ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ កាលពីថ្ងៃចន្ទទី១៣មិថុនា សហរដ្ឋអាម៉េរិកនិងកូរ៉េខាងត្បូងបានព្រមានអំពីការឆ្លើយតបរហ័ស ប្រសិនបើកូរ៉េខាងជើងសាកល្បងអាវុធនុយក្លេអ៊ែរ រួមទាំងការកែសម្រួលផ្នែកយោធារបស់សហរដ្ឋអាម៉េរិក ប៉ុន្តែជាថ្មីម្តងទៀតបានផ្តល់ជូនការពិភាក្សាជាច្រកចេញពីភាពតានតឹង។

សម្ពន្ធមិត្តទាំងពីរបាននិយាយថា កូរ៉េខាងជើងអាចនឹងសាកល្បងអាវុធនុយក្លេអ៊ែរលើកដំបូងរបស់ខ្លួនគ្រប់ពេល ចាប់តាំងពីឆ្នាំ ២០១៧ បន្ទាប់ពីភាពតានតឹងកើនឡើងជាច្រើនខែរួមទាំងការសាកល្បងមីស៊ីលនិងការបដិសេធរបស់ទីក្រុងព្យុងយ៉ាងចំពោះសំណើសុំដោះស្រាយគ្នាពីរដ្ឋបាលរបស់ប្រធានាធិបតី ចូ បៃដិន។

លោកប្លីងកិនចាប់ដៃលោកផាក ជីន ក្រោយសន្និសីទកាសែតនៅទីក្រុងវ៉ាស៊ីនតោន

ក្នុងជំនួបជាមួយសមភាគីកូរ៉េខាងត្បូង រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក អានថូនី ប្លីងកិន បាននិយាយថា សហរដ្ឋអាម៉េរិកកំពុងធ្វើការជាមួយសម្ពន្ធមិត្តនៅទីក្រុងតូក្យូនិងទីក្រុងសេអ៊ូល “ដើម្បីអាចឆ្លើយតបបានយ៉ាងឆាប់រហ័ស ប្រសិនបើកូរ៉េខាងជើងបន្តការសាកល្បងបែបនេះ”។

លោកបាននិយាយថា “ហើយយើងនឹងត្រៀមខ្លួនដើម្បីធ្វើការកែតម្រូវទាំងរយៈពេលខ្លីនិងរយៈពេលវែងចំពោះឥរិយាបថយោធារបស់យើងតាមការសមស្រប”។

“ដរាបណារបបនៅទីក្រុងព្យុងយ៉ាងផ្លាស់ប្តូរទិសដៅ យើងនឹងបន្តរក្សាការដាក់សម្ពាធ”។

ប៉ុន្តែលោកប្លីងកិនបានបញ្ជាក់ជាថ្មីថា សហរដ្ឋអាម៉េរិកមិនមាន “ចេតនាអរិភាព” ចំពោះកូរ៉េខាងជើងទេ។

លោកប្លីងកិនបន្តថា “យើងនឹងបន្តទាក់ទងទៅកូរ៉េខាងជើង។ យើងប្តេជ្ញាបន្តវិធីសាស្រ្តការទូត”។

ទាំងលោកប្លីងកិននិងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោក ផាក ជីន (Park Jin) បាននិយាយថា រដ្ឋាភិបាលរបស់ពួកគេបានត្រៀមខ្លួនរួចជាស្រេចក្នុងការចរចាជាមួយទីក្រុងព្យុងយ៉ាង “ដោយគ្មានបុរេលក្ខខណ្ឌ”៕