ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អ្នកនាំពាក្យរដ្ឋាភិបាលលោក លីអូនែល ប៊ីលហ្គោ (Lionel Bilgo) បាននិយាយកាលពីថ្ងៃចន្ទទី១៣មិថុនាថា យ៉ាងហោចណាស់ជនស៊ីវិល ៥០ នាក់បានស្លាប់នៅក្នុងការវាយប្រហារមួយដោយក្រុមសង្ស័យជីហាតនៅភាគខាងជើងប្រទេសបួគីណាហ្វាសូ ដែលជាការប៉ះទង្គិចគ្នាយ៉ាងបង្ហូរឈាមបំផុតចាប់តាំងពីរដ្ឋប្រហារយោធាកាលពីខែមករា។

លោកប៊ីលហ្គោបាននិយាយថា “រហូតមកទល់ពេលនេះ កងទ័ពបានរកឃើញសាកសពចំនួន ៥០” បន្ទាប់ពីភូមិសីថេនហ្គា (Seytenga) ត្រូវបានវាយប្រហារពេញមួយយប់ថ្ងៃសៅរ៍ ដោយបន្ថែមថា ចំនួនអ្នកស្លាប់ “អាចនឹងកើនឡើងទៀត”។

លោកប៊ីលហ្គោបានប្រាប់សន្និសីទសារព័ត៌មានមួយថា “សាច់ញាតិ (ជនរងគ្រោះ) បានត្រឡប់ទៅភូមិសីថេនហ្គា ហើយប្រហែលជាបានយកសាកសពទៅឆ្ងាយ”។

សហភាព​អឺរ៉ុប​បាន​និយាយ​ថា ការ​វាយ​ប្រហារ​នេះ​ប្រហែល​ជា​បណ្តាលឱ្យស្លាប់ “ជន​ស៊ីវិល​ជាង ១០០ នាក់”។

សហភាពអឺរ៉ុបថ្កោលទោសឧបទ្ទវហេតុនេះ ដោយអំពាវនាវឱ្យ “លាតត្រដាងមូលហេតុនៃការសម្លាប់នេះ”។

ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក យ៉ូសេប បូរែល (Josep Borrell) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “វិធីសាស្រ្តប្រើប្រាស់ដោយក្រុមភេរវករដែលធ្វើការវាយប្រហារនេះ ពោលគឺការប្រហារជីវិតជាប្រព័ន្ធលើមនុស្សដែលពួកគេពើបប្រទះនៅក្នុងភូមិ គឺ គួរឱ្យរន្ធត់ណាស់”។

ភូមិសីថេនហ្គាគឺជាកន្លែងនៃការប្រយុទ្ធបង្ហូរឈាមគ្នាយ៉ាងសាហាវកាលពីសប្តាហ៍មុន។

 

 

ភូមិសីថេនហ្គាគឺជាកន្លែងនៃការប្រយុទ្ធបង្ហូរឈាមគ្នាយ៉ាងសាហាវកាលពីសប្តាហ៍មុន

កងអាវុធហត្ថ ១១ នាក់ត្រូវបានសម្លាប់កាលពីថ្ងៃព្រហស្បតិ៍ ដោយជំរុញឱ្យមានប្រតិបត្តិការយោធា ដែលកងទ័ពនិយាយថាបាននាំឱ្យមានការស្លាប់ពួកជីហាតប្រហែល ៤០ នាក់។

លោកប៊ីលហ្គោបាននិយាយថា “ការបង្ហូរឈាម (កាលពីចុងសប្តាហ៍) បណ្តាលមកពីការសងសឹកចំពោះសកម្មភាពរបស់កងទ័ព។ ប្រទេសនេះកំពុង​រង​ការវាយប្រហារ ប៉ុន្តែ​កងទ័ព​កំពុង​បំពេញ​ការងារ​របស់​ខ្លួន”។

អង្គការមនុស្សធម៌ក្នុងតំបន់បាននិយាយថា មនុស្សប្រហែល ៣.០០០ នាក់កំពុងស្នាក់នៅក្នុងទីក្រុងជិតខាង បន្ទាប់ពីបានភៀសខ្លួនចេញពីភូមិនោះ៕