ដោយៈ​ទេព មង្គល / ភ្នំពេញៈ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ( ​អ​.​គ​.​រ ) នៅ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២២ នេះ បានចេញ​សេចក្ដីជូនដំណឹង​មួយ ស្ដីពី​ការបង់ពន្ធ និង​អាករ លើ​រថយន្ដ​គ្មាន​ពន្ធ​មាន​ស្រាប់​ក្នុងប្រទេស ដោយបាន​រំលឹក​ពីថ្ងៃ​ឱសានវាទ ត្រឹម​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២២ ហើយ អ​.​គ​.​រ ក៏បាន​ព្រមាន​ចាត់វិធានការ​ម៉ឺងម៉ាត់ ចាប់ពី​ថ្ងៃទី​១ កក្កដា តទៅ ចំពោះ​រថយន្ដ​ចង្កូត​ឆ្វេង​គ្មាន​ពន្ធ និងរថយន្ដ​ចង្កូតស្ដាំ ដែលជា​ប្រភេទទំនិញ​ ហាមឃាត់​ការនាំ​ចូល ក្នុងករណី​បង្ក្រាបបាន នឹងត្រូវ​កម្ទេចចោល ឬ​ដោះ​បំបែក​ជា គ្រឿងបន្លាស់ តាម​នីតិវិធី ជា​ធរមាន​។​

​សេចក្ដីជូនដំណឹង​រប​ស់ អ​.​គ​.​រ បានសរសេរថា អនុលោម​តាម​ខ្លឺ​ម​សារ លិខិត​លេខ ៤៨២ សជណ​.​ហ​ធ ចុះ​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០២១ របស់​រាជរដ្ឋាភិបាល និង​សេចក្ដីជូនដំណឹង លេខ ១៩៨៣/២១ អគរ​. ចុះ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២១ របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ( អ​.​គ​.​រ ​) យុទ្ធនាការ​ប្រមូល​ពន្ធ និង​អាករ​នាំចូល លើ​រថយន្ត​គ្មាន​ពន្ធ មាន​ស្រាប់​ក្នុងប្រទេស នឹងត្រូវ​បញ្ចប់​ត្រឹម​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២២ ។ ក្នុងន័យនេះ អ​.​គ​.​រ សូម​រំលឹក​ដល់​ម្ចាស់​រថយន្ដ​គ្មាន​ពន្ធ​មាន​ស្រាប់ ក្នុងប្រទេស​ទាំងអស់ ត្រូវ​រួសរាន់​មក​បំពេញ​កាតព្វកិច្ច​ព​ន្ធ និង​អាករ ឬ​តម្កល់​ប្រាក់​កក់ (​ចំពោះ​រថយន្ដ​ចង្កូត​ស្ដាំ​) ឱ្យទាន់​ថ្ងៃ​ឱសានវាទ​នេះ​។​

​អ​.​គ​.​រ បាន​ព្រមាន​ថាៈ ចាប់ពី​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២២ តទៅ អ​.​គ​.​រ នឹង​អនុវត្ត​វិធានការ បង្ក្រាប​យ៉ាង​យ៉ាង​ម៉ឺងម៉ាត់​។ ចំពោះ​រថយន្ដ​ចង្កូត​ឆ្វេង​ដែល​បង្ក្រាបបាន នឹង​តម្រូវឱ្យ​បង់ពន្ធ និង​អាករ រួមទាំង​ប្រាក់​ពិន័យ តាម​បទ​ប្បញ្ញត្តិ​ជា​ធរមាន​។ ចំណែកឯ​រថយន្ដ​ចង្កូត​ស្ដាំ ដែលជា​ប្រភេទ​ទំនិញ​ហាមឃាត់​ការនាំ​ចូល ក្នុងករណី​បង្ក្រាបបាន នឹងត្រូវ​កម្ទេចចោល ឬ​ដោះ​បំបែក​ជា​គ្រឿងបន្លាស់ តាម​នីតិវិធី ជា​ធរមាន​។​

​អ​.​គ​.​រ បាន​រំលឹកថាៈ អាស្រ័យហេតុនេះ សូម​ម្ចាស់​រថយន្ដ​គ្មាន​ពន្ធ​ទាំងអស់ រួសរាន់​ចូលមក បំពេញ​កាតព្វកិច្ច​ពន្ធ និង​អាករ​នាំចូល ឱ្យបាន​ទាន់ពេលវេលា តាម​ការកំណត់ ដូច​រៀបរាប់ ខាងលើ​៕/V​