្រោះជាតិទៀតទេ គឺពួកគេបានក្បត់ស្មារតីនេះ និងបានរៀបចំបន្ទាយនយោបាយថ្មី ខណៈក្រុមកឹម សុខា បន្តរង់ចាំការរស់ឡើងវិញនៃខ្មោចបក្សសង្គ្រោះជាតិ។ ការបែកបាក់នេះបាន បង្ហាញជាចំហរ ធ្វើឱ្យ សម រង្ស៊ី និងបក្ខពួកមិនអាចរកផល ប្រយោជន៍នយោបាយបន្តទៅទៀតដោយឃោសនាបោកប្រាស់ថា សម រង្ស៊ី កឹម សុខា ជាមនុស្សតែមួយ ឬគណបក្សភ្លើងទៀន និងខ្មោចគណបក្សសង្គ្រោះជាតិគឺតែមួយទៀតឡើយ។ ពេលនេះ សម រង្ស៊ី និងបក្ខពួកមិនអាចទាញចំណេញនយោបាយពីសម្ព័ន្ធមិត្តចាស់ទៀតទេ ដូច្នេះ វាពិតជាគ្មានប្រយោជន៍អ្វីសម្រាប់ សម រង្ស៊ី ក្នុងការបន្តថ្នមសភាពការណ៍ជាមួយ កឹម សុខាទៀតឡើយ។
២-ផែនការលេបយកកម្លាំងអ្នកគាំទ្រអតីតសង្គ្រោះជាតិឆ្នាំ ២០១៧ របស់សម រង្ស៊ី ត្រូវបានបរាជ័យ៖ តាំងពីដើមរៀងមក សម រង្ស៊ី និងបក្ខពួកមានជំងឺតួឯកមានតែបក្សខ្លួនដែលខ្លាំង។ ការចងសម្ព័ន្ធភាពយកបក្ស ២ មកបង្កើតបក្ស ១ គឺភាគីសម រង្ស៊ី តែងតែចិញ្ចឹមចិត្តជានិច្ចគឺលេបត្របាក់កម្លាំងគាំទ្រគណបក្សសិទ្ធិមនុស្ស និងទាញ កឹម សុខាឱ្យស្ថិតក្រោមឥទ្ធិពលរបស់ខ្លួន។ ពួកគេធ្វើបានសម្រេចកាលពីឆ្នាំ២០១២ ដោយយកលេសថាគណបក្សសម រង្ស៊ី មានអ្នកគាំទ្រច្រើន មានអាសនៈច្រើនជាងគណបក្សសិទ្ធិមនុស្ស សម រង្ស៊ីធ្វើប្រធាន កឹម សុខា ធ្វើអនុប្រធានខ្មោចបក្សសង្គ្រោះជាតិ ហើយក្នុងការរៀបចំរចនាសម្ព័ន្ធបក្ស ក៏ក្រុម សម រង្ស៊ី បង្កើនឥទ្ធិពល ដែរ ខណៈកឹម សុខា ខិតខំរើបម្រះកុំឱ្យ សម រង្ស៊ី លេបកម្លាំងខ្លួនបាន និងទប់ឥទ្ធិពលទាំងឡាយ។ ដោយសារតែបានដឹងច្បាស់ពីគោលបំណងលេបត្របាក់យកកម្លាំងរបស់ខ្លួននេះ ហើយបានជា កឹម សុខា ត្រូវធ្វើអ្វីមួយដើម្បីទប់ស្កាត់ល្បិចកល របស់ក្រុម សម រង្ស៊ី កុំឱ្យយកឱកាសនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នេះអូសទាញប្រមូលយកកម្លាំងខ្លួនព្រោះសកម្មជនកឹម សុខា និយមខ្លះនៅមូលដ្ឋានអាចចាញ់ការអូសទាញ និងភូតកុហករបស់ក្រុម សម រង្ស៊ីដែលជ្រកក្រោមស្លាកនៃគណបក្សភ្លើងទៀនដោយក្នុងនោះ កឹម សុខា បានបង្ហាញរូបភាពនៃការជួបជុំជាមួយអតីតមេឃុំចៅសង្កាត់នៃខ្មោចគណបក្សសង្គ្រោះជាតិ និងសកម្មជនរបស់ខ្លួនដោយបញ្ចេញថា «បន្តរង់ចាំជានិច្ច» គឺរង់ចាំការរស់ឡើងវិញនៃខ្មោចបក្សសង្គ្រោះជាតិ។ ចុងក្រោយនេះ កឹម សុខា ប្រកាសមិនទៅ បោះឆ្នោត ក៏ជាសារមួយដល់អ្នកគាំទ្រខ្លួនកុំឱ្យទៅបោះឆ្នោតដែរ។ ការណ៍នេះបានធ្វើឱ្យអ្វីដែល សម រង្ស៊ី និងបក្ខពួករំពឹងទុកថាយ៉ាងហោចក៏គណបក្សភ្លើងទៀន ទទួលបានសំឡេង ៨០%នៃសំឡេងខ្មោចសង្គ្រោះជាតិកាលពីឆ្នាំ២០១៧។ ឆ្នាំ ២០១៧ ខ្មោចបក្សសង្គ្រោះជាតិទទួលបានអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ចំនួន ៥០០៧ អាសនៈ និងកាន់តំណែងមេឃុំចៅសង្កាត់ចំនួន ៤៨៧ ឃុំសង្កាត់។ តែលទ្ធផលជាក់ស្តែង ធ្វើឱ្យ ទណ្ឌិត សម រង្ស៊ី ចាញ់ឆ្នោតក្អួតឈាមងើបមុខមិនរួច ហើយធ្វើឱ្យ សម រង្ស៊ី បាក់អំនួត ព្រោះគិតថាផែនការខ្លួននឹងជោគ ជ័យ ហើយសំឡេងឆ្នោតដែលទទួលបាននឹងអាចប្រើប្រាស់ជាមធ្យោបាយជួយស្រោចស្រង់ជីវិតនយោបាយខ្លួន។ តែពេលនេះបានត្រឹមតែយល់សប្តិប៉ុណ្ណោះដែលធ្វើឱ្យ សម រង្ស៊ី អត់ទ្រាំមិនបាន ត្រូវវាយប្រហារលើ កឹម សុខា។
៣-សម រង្ស៊ី ត្រូវការចិញ្ចឹមចលនាដែលគាំទ្រខ្លួន៖ យុទ្ធសាស្ត្រ នៃការដណ្តើមកម្លាំងគ្នាបាននិងកំពុងពុះកញ្ជ្រោលរវាងក្រុម សម រង្ស៊ី និងក្រុម កឹម សុខា។ ដើម្បីចិញ្ចឹមចលនាអ្នកដែលបានចាក់ចេញពីស្មារតីសង្គ្រោះជាតិដើរតាម សម រង្ស៊ី និងមកជ្រកក្រោមស្លាកគណបក្សភ្លើងទៀន សម រង្ស៊ី ត្រូវតែវាយប្រហារ កឹម សុខា បំពេញចិត្តអ្នកដែលចាកចេញពីកឹម សុខា។ បើមិនវាយប្រហារ ចោទប្រកាន់ កឹម សុខា ដើម្បីបន្ថែមទម្ងន់ ហេតុផលនៃការចាកចេញពីស្មារតីខ្មោចបក្សសង្គ្រោះជាតិទេ អ្នកដែលចាកចេញអាចនឹងបាត់បង់ទឹកចិត្ត ហើយអាចងាកមក រក កឹម សុខា វិញនាថ្ងៃណាមួយ ខណៈក្រុមសម រង្ស៊ី បានបាត់បងឥទ្ធិពលនយោបាយទាំងនៅលើឆាកជាតិ និងអន្តរ ជាតិ។ ប្រសិនបើកឹម សុខា អាចរួចខ្លួន មានសិទ្ធិធ្វើនយោបាយ និងមានគណបក្សមួយ នោះកម្លាំងទាំងនោះអាចនឹងវិលមករក កឹម សុខា វិញ ព្រោះថាកឹម សុខា មានការគាំទ្រពីបរទេស និងគោលជំហរនយោបាយរបស់ កឹម សុខា នៅប្រឈមមុខច្បាប់ក្នុងស្រុក តែ សម រង្ស៊ី ជាអ្នក នយោបាយមាន់ត្រចៀកស និង ជាអ្នកនយោបាយកំសាកញី ឱ្យតែមានបញ្ហាគឺរត់ចោលស្រុក រត់ចោលអ្នកគាំទ្រខ្លួន។ ដូច្នេះ ក្នុងឱកាសដែល កឹម សុខា ស្ថិតក្រោមបទបញ្ជានៃច្បាប់ សម រង្ស៊ី ខិតខំពង្រឹងការគាំទ្រ និងមូលដ្ឋាននយោបាយខ្លួន ដើម្បីទប់ទល់ឥទ្ធិពល កឹម សុខា ពេលកឹម សុខា ដោះស្រាយបញ្ហាច្បាប់រួចរាល់។ ដូច្នេះ ចាប់ពីពេលនេះ សម រង្ស៊ី និងបក្ខពួកនឹង ត្រូវបន្តបើកសមរភូមិវាយប្រហារ កឹម សុខា និងអ្នកហែរហម ដើម្បីចិញ្ចឹមចលនា និងទាក់ទាញប្រជាប្រិយភាពក្នុងចំណោម អ្នកប្រឆាំងដើម្បីផែនការអនាគតរបស់ខ្លួន។ ចំណែកក្រុម កឹម សុខា ក៏នឹងបើកការវាយប្រហារដើម្បីគ្រប់គ្រងទីលាននយោបាយរបស់ខ្លួនដែរ ព្រោះមិនអាចបណ្តោយឱ្យក្រុម សម រង្ស៊ី ធ្វើសកម្មភាពស្រេចតែអំពើចិត្ត និងលេបយកកម្លាំងខ្លួនឡើយ។ បើពុំនោះទេ កម្លាំងដែល កឹម សុខា មានក្នុងដៃ ជាអ្នកស្ម័គ្រស្មោះពេលនេះ អាចនឹងជឿ និងចូលរួមជាមួយកម្លាំង សម រង្ស៊ី។
ដោយសារកត្តាសំខាន់ទាំង ៣ នេះបានជំរុញឱ្យទណ្ឌិត សម រង្ស៊ី ដែលជាមេបក្សស្រមោលរបស់គណបក្សភ្លើងទៀន ត្រូវតែចេញមុខវាយប្រហារ កឹម សុខា ដោយចំៗនិងចំហរតែម្តង។ ជាមួយគ្នានេះ វាក៏ដល់ពេលដែលអតីតដៃគូទាំង ២ នេះ បញ្ឈប់ប្រើប្រាស់នៃរូបភាពរួបរួមគ្នាដើម្បីបោកប្រាស់ប្រជាពលរដ្ឋដែរ។ តាមពិតទៅ ការធ្វើនយោបាយរបស់ក្រុមអ្នកនយោបាយទាំង ២ នេះ ដើម្បីបម្រើផលប្រយោជន៍ និងមហិច្ឆតាផ្ទាល់ខ្លួនតែប៉ុណ្ណោះ មិនបម្រើផលប្រយោជន៍ប្រជាពលរដ្ឋឡើយ។ ពួកគេបានប្រើជីវិតប្រជាពលរដ្ឋធ្វើជាដើមទុននយោបាយដើម្បីឈូងចាប់យកអំណាចដោយការប្រើប្រាស់វោហារសាស្ត្រស្អប់ខ្ពើម រើសអើងប្រកាន់ពូជសាសន៍ និងញុះញង់សព្វបែបយ៉ាង។ ការធ្វើនយោបាយរបស់ក្រុមអ្នក នយោបាយទាំង ២ នេះតែងតែបង្កើតរូបភាពហិង្សានិយមតាមរយៈពាក្យសម្តីឌឺដង ញុះញង់និងបង្កជម្លោះ ខណៈកម្ពុជា និងប្រជាជនទាំងមូលប្រាថ្នាចង់បានប្រទេសជាតិមួយដែលមាន សុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះ។ ដោយសារតែការធ្វើនយោបាយជើងមិនជាប់ដីដូចសម រង្ស៊ី និងការធ្វើនយោបាយញុះញង់ និងក្បត់ជាតិដូច កឹម សុខា នេះហើយ បានជាប្រជាពលរដ្ឋមិនផ្តល់នូវសេចក្តីទុកចិត្ត និងជឿជាក់លើពួកគេ ព្រោះពលរដ្ឋយល់ថាក្រុម ប្រឆាំងគ្មានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការដឹកនាំនិងគ្រប់គ្រងប្រទេសឡើយ។ មិនជឿជាក់ និងមិនទុកចិត្តដោយសារតែពួកគេគិតពីផលប្រយោជន៍បក្ខពូលខ្លួនជាងគិតពីផលប្រយោជន៍ជាតិ និងប្រជាជន និងគ្មានសមត្ថភាពសូម្បីតែគ្រប់គ្រងកូនបកក្សតូចមួយរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងមិនឱ្យមានការបែកបាក់៕
ដោយ៖ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២