ដោយ​៖ អេង វ​ណ្ណី​កា បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​ខេត្តកំពង់ចាម​/ភ្នំពេញ៖​នា​វេលា​ម៉ោង​២​រសៀល​នៅ​ថ្ងៃអាទិត្យ ទី​១២ ខែមិថុនា ឆ្នាំ​២០២២ មជ្ឈមណ្ឌល​ឯកសារ ខេត្តកំពង់ចាម រៀបចំ​វេទិកា​អន្តរ​ជំនាន់​ដោយមាន​ការចូលរួម តុង ស៊ីថា​ត គឺជា​អតីត​គ្រូបង្រៀន​ថ្នាក់​ទី​១​ក្នុង​របប​ខ្មែរក្រហម និង​គឺជា​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម រួម​នឹង​ក្រុម​គរុ​សិស្ស​ឆ្នាំ​ទី​១​ចំនួន​១២​នាក់​នៃ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ខេត្តកំពង់ចាម​។ គោលបំណង​នៃ​ការបង្កើត​វេទិកា​អន្តរ​ជំនាន់​នេះ​ឡើង គឺ​ដើម្បី​ផ្តល់ឱកាស​ដល់​គរុ​សិស្ស​ស្ដាប់​នូវ​ការចែករំលែក​រឿងរ៉ាវ​ជីវិត​រស់នៅ​ក្នុងពេល​សង្គ្រាម និង​របប​ខ្មែរក្រហម​របស់ ស៊ីថា​ត​។

តុង ស៊ីថា​ត អតីត​គ្រូ បង្រៀន​ថ្នាក់​ទី​១​ក្នុង​របប​ខ្មែរក្រហម និង​ជា​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម ចែករំលែក​រឿងរ៉ាវ​ជី​វិត​របស់ខ្លួន ទៅកាន់​គរុ​សិស្ស​នៃ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ខេត្តកំពង់ចាម នៅ​ការិយាល័យ​ស្រាវជ្រាវ និង​បណ្ណាល័យ​ឯកសារ​ខ្មែរក្រហម​ខេត្តកំពង់ចាម (​ទូច វ​ណ្ណេ​ត​/ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

ដំបូង ស៊ីថា​ត និយាយ​ទៅកាន់​គរុ​សិស្ស​ចូលរួម​ទាំងអស់​៖ «​នៅពេលដែល​ខ្ញុំ​ឃើញ​ក្មួយៗ​ទាំងអស់​អង្គុយ​នាពេលនេះ ខ្ញុំ​នឹកឃើញ​ដល់​កូនសិស្ស​របស់ខ្ញុំ​បង្រៀន​នៅក្នុង របប​ខ្មែរក្រហម​។ ខ្ញុំ​ទើបតែ​ជួប​សិស្ស​ខ្ញុំ​ម្នាក់​ឈ្មោះ វណ្ណា កាលពី​សប្ដាហ៍​មុន បន្ទាប់ពី​បែក​ពីគ្នា​ក្នុង​ឆ្នាំ​១៩៧៨​។​» ស៊ីថា​ត និយាយ​បន្ត​អំពី​ដំណើរ​ជីវិត​របស់ខ្លួន​៖ «​ខ្ញុំ​រៀន​ត្រឹម​ថ្នាក់​ទី​៧​សង្គមចាស់​នៅ​សាលាបឋមសិក្សា​កំពង់ក្របី​។ បន្ទាប់មក ខ្ញុំ​បន្ត​ការសិក្សា​នៅ​អនុវិទ្យាល័យ​ព្រះសីហនុ​នៅ​ទី​រួម​ខេត្តកំពង់ចាម​នៅ​ឆ្នាំ​១៩៧០​។ រៀន​មិនបាន​ប៉ុន្មាន មាន​បាតុកម្ម​បានកើត​ឡើង​នៅ​ទី​រួម​ខេត្តកំពង់ចាម​។ ខ្ញុំ​ឈប់រៀន និង​វិល​ត្រឡប់មក​ភូមិកំណើត​វិញ​។ នៅ​ឆ្នាំ​១៩៧១ និង​ឆ្នាំ​១៩៧២ ភូមិកំណើត​របស់ខ្ញុំ គឺជា​សមរភូមិ​ប្រទាញប្រទង់​រវាង​ទាហាន លន់ នល់ និង​កងទ័ព​រំដោះ​ខ្មែរក្រហម​។​» បន្ទាប់ពី​សង្គ្រាម​ផ្ទុះឡើង នៅក្នុង​ភូមិ ខ្ញុំ​បាន​រត់​ភៀសខ្លួន​ទៅ​តំបន់​រំដោះ​ខ្មែរក្រហម និង​ស្ម័គ្រចិត្ត​ចូល​បម្រើ​កង​សិល្បៈ​ខ្មែរក្រហម ដែលមាន​សម​មិត្ត ហ៊ាន គឺជា​ប្រធាន​។ ចាប់ពី​ឆ្នាំ​១៩៧៣ ដល់​ឆ្នាំ​១៩៧ ខ្ញុំ​ទទួល​តួនាទី​ជា​ពិធីករ​ក្នុង​សម្ដែង​សិល្បៈ​ខ្មែរក្រហម និង​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​។ នៅ​ឆ្នាំ​១៩៧៥ ខ្ញុំ​ត្រូវ​ផ្លាស់​ទៅ​រស់នៅ​ភូមិ​មាន់​ហើរ និង​ទទួល​តួនាទី​បង្រៀន​ថ្នាក់​ទី​១​ដល់​កូន​ប្រជាជន​មូលដ្ឋាន​។ សម​មិត្ត ជឿន គឺជា​មេភូមិ​មាន់​ហើរ បានរៀបចំ​ផ្ទះ​ឈើ​របស់​អ្នកភូមិ​ចំនួន​៣​ខ្នង​ដើម្បី​ប្រើប្រាស់​ជា​ថ្នាក់រៀន និង​កន្លែង​ស្នាក់នៅ​៖ ផ្ទះ​ទី​១ គឺ សម្រាប់​បង្រៀន​ថ្នាក់​ទី​១, ផ្ទះ​ទី​២​គឺ​សម្រាប់​បង្រៀន​ថ្នាក់​ទី​២ និង ផ្ទះ​ទី​៣​គឺ​សម្រាប់​បង្រៀន​ថ្នាក់​ទី​៣​។ ខ្ញុំ​ត្រូវ​បង្រៀន​ថ្នាក់​ទី​១ ដែល​មានកូន​ប្រជាជន​មូលដ្ឋាន ប្រមាណ​ពី​៦​ទៅ​១០​នាក់​។ ខ្ញុំ​បង្រៀនអក្សរ​ខ្មែរ​នៅពេល ព្រឹក និង​លេខ​នៅពេល​រសៀល​។ នៅពេល​សម្រាក​ថ្ងៃត្រង់ ខ្ញុំ និង​កូនសិស្ស​បាន​ទៅ​រោង​បាយ សហករណ៍​រួម​ដើម្បី​ហូបបាយ​។ បន្ទាប់ពី​បង្រៀន​រួចរាល់ ខ្ញុំ​ដឹកនាំ​កូនសិស្ស ថ្នាក់​ទី​១​ទៅ​ដាំ​ដំណាំ និង​ដើរ​ប្រមូល​លាមក​សត្វ​មក​ធ្វើ​ជី​។ ខ្ញុំ​បង្រៀន​កូនសិស្ស​ជា​រៀងរាល់ថ្ងៃ​។ នៅ​ឆ្នាំ​១៩៧៧ កម្មាភិបាល​ខ្មែរក្រហម​ភូមិភាគ​និរតី​ចូលមក​ដល់​ភូមិ និង​ចាប់ខ្លួន​កម្មាភិបាល​មូលដ្ឋាន​យកទៅ​សម្លាប់ចោល​។ ឪពុកមា​របស់ខ្ញុំ គឺ​សម​មិត្ត ជឿន ក៏ត្រូវ​កម្មាភិបាល​ខ្មែរក្រហម​មកពី​ភូមិភាគ​និរតី​ចាប់​យកទៅ​សម្លាប់​ទាំង​គ្រួសារ​។ នៅពេលដែល​កម្មាភិបាល​ខ្មែរក្រហម​មកពី​ភូមិភាគ​និរតី បន្ត​សម្លាប់​អ្នកភូមិ​កាន់តែ​ច្រើនឡើង អ្នកភូមិ​ខ្លះ​រត់​ចូលក្នុង​ព្រៃ​លើ​ភ្នំ​ហាន់ជ័យ​ដើម្បី​តស៊ូ​ប្រឆាំង​ជាមួយ​ខ្មែរក្រហម​ភូមិភាគ​និរតី​។ ខ្ញុំ​ដឹងថា ខ្មែរក្រហម​មកពី​ភូមិភាគ​និរតី ដាក់ឈ្មោះ​ឲ្យ​អ្នកភូមិ​ដែល​រត់​ភៀសខ្លួន​ទៅ​ភ្នំ​ហាន់ជ័យ​ទាំងនោះ​ថា​ជា ក្រុម​ខ្មែរ​ស ដែល​ងើប​បះបោរ វាយឆ្មក់ ប្លន់ និង​សម្លាប់​កងឈ្លប ឬ​កម្មាភិបាល ខ្មែរក្រហម​ជា​ញឹកញាប់​។ នា​ថ្ងៃមួយ កងឈ្លប​ខ្មែរក្រហម​មក​ហៅ​ខ្ញុំ​យកទៅ​សម្លាប់ចោល​នៅក្រោយ​ភូមិ​។ ខ្ញុំ​ត្រូវ​ចាប់ចង​ស្លាបសេក និង​ដឹក​យកទៅដាក់​នៅក្បែរ​រណ្ដៅ​កប់​សាកសព​។ តែ​ជា​កុសលផល​បុណ្យ កងឈ្លប​ខ្មែរក្រហម​បាន​ដោះលែង​ខ្ញុំ​វិញ​។​»

ងឿ​ម វិច្ឆិកា គរុ​សិស្ស​ឆ្នាំ​ទី​១​នៃ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ខេត្តកំពង់ចាម ក្រោកឈរ​សួរ​សំនួរ​អំពី​ឈ្មោះ​បដិវត្តន៍ និង​របប​អាហារ​ក្នុង​របប ខ្មែរក្រហម​ទៅកាន់ តុង ស៊ីថា​ត ក្នុង​វេទិកា​វេទិកា​អន្តរ​ជំនាន់​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​នៅ​ការិយាល័យ​ស្រាវជ្រាវ និង​បណ្ណាល័យ​ឯកសារ​ខ្មែរក្រហម ខេត្តកំពង់ចាម (​ទូច វ​ណ្ណេ​ត​/ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

បន្ទាប់ពី​ការចែករំលែក​រឿងរ៉ាវ​ជីវិត ជា​គ្រូបង្រៀន​ថ្នាក់​ទី​១​ក្នុង​របប​ខ្មែរក្រហម គរុ​សិស្ស​ចូលរួម​ទាំងអស់​បាន​ស្ដាប់​យ៉ាង​យកចិត្តទុកដាក់ និង​ចោទសួរ​សំណួរ​ទៅកាន់ ស៊ីថា​ត ដូចខាងក្រោម​៖ ទី​១) តើ​អ៊ំស្រី​ហូបចុក​គ្រប់គ្រាន់​ដែរឬទេ​? តើ​អ៊ំស្រី​មានឈ្មោះ​បដិវត្តន៍​ដែរឬទេ​? ទី​២) តើ​អ៊ំស្រី​បង្រៀន​អ្វីខ្លះ​ដល់​កូនសិស្ស​នាពេលនោះ​? ទី​៣) ខ្មែរក្រហម​ដាក់​គោលដៅ​សម្លាប់​អ្នកមានចំណេះដឹង តើ​មូល​ហេតុអ្វី​បានជា​ខ្មែរក្រហម​មិនបាន​ចាប់​អ៊ំស្រី និង​បាន​ចាត់តាំង​អ៊ំស្រី​បង្រៀន​កូន​ប្រជាជន​មូលដ្ឋាន​ទៅវិញ​? ទី​៤) តើ​ការបង្រៀន​កូនសិស្ស​នៅពេលនោះ​ដូចម្ដេច​ដែល​? ទី​៥) តើ​ស្រូវ​អង្ករ​ត្រូវបាន​ដឹកយក​ទៅណា ខណៈពេលដែល​ប្រជាជន​គ្មាន​បាយ​ហូប​គ្រប់គ្រាន់​? បន្ទាប់ពី​ការ​សួរ​សំណួរ​បញ្ចប់ ក្រុមការងារ​របស់​ម​ជ្ឈ​មណ្ឌល​ឯកសារ​ខេត្តកំពង់ចាម​បាន​ចាក់ បញ្ចាំង​វីដេអូ​ឯកសារ ចំណងជើង​ថា «​ផ្លូវ​ដ៏​វែងឆ្ងាយ​ទៅកាន់​ការអប់រំ​» ដែល​បង្ហាញ​អំពី​ដំណើរ​របស់ ប្រជាជន​កម្ពុជា ចេញពី​អតីតកាល​ខ្មៅ​ងងឹត មកកាន់​បច្ចុប្បន្នកាល​។ ប្រទេស​កម្ពុជា​ត្រូវបាន​ញាំញី ដោយ​សង្គ្រាម អំពើ​ប្រល័យពូជសាសន៍ និង​ភាពខ្វះខាត​ក្រៃលែង​។ នៅ​ចន្លោះ​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩ របប​ខ្មែរក្រហម​បាន​បំបាត់​ស្ថាប័ន​នានា​ជាច្រើន​របស់​ប្រទេស​កម្ពុជា​។ ការអប់រំ ទទួលរង​ការខូចខាត ហើយ​ផលប៉ះពាល់​ពី​របប​នេះ នៅតែ​បន្សល់​មកដល់​ពេលបច្ចុប្បន្ន​។ ជា​ចុងបញ្ចប់ គរុ​សិស្ស​ចូលរួម​ទទួលបាន​សៀវភៅ ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជា​ធិ​ប​តយ្យ (​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩) បោះពុម្ព​លើក​ទី​២ ដើម្បី​រក្សា​ទុកជា​ឯកសារ​ផ្ទាល់ខ្លួន និង​ស្វែងយល់​បន្ថែមទៀត​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​៕សរន

គរុ​សិស្ស​នៃ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ខេត្តកំពង់ចាម កំពុង​ស្ដាប់​ការនិយាយ​ប្រាប់​អំពី​រឿងរ៉ាវ​ជីវិត​របស់ តុង ស៊ីថា​ត អតីត​គ្រូបង្រៀន​ថ្នាក់​ទី​១​ក្នុង​របប​ខ្មែរក្រហម និង​ជា​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម នៅ​ការិយាល័យ​ស្រាវជ្រាវ និង​បណ្ណាល័យ​ឯកសារ​ខ្មែរក្រហម ខេត្តកំពង់ចាម (​ទូច វ​ណ្ណេ​ត​/ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​គរុ​សិស្ស​ឆ្នាំ​ទី​១​នៃ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ខេត្តកំពង់ចាម នៅ​មជ្ឈមណ្ឌល​ឯកសារ​កោះ​ថ្ម​កាលពី​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២២(​ទូច វ​ណ្ណេ​ត​/ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)